ប្រទេសស៊ូដង់៖ ជនភៀសខ្លួន ៩នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា បន្ទាប់ពីដ្រូនបានវាយប្រហារលើជនស៊ីវិលមួយក្រុមនៅរដ្ឋប្លូ នីល (Blue Nile) ភាគអាគ្នេយ៍នៃប្រទេសស៊ូដង់ នេះបើតាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ម្នាក់។ លោក អាបដែល អេធី មូហាមិដ អាល ហ្វាគី (Abdel Ati Mohamed al-Faki) ស្នងការខេត្ត កួមួក (Kurmuk) បានប្រាប់សារព័ត៌មាន Xinhua តាមទូរស័ព្ទថា ការវាយប្រហារនេះបានកើតឡើង ខណៈដែលជនភៀសខ្លួនមួយក្រុមកំពុងធ្វើដំណើរចេញពីភូមិបានី ស្ហាកូ (Bani Shako)នៅក្នុងតំបន់កួមូក (Kurmuk) ឆ្ពោះទៅកាន់តំបន់ដាម៉ាហ្ស៊ីន (Damazin) រដ្ឋធានី ប្លូ នីល (Blue Nile)។ លោកបានចោទប្រកាន់ថា ការវាយប្រហារនេះធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាក្រុមសកម្មប្រយុទ្ធប៉ារ៉ាមីលីតា។
ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ថា (SAF) បានបង្កើនប្រតិបត្តិការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងរបស់កងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយសម្ព័ន្ធមិត្តរបស់ពួកខ្លួន គឺចលនារំដោះប្រជាជនស៊ូដង់ខាងជើង នៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋនេះ នេះបើយោងតាមប្រភពយោធាស៊ូដង់មួយរូប។ ការវាយប្រហារដោយដ្រូនទៅលើការប្រមូលផ្តុំរបស់អ្នកតាំងលំនៅ និងអ្នកភូមិជាច្រើននៅក្នុងតំបន់កួមួក បានកើនឡើងកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានខែមកនេះ ដែលបណ្តាលឱ្យជនស៊ីវិលរបួស និងស្លាប់ ព្រមទាំងបង្កឲ្យមានមនុស្សជាច្រើនផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ដាម៉ាហ្ស៊ីន (Damazin)។ ប្រទេសស៊ូដង់បានធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ មក ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងមនុស្សរាប់លាននាក់ត្រូវភៀសខ្លួននៅក្នុងប្រទេស និងឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសដ៏ទៃទៀត៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦










