ប្រទេសប៉ាគីស្ថាន៖ យោងតាមប្រភពសន្តិសុខបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាកងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ២៧នាក់ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅក្នុងស្រុកម៉ាស្តាំងនៃខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។ ប្រភពដដែលបានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជា ២ដំណាក់កាលនៅក្នុងជ្រលងភ្នំការ៉ាម (Karam Valley) ដោយក្នុងដំណាក់កាលទីមួយ ក្រុមសកម្មប្រយុទ្ធ ១៥នាក់ត្រូវបានសម្លាប់ ខណៈក្នុងដំណាក់កាលទី២ មានក្រុមសកម្មប្រយុទ្ធ ១២នាក់ផ្សេងទៀតត្រូវបានសម្លាប់។ បើយោងតាមប្រភព នៅក្នុងប្រតិបត្តិការនេះ ក៏មានមេបញ្ជាការក្រុមសកម្មប្រយុទ្ធក្នុងតំបន់ម្នាក់ រួមទាំងសហការីរបស់គេត្រូវបានសម្លាប់ផងដែរ ។ កងកម្លាំងសន្តិសុខបានរឹបអូសអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនពីទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦










