Saturday, October 31, 2026

សមាជិកក្រុមមេរោគជម្រិតប្រាក់ Nefilim និង Hive ត្រូវកាត់ទោសជាប់ពន្ធនាគារ ៧០ខែ

0

ជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ Artem Aleksandrovych Stryzhak អាយុ ៣៥ ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧០ខែ ដោយសារគាត់មានតួនាទីក្នុងការវាយប្រហារតាមមេរោគជម្រិតប្រាក់ (Ransomware) របស់ក្រុម Nefilim និង Hive។ការវាយប្រហារទាំងនេះបានកំណត់គោលដៅលើមន្ទីរពេទ្យ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនធំៗដែលមានប្រាក់ចំណូលខ្ពស់នៅទូទាំងពិភពលោកក្នុងចន្លោះឆ្នាំ២០១៨ ដល់ ២០២១។

គាត់ត្រូវបានអាជ្ញាធរចាប់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងខែមិថុនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។លោក Brett Leatherman នាយកប្រតិបត្តិការផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ FBI បាននិយាយថា ក្រុមមេរោគទារប្រាក់ទាំងនេះបានរំខានដល់ការថែទាំអ្នកជំងឺ និងបង្កការខាតបង់ទឹកប្រាក់ជាង ១០០ លានដុល្លារ។

យោងតាមឯកសារតុលាការ ចាប់ពីខែមិថុនា ឆ្នាំ២០២១ លោក Stryzhak បានបង់ប្រាក់ចំនួន ២០% នៃប្រាក់លោះសរុបដែលប្រមូលបាន ដើម្បីទទួលបានសិទ្ធិប្រើប្រាស់មេរោគជម្រិតប្រាក់ Nefilim ដែលត្រូវបានបង្កើតឡើងតាមតម្រូវការ និងកូដឌីគ្រីប (Decryption Keys)។លោកបានចូលរួមជាមួយក្រុម Nefilim រហូតដល់ខែតុលា ឆ្នាំ២០២១ ដោយប្រើមេរោគនេះវាយប្រហារក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ១០០ លានដុល្លារ។ ក្រោយមក អ្នកគ្រប់គ្រងម្នាក់របស់ក្រុម Nefilim បានណែនាំឱ្យគាត់ផ្តោតលើក្រុមហ៊ុនធំៗដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ២០០ លានដុល្លារ។

Nefilim ransom note

ដើម្បីដាក់សម្ពាធឱ្យជនរងគ្រោះបង់ប្រាក់លោះ ប្រតិបត្តិការមេរោគទារប្រាក់នេះក៏បានគំរាមបញ្ចេញទិន្នន័យដែលបានលួចក្នុងអំឡុងពេលវាយប្រហារ នៅលើគេហទំព័រ «Corporate Leaks» ក្នុងបណ្តាញងងឹត (Dark Web) ដែលគ្រប់គ្រងដោយអ្នកគ្រប់គ្រងក្រុម Nefilim ផងដែរ ប្រសិនបើជនរងគ្រោះមិនព្រមបង់ប្រាក់តាមការទាមទារ។

នៅខែធ្នូ ឆ្នាំ២០២៥ លោក Stryzhak បានសារភាពកំហុសចំពោះបទចោទប្រកាន់ពាក់ព័ន្ធនឹងការរួមគំនិតប្រព្រឹត្តការក្លែងបន្លំតាមប្រព័ន្ធកុំព្យូទ័រ ដែលទាក់ទងនឹងការវាយប្រហារលើក្រុមហ៊ុននៅសហរដ្ឋអាមេរិក ន័រវែស បារាំង ស្វីស អាល្លឺម៉ង់ និងហូឡង់។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ប្រាក់រង្វាន់រហូតដល់ ១១ លានដុល្លារ សម្រាប់ព័ត៌មានដែលអាចនាំទៅដល់ការចាប់ខ្លួន ឬកាត់ទោសជនជាតិអ៊ុយក្រែនឈ្មោះ Volodymyr Tymoshchuk ដែលត្រូវបានចោទប្រកាន់ថាជាបក្ខពួករបស់ Stryzhak ដែលកំពុងគេចខ្លួន។

Tymoshchuk ស្ថិតក្នុងបញ្ជីជនដែលត្រូវការចាប់ខ្លួនបំផុតរបស់សហភាពអឺរ៉ុប និង FBI។ កាលពីខែកញ្ញា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់គាត់ពីតួនាទីជាអ្នកគ្រប់គ្រងក្រុមមេរោគជម្រិតទារប្រាក់ LockerGoga, MegaCortex និង Nefilim។

គាត់ក៏ត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធនឹងការវាយប្រហារដែលបង្កការខូចខាតរាប់លានដុល្លារដល់ក្រុមហ៊ុនរាប់រយនៅទូទាំងពិភពលោក ចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២១។

https://www.bleepingcomputer.com/news/security/nefilim-and-hive-ransomware-affiliate-gets-70-months-in-prison/

ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here