ជនជាតិរុស្ស៊ី ២រូបបានសារភាពថា មានពាក់ព័ន្ធជាមួយនឹងការវាយប្រហារមេរោគចាប់ជម្រិត LockBit និងមានគោលដៅលើជនរងគ្រោះនៅទូទាំងពិភពលោក រួមមានអាមេរិកផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ជនជាតិរុស្ស៊ីឈ្មោះ Ruslan Magomedocich Astamirov និងជនជាតិរុស្ស៊ី/កាណាដាឈ្មោះ Mikhail Vasiliev ជាឧក្រិដ្ឋជនរបស់ប្រតិបត្តិការ LockBit’s Ransomware-as-a-service។ ជនល្មើស Vasiliev និង Astamirov ដែលជាកូនក្រុមរបស់ក្រុមមេរោគចាប់ជម្រិត LockBit បានកំណត់ និងលួចចូលទៅក្នុងប្រព័ន្ធដែលងាយរងគ្រោះរបស់បណ្តាញណិតវើក ដើម្បីលួចទិន្នន័យសម្ងាត់ និងដាក់ពង្រាយមេរោគក្នុងគោលបំណងក្នុងការអ៊ីនគ្រីបឯកសាររបស់ជនរងគ្រោះ ។
ជនល្មើសទាំងពីររូបបានទាមទារប្រាក់ពីជនរងគ្រោះ ដើម្បីប្តូរនឹងការលុបឯកសារសម្ងាត់ មិនបើកចំហទិន្នន័យអនឡាញដែលបានលួច និងធ្វើការឌីគ្រីបឯកសាររបស់ជនរងគ្រោះវិញ។ ប្រសិនបើ ជនរងគ្រោះមិនព្រមបង់ប្រាក់លោះនោះទេ ក្រុម LockBit នឹងទម្លាយទិន្នន័យរបស់ជនរងគ្រោះដែលបានអ៊ីនគ្រីប និងបោះផ្សាយជាសាធារណៈនៅលើគេហទំព័រទីផ្សារងងឹត។ យោងតាមឯកសារតុលាការ ជនល្មើស Astamirov (aka BETTERPAY, Offtitan, និង Eastfarmer) បានដាក់ពង្រាយមេរោគ LockBit នៅចន្លោះឆ្នាំ២០២០ និង២០២៣ នៅលើជនរងគ្រោះមួយចំនួនរួមមាន អាជីវកម្មនៅតំបន់ Virginia ប្រទេសជប៉ុន បារាំង ស្កុតលែន និងកេនយ៉ា ជាដើមដើម្បីប្រមូលប្រាក់ចាប់ជម្រិតមិនតិចជាង ១,៩លានដុល្លារទេ។ នៅចន្លោះឆ្នាំ២០២១ និង២០២៣ ជនល្មើស Vasiliev (aka Ghostrider, Free, Digitalocean90, Digitalocean99, Digitalwaters99, និង Newwave110) ក៏បានប្រើមេរោគចាប់ជម្រិត LockBit នៅក្នុងការវាយប្រហារមិនតិចជាង ១២លើក ដើម្បីប្រឆាំងនឹងជនរងគ្រោះទូទាំងពិភពលោករួមមានអាជីវកម្មនៅក្នុងរដ្ឋ New Jersey រដ្ឋ Michigan ចក្រភពអង់គ្លេស និងប្រទេសស្វីស បានបណ្តាលឱ្យមានការខាតបង់ប្រាក់មិនតិចជាង ៥០០ពាន់ដុល្លារទេ បើយោងតាមស្ថាប័នច្បាប់ Guilty Plea។ ជនល្មើស Astamirov ត្រូវបានចាប់ខ្លួនៅរដ្ឋ Arizona កាលពីខែមិថុនា ឆ្នាំ២០២៣ និងជាប់ចោទពីបទដាក់ពង្រាយមេរោគ LockBit។ ជនល្មើស Vasiliev ត្រូវបានបញ្ជូនទៅប្រទេសអាមេរិក កាលពីខែមិថុនា និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំពីបទពាក់ព័ន្ធនឹងប្រតិបត្តិការមេរោគចាប់ជម្រិត LockBit។ ខណៈពេលដែល ថ្ងៃកាត់ទោសមិនទាន់បានកំណត់ ជនល្មើស Astamirov អាចប្រឈមនឹងទោសជាប់ពន្ធនាគារដល់ទៅ ២៥ឆ្នាំ រីឯជនល្មើស Vasiliev អាចជាប់ពន្ធនាគាររយៈពេល ៤៥ឆ្នាំ។
សមាជិកមេរោគចាប់ជម្រិតចំនួន ៦រូបផ្សេងទៀតរបស់ក្រុម LockBit ត្រូវបានចោទប្រកាន់នៅអាមេរិក៖ ការចោទប្រកាន់ និងការចាប់ខ្លួនក្រុមមេរោគចាប់ជម្រិត LockBit កាលពីមុនរួមមាន Mikhail Pavlovich Matveev (aka Wazawaka) កាលពីឧសភា ឆ្នាំ២០២៣ Artur Sungatov និង Ivan Gennadievich Kondratiev (aka Bassterlord) កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ព្រមទាំង Dmitry Yuryevich Khoroshev (aka LockBitSupp and Putinkrab) កាលពីខែឧសភា ឆ្នាំ២០២៤។ ក្រុម LockBit បង្ហាញមុខកាលពីខែកញ្ញា ឆ្នាំ២០១៩ ខណៈពេលដែលស្ថាប័ន ABCD បានលើកឡើងពីការពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹងក្រុមហ៊ុនល្បីៗជាច្រើនរួមមានក្រុមហ៊ុន Boeing, Continental Automotive Giant, Ank of America, Italian Internal Revenue Serive និង UK Royal Mail។ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តច្បាប់បានដាក់ចេញប្រតិបត្តិការបង្ក្រាបហេដ្ឋារចនាសម្ព័ន្ធ LockBit និងរឹបអូសបានម៉ាស៊ីនមេចំនួន ៣៤គ្រឿង។ ម៉ាស៊ីនមេទាំងនេះរួមមាន 2,500 Encrypted Key ដែលត្រូវបានប្រើសម្រាប់បង្កើត Free LockBit 3.0 Black Ransomware Decrytor។ ក្រសួងយុត្តិធម៌អាមេរិក និងទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេសបានវាយតម្លៃថា ក្រុមចាប់ជម្រិតបានជម្រិតទារប្រាក់នៅចន្លោះពី ៥០០លាន ទៅ១ពាន់លានដុល្លារនៅក្នុងការវាយប្រហារប្រមាណជា ៧ពាន់លើក នៅចន្លោះខែមិថុនា ឆ្នាំ២០២២ និងខែកុម្ភៈ ឆ្នាំ២០២៤។ ទោះជាយ៉ាងណា ក្រុម LockBit នៅតែបន្តសកម្មភាព និងបានផ្លាស់ទីទៅកាន់ម៉ាស៊ីនមេថ្មី ធ្វើការនៅលើ Dark Web Domains ហើយបានបន្តទៅកាន់ជនរងគ្រោះជាគោលដៅ ព្រមទាំងបានបើកចំហទិន្នន័យជាច្រើនទាំងចាស់និងថ្មី បន្ទាប់ពីការបង្រ្កាបរបស់អាជ្ញាធរអាមេរិក និងអង់គ្លេសនាពេលថ្មីៗនេះ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤