ហេគឃ័រជាប់ពាក់ព័ន្ធនឹងការបន្លំប្រាក់គ្រីបតូ Holograph ១៤លានដុល្លារត្រូវបានចាប់ខ្លួននៅអ៊ីតាលី

0

ជនល្មើសនៅពីក្រោយការគេងបន្លំប្រាក់ ១៤លានដុល្លារនៃប្រាក់គ្រីបតូរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Blockchain ឈ្មោះ Holograph ត្រូវបានឃាត់ខ្លួននៅប្រទេសអ៊ីតាលី បន្ទាប់ពីរស់នៅក្នុងជីវភាពឡូយឆាយអស់រយៈពេលជាច្រើនសប្តាហ៍។

បន្ទាប់ពីការប្រកាសនៅចុងសប្តាហ៍ដោយកងកម្លាំងប៉ូលីសជាតិប្រទេសអ៊ីតាលី (Polizia di Stato) ជនសង្ស័យចំនួន ៤រូបនៃឧក្រិដ្ឋកម្មសាយប័រ និងការលាងលុយកំពុងតែរស់នៅក្នុងជីវិតដ៏សម្បូរបែបនៅក្នុងទីក្រុង Salerno។ ក្រុមហ៊ុន Holograph គឺជាផ្លេតហ្វមប្តូររូបិយប័ណ្ណគ្រីបតូដែលមានមូលដ្ឋាននៅលើកោះ Cayman និង Web3 Platform ដែលដំណើរការអន្តរប្រតិបត្តិការនៅទូទាំងប្រព័ន្ធអេកូ Blockchain។

កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Platform ខាងលើនេះបានប្រកាសថា ជនខិលខូចបានកេងចំណេញលើបញ្ហា Smart Contract ដែលបណ្តាលឱ្យហេគឃ័រអាចសម្របសម្រួល (Mint) តាមចិត្តប្រមាណជា ១ពាន់លាន HLG (Holograph), Holograph’s Own Token និងដកប្រាក់ដោយប្រតិបត្តិការចំនួន៩ ។ នៅពេល Token  មានតម្លៃ ១៤លានដុល្លារ បន្ទាប់ពីនោះប៉ុន្មានម៉ោង តម្លៃរបស់វាបានធ្លាក់ចុះជាង ៨០%។ Holograph បានបញ្ជាក់ថា ការហេគត្រូវបានធ្វើឡើងដោយអតីតអ្នកចុះកុងត្រាបច្ចេកវិទ្យា និងអ្នកអភិវឌ្ឍជាមួយនឹងចំណេះដឹងខាងក្នុងនៃមុខងាររបស់ Protocol។

ការចាប់ខ្លួន និងការរឹបអូស៖ ការអនុវត្តច្បាប់ដោយមានការសហការជាមួយប៉ូលីសជាតិបារាំង បានតាមដានក្រុមឧក្រិដ្ឋជនសង្ស័យអស់រយៈពេលជាច្រើនសប្តាហ៍ និងបានសង្កេតឃើញថាពួកគេរស់នៅក្នុងជីវិតបែបទំនើបនៅក្នុងប្រទេសអ៊ីតាលី។ ដីកាចាប់ខ្លួនរបស់អង្គការសន្តិសុខអឺរ៉ុបបាននាំដល់ការចាប់ខ្លួនជនសង្ស័យចំនួន ២រូបក្នុងចំណោម ៤រូប ដែលបច្ចុប្បន្នត្រូវបានឃុំឃាំងនៅពន្ធនាគារទីក្រុង Salerno និងរង់ចាំបញ្ជូនខ្លួនទៅប្រទេសបារាំង។ ជនសង្ស័យ ២រូបទៀតត្រូវបានស៊ើបអង្កេត ប៉ុន្តែនៅមានសេរីភាពនៅឡើយ។ ប្រតិបត្តិការប៉ូលីសក៏បានរឹបអូសសោឯកជន (Private Keys) កូដ (Codes), Ledger Keys និងឧបករណ៍អេឡិចត្រូនិកផ្សេងៗនៃកាបូបប្រាក់គ្រីបតូដែលត្រូវបានរកឃើញនៅក្នុងការគ្រប់គ្រងរបស់ឧក្រិដ្ឋជនសាយប័រ ដែលត្រូវពិនិត្យរកភស្តុតាង និងជួយដល់ការស៊ើបអង្កេត។

ប្រាក់លួចដែលនៅសល់នឹងត្រូវបានប្រគល់ត្រលប់ទៅក្រុមហ៊ុន Holograph វិញ ហើយអាជ្ញាធរមានសិទ្ធិចូលទៅកាន់កាបូបប្រាក់គ្រីបតូ ដែលរក្សាទុកប្រាក់ចំណូល។ បន្ទាប់ពីព័ត៌មាននៃការចាប់ខ្លួននេះ តម្លៃ HLG បានស្ទុះងើបឡើងវិញ ២៨,៣% ក្នុងរយៈពេល ២៤ម៉ោង និង៥៩,៤% កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃបច្ចុប្បន្នរបស់វានៅតែទាបជាងកម្រិតមុនការហេគនៅឡើយ៕

https://www.bleepingcomputer.com/news/legal/hackers-linked-to-14m-holograph-crypto-heist-arrested-in-italy/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here