ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តវះកាត់បេះដូងឈានមុខគេ Artivion បានបង្ហាញថា កាលពីពាក់កណ្តាលខែវិច្ឆិកា មានវាយប្រហារដោយមេរោគចាប់ជម្រិត Ransomware បានរំខានដល់ប្រតិបត្តិការរបស់ខ្លួន និងបានបង្ខំឱ្យក្រុមហ៊ុនងាកទៅប្រើប្រព័ន្ធ Offline វិញ។
ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Atlanta មានបុគ្គលិកជាង ១,២៥០នាក់នៅទូទាំងពិភពលោក និងមានតំណាងលក់នៅក្នុងប្រទេសមិនតិចជាង ១០០កន្លែងទេ។ ក្រុមហ៊ុនក៏បានដំណើរការរោងចក្រនៅក្នុងទីក្រុង Atlanta, Georgia, Austin ទីក្រុង Texas នៃសហរដ្ឋអាមេរិក និងទីក្រុង Hechingen នៃប្រទេសអាឡឺម៉ង់។ ក្រុមហ៊ុនបានបង្ហាញកាលពីថ្ងៃចន្ទថា វិធានការឆ្លើយតបរបស់ក្រុមហ៊ុន Artivion រួមមានទាញប្រព័ន្ធជាក់លាក់របស់ខ្លួនទៅប្រើ Offline និងចាប់ផ្តើមធ្វើការស៊ើបអង្កេត ព្រមទាំងបានទាក់ទងទៅទីប្រឹក្សាខាងក្រៅរួមមានអ្នកជំនាញផ្នែកច្បាប់ សន្តិសុខសាយប័រ ដើម្បីកោសល្យវិច្ច័យ វាយតម្លៃ ទប់ស្កាត់ និងដោះស្រាយឧប្បត្តិហេតុ។
ខណៈពេលដែលក្រុមហ៊ុន Artivion មិនបានបញ្ជាក់ពីមេរោគចាប់ជម្រិតនៅក្នុងឯកសារគណៈកម្មការមូលបត្រ និងសន្តិសុខ (SEC) ក្រុមហ៊ុនបានបង្ហាញថា ហេគឃ័របានធ្វើការអ៊ីនគ្រីបប្រព័ន្ធរបស់ខ្លួន និងបានលួចទិន្នន័យចេញពីប្រព័ន្ធដែលត្រូវបានវាយប្រហារ និងគ្រប់គ្រង។ ក្រុមហ៊ុនបានបន្ថែមថា ឧប្បត្តិហេតុមានពាក់ព័ន្ធនឹងការទិញយក និងការអ៊ីនគ្រីបឯកសារ។ ក្រុមហ៊ុនកំពុងតែស្តារប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស និងវាយតម្លៃលើរាល់ការជូនដំណឹង (Notifications) ទាំងអស់។ ក្រុមហ៊ុនបន្តថា ការរំខានប្រតិបត្តិការសាជីវកម្ម ដំណើរការបញ្ជាទិញ និងការដឹកជញ្ជូនត្រូវបានដោះស្រាយ និងថាការធានារ៉ាប់រងនឹងគ្របដណ្តប់លើការចំណាយដែលទាក់ទងនឹងការឆ្លើយតបទៅនឹងឧប្បត្តិហេតុ។ ទោះជាយ៉ាងណា ក្រុមហ៊ុនជឿជាក់ថា ខ្លួននឹងត្រូវចំណាយបន្ថែម ទៅលើអ្វីដែលមិនត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង។ បើទោះជា គ្មានប្រតិបត្តិការមេរោគចាប់ជម្រិតណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះក្តី រឿងនេះទំនងជាកើតឡើងប្រសិនបើការទាមទារថ្លៃលោះរបស់ហេគឃ័រមិនបានបញ្ជាក់នៅពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្ថាប័នផ្សេងនៅក្នុងវិស័យសុខាភិបាលអាមេរិកត្រូវបានវាយប្រហារដោយមេរោគចាប់ជម្រិត ជាមួយនឹងក្រុមឧក្រិដ្ឋកម្មសាយប័រ BianLian ដែលថ្លែងថាការវាយប្រហារសាយប័រលើមន្ទីរពេទ្យកុមារ Boston (BCHP) និងការគំរាមកំហែងទម្លាយឯកសារដែលបានលួច ប្រសិនបើមិនព្រមបង់ថ្លៃលោះ។ ការវាយប្រហារដោយមេរោគចាប់ជម្រិតក៏បានបង្ខំឱ្យប្រព័ន្ធសុខភាព UMC Health System ពន្យាពេលពិនិត្យអ្នកជម្ងឺមួយចំនួននៅក្នុងខែកញ្ញា។ កាលពីដើមខែនេះ Anna Jaques Hospital បានបញ្ជាក់ថា ការវាយប្រហារមេរោគចាប់ជម្រិតដែលខ្លួនបានទទួលរងកាលពីថ្ងៃចុងក្រោយនៃបុណ្យណូអែល គឺទិន្នន័យសុខភាពដ៏រសើបរបស់អ្នកជម្ងឺជាង ៣១០,០០០នាក់ ត្រូវបានលាតត្រដាង៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤