Ascension ជាប្រព័ន្ធសុខាភិបាលអាមេរិកមួយធំជាងគេ កំពុងតែជូនដំណឹងដល់អ្នកជម្ងឺមិនតិចជាង ៥,៦លាននាក់ និងបុគ្គលិកថា ទិន្នន័យផ្ទាល់ខ្លួន និងសុខភាពរបស់ពួកគេត្រូវបានលួចនៅក្នុងការវាយប្រហារកាលពីខែឧសភា ដែលទាក់ទងនឹងប្រតិបត្តិការមេរោគចាប់ជម្រិត Black Basta។
បណ្តាញណិតវើកសុខភាពបានរាយការណ៍ពីប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនប្រមាណ ២៨,៣ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងដំណើរការមន្ទីរពេទ្យចំនួន ១៤០កន្លែង និងកន្លែងថែទាំមនុស្សចាស់ចំនួន ៤០កន្លែងនៅទូទាំងសហរដ្ឋអាមេរិក។ ឥឡូវ ក្រុមហ៊ុនផ្ញើសារជូនដំណឹងពីការបំពានទៅកាន់បុគ្គលដែលរងផលប៉ះពាល់ចំនួន ៥,៥៩៩,៦៩៩នាក់តាមរយៈសេវាប្រៃសណីយ៍អាមេរិក។ ការចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ Ascension ក៏បានផ្តល់សេវាជូនអ្នករងផលប៉ះពាល់ចំនួន ២៤ខែនៃសេវាការពារចោរលួចអត្តសញ្ញាណ IDX ដែលរួមមានការត្រួតពិនិត្យ CyberScan និងគោលនយោបាយសំណងធានារ៉ាប់រង ១លានដុល្លារ។
Ascension ថ្លែងថា ខ្លួនបានជូនដំណឹងទៅកាន់ដៃគូអនុវត្តច្បាប់ និងរដ្ឋាភិបាលដូចជាទីភ្នាក់ងារ CISA និង FBI អំពីការបំពាន បន្ទាប់ពីរកឃើញការវាយប្រហារកាលពីដើមខែឧសភា។ Ascension បានបន្តថា នៅពេលរកឃើញសកម្មភាពលួចចូលដោយគ្មានការអនុញ្ញាត ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការស៊ើបអង្កេតជាមួយជំនួយការរបស់អ្នកជំនាញសន្តិសុខសាយប័រឈានមុខគេ។ តាមរយៈការស៊ើបអង្កេតនេះ ក្រុមហ៊ុនបានរកឃើញភស្តុតាងថា កាលពីដើមខែឧសភា ឧក្រិដ្ឋកម្មសាយប័របានរក្សាទុកច្បាប់ចម្លងនៃឯកសារដែលមានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជម្ងឺ និងសហការីរបស់ក្រុមហ៊ុន។
តាំងពីមានហេតុការណ៍បំពាន ការស៊ើបអង្កេតរបស់ Ascension បានបង្ហាញថា ឯកសារដែលត្រូវបានលួចមួយចំនួនមានផ្ទុកឈ្មោះ និងព័ត៌មានបុគ្គលិកនៅតារាងខាងក្រោម (ប្រភេទជាក់លាក់នៃចម្រុះភាពព័ត៌មានត្រូវបានបើកចំហពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត)៖
១. ព័ត៌មានវេជ្ជសាស្រ្តដូចជា លេខកំណត់ត្រាវេជ្ជសាស្រ្ត កាលបរិច្ឆេទនៃសេវា ប្រភេទនៃការធ្វើតេស្តមន្ទីរពិសោធន៍ ឬកូដដំណើរការធ្វើរោគវិនិច្ឆ័យ។
២. ព័ត៌មានអំពីការទូទាត់ដែលរួមបញ្ចូលព័ត៌មានកាតក្រេឌីត ឬលេខគណនីធនាគារ
៣. ព័ត៌មានធានារ៉ាប់រងដែលមានលេខសម្គាល់ Medicaid/Medicare IDs លេខកាតធានារ៉ាប់រង ឬការទាមទារធានារ៉ាប់រង
៤. ព័ត៌មានអត្តសញ្ញាណរបស់រដ្ឋាភិបាល រួមមានលេខសន្តិសុខសង្គម លេខអត្តសញ្ញាណពន្ធ (Tax Identification Numbers) លេខប័ណ្ណបើកបរ ឬលេខលិខិតឆ្លងដែន
៥. ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដូចជាថ្ងៃខែឆ្នាំកំណើត ឬអាសយដ្ឋាន
បន្ទាប់ពីឧប្បត្តិហេតុ Ascension បានបង្ហាញថា ការបើកទម្លាយរបស់មេរោគចាប់ជម្រិតបណ្តាលមកពីបុគ្គលិកបានដោនឡូតឯកសារមេរោគនៅលើឧបករណ៍របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនជឿជាក់ថា នេះទំនងជា “កំហុសដ៏ស្មោះត្រង់” ដោយសារតែបុគ្គលិកគិតថាពួកគេកំពុងដោនឡូតឯកសារស្របច្បាប់។
ការវាយប្រហាររបស់មេរោគចាប់ជម្រិតបានប៉ះពាល់ដល់ប្រព័ន្ធកត់ត្រាសុខភាពអេឡិចត្រូនិក MyChart លេខទូរស័ព្ទ និងប្រព័ន្ធបញ្ជាទិញការធ្វើតេស្ត ដំណើរការធ្វើរោគវិនិច្ឆ័យ និងថ្នាំរបស់ក្រុមហ៊ុន Ascension។ ឧប្បត្តិហេតុនេះក៏បានបង្ខំឱ្យក្រុមហ៊ុនយក្សកាត់ផ្តាច់ឧបករណ៍មួយចំនួនទៅប្រើ Offline នៅថ្ងៃទី០៨ ខែឧសភា ដើម្បីសុវត្ថិភាពអ៊ីនធឺណិត។ ក្រោយពីកើតហេតុ បុគ្គលិកក្រុមហ៊ុន Ascension ត្រូវកត់ត្រា ដំណើរការធ្វើរោគវិនិច្ឆ័យ និងថ្នាំនៅលើក្រដាស ខណៈពេលដែលក្រុមហ៊ុនមិនអាចប្រើការកត់ត្រាអេឡិចត្រូនិករបស់អ្នកជម្ងឺបាន។ ក្រុមហ៊ុនក៏ត្រូវផ្អាកដំណើរការធ្វើរោគវិនិច្ឆ័យ តេស្ត និងការណាត់ជួបមិនបន្ទាន់មួយចំនួន និងបង្វែរសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ទៅអង្គភាពថែទាំសុខភាពផ្សេងទៀត ដើម្បីជៀសវាការពន្យារពេលផ្តល់ការព្យាបាល។ ខណៈក្រុមហ៊ុនថែទាំសុខភាពខ្នាតយក្សមិនទាក់ទងនឹងការវាយប្រហារដោយមេរោគចាប់ជម្រិតខែឧសភា សារព័ត៌មាន CNN បានភ្ជាប់ឧប្បត្តិហេតុនេះទៅក្រុមឧក្រិដ្ឋកម្មសាយប័រ Black Basta (ជាក្រុមមេរោគចាប់ជម្រិតមិនទាន់បានបន្ថែមក្រុមហ៊ុន Ascension ទៅលើគេហទំព័ររបស់ខ្លួន)។ ប៉ុន្មានថ្ងៃបន្ទាប់ពីការបំពាននេះ មជ្ឈមណ្ឌលចែករំលែក និងវិភាគព័ត៌មានសុខភាព (Health-ISAC) ក៏បានព្រមានថា Black Basta ថ្មីៗនេះបានបង្កើនល្បឿននៃការវាយប្រហារប្រឆាំងនឹងវិស័យថែទាំសុខភាព។ តាំងពីប្រតិបត្តិការមេរោគបានកើតឡើងនៅខែមេសា ឆ្នាំ២០២២ មេរោគ Black Basta បានបំពានលើបណ្តាញណិតវើករបស់ជនរងគ្រោះល្បីៗជាច្រើននាក់រួមមានអ្នកម៉ៅការការពារអាឡឺម៉ង់ Rheinmetall ក្រុមហ៊ុន Outsourcing giant Capita អ្នកម៉ៅការរដ្ឋាភិបាលអាមេរិក ABB និងបណ្ណាល័យរដ្ឋ Toronto។ ការស្រាវជ្រាវរួមពី Elliptic និង Corvus Insurance ថាក្រុមមេរោគចាប់ជម្រិតបានប្រមូលប្រាក់មិនតិចជាង ១០០លានដុល្លារពីជនរងគ្រោះ ៩០ស្ថាប័នទេ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤