ក្រុមហ៊ុន Mizuno USA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Mizuno Corporation និងជាក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំបំផុតមួយរបស់ពិភពលោក បានបញ្ជាក់នៅក្នុងសំបុត្រជូនដំណឹងពីការបំពានទិន្នន័យថា មានហេគឃ័រមិនស្គាល់អត្តសញ្ញាណបានលួចឯកសារចេញពីបណ្តាញណិតវើករបស់ខ្លួនកាលពីចន្លោះខែសីហា និងតុលា ឆ្នាំ២០២៤។
ការិយាល័យកណ្តាលនៅក្នុងទីក្រុង Peachtree Corners នៃរដ្ឋ Georgia ក្រុមហ៊ុន Mizuno USA ផលិត និងចែកចាយសម្ភារៈកីឡាវាយកូនហ្គោល រត់ កីឡាវាយកូនបាល់ (baseball) បាល់ទះ កីឡាវាយកូនបាល់ (Softball) និងឧបករណ៍វាយតេនីស សម្ភារៈ និងស្បែកជើងនៅអាមេរិកខាងជើង។ នៅក្នុងពាក្យបណ្តឹងជាមួយអគ្គមេធាវីរដ្ឋ Maine បានឱ្យដឹងថា ក្រុមហ៊ុនបានរកឃើញសកម្មភាពគួរឱ្យសង្ស័យនៅលើបណ្តាញណិតវើករបស់ខ្លួនកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការស៊ើបអង្កេតបានរកឃើញថា ហេគឃ័រមិនស្គាល់អត្តសញ្ញាណបានបំពានលើប្រព័ន្ធរបស់ក្រុមហ៊ុន និងបានលួចយកឯកសារដែលមានផ្ទុកព័ត៌មានផ្ទាល់ខ្លួន និងជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួន។

ក្រុមហ៊ុន Mizuno ថ្លែងនៅក្នុងសំបុត្រដែលបានផ្ញើទៅកាន់ជនរងគ្រោះថា ការស៊ើបអង្កេតបានកំណត់ថា ប្រព័ន្ធទូទៅនៅក្នុងបណ្តាញណិតវើកត្រូវបានប្រើដោយបុគ្គលមិនស្គាល់អត្តសញ្ញាណ ហើយឯកសារត្រូវបានថតចម្លងដោយគ្មានការអនុញ្ញាតនៅចន្លោះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ និងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់មក ក្រុមហ៊ុន Mizuno បានត្រួតពិនិត្យឯកសារដែលពាក់ព័ន្ធ ដើម្បីកំណត់ពីវត្តមាននៃព័ត៌មាន និងជនពាក់ព័ន្ធ។ ការត្រួតពិនិត្យនេះបានបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Mizuno បានធ្វើការភ្លាមៗ បន្ទាប់មកផ្តល់ដំណឹងទៅកាន់បុគ្គលដែលប៉ះពាល់។ ឯកសារដែលបានលួចមានផ្ទុកព័ត៌មានដូចជា ឈ្មោះ លេខសន្តិសុខសង្គម ព័ត៌មានគណនីហិរញ្ញវត្ថុ ព័ត៌មានបណ្ណបើកបរ និងលេខលិខិតឆ្លងដែន។ ឥឡូវ ក្រុមហ៊ុនផ្តល់នូវការត្រួតពិនិត្យកាតក្រេឌីត និងសេវាការពារអត្តសញ្ញាណរយៈពេល ១ឆ្នាំដោយមិនគិតថ្លៃសម្រាប់ជនរងគ្រោះដោយសារការបំពានទិន្នន័យ និងបានណែនាំពួកគេឱ្យត្រួតពិនិត្យគណនី កាតក្រេឌីតរបស់ពួកគេ រួមទាំងរាយការណ៍ពីករណីលួចអត្តសញ្ញាណ ឬការឆបោកផ្សេងៗ។
ការបំពានដែលលើកឡើងដោយប្រតិបត្តិការមេរោគចាប់ជម្រិត BianLian៖ ខណៈ ក្រុមហ៊ុន Mizuno មិនបានផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងការបំពាន និងមិនបានឆ្លើយតបអ៊ីម៉ែលនោះ ក្រុមមេរោគចាប់ជម្រិត BianLian បានរៀបរាប់ពីការវាយប្រហារកាលពីដើមខែវិច្ឆិកា។ នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Mizuno ក៏រងការវាយប្រហារដោយមេរោគចាប់ជម្រិតផងដែរ និងបានបណ្តាលឱ្យមានការរំខានដល់អាជីវកម្មដូចជា ការផ្អាកដំណើរការទូរស័ព្ទ ពន្យារការបញ្ជាទិញ ព្រមទាំងបញ្ហាគេហទំព័រផងដែរ។
ក្រុមមេរោគចាប់ជម្រិតបានថ្លែងថា ខ្លួនបានលួចទិន្នន័យអាជីវកម្ម និងអតិថិជនរួមមានទិន្នន័យហិរញ្ញវត្ថុ ទិន្នន័យធនធានមនុស្ស កិច្ចសន្យានិងកិច្ចព្រមព្រៀងសម្ងាត់ ការសម្ងាត់ពាណិជ្ជកម្ម ប៉ាតង់ ប្រអប់សំបុត្រ រួមទាំងការឆ្លើយឆ្លងអ៊ីម៉ែលផ្ទៃក្នុងនិងក្រៅ។ តាំងពីពេលនោះមក ហេគឃ័របានធ្វើបច្ចុប្បន្នភាពកំណត់ត្រារបស់ក្រុមហ៊ុន Mizuno នៅលើគេហទំព័រទីផ្សារងងឹតរបស់ពួកគេ ដោយការបន្ថែមនូវ Screenshot នៃ Spreadsheet ដែលមានផ្ទុកព័ត៌មានស្តីពីការចំណាយរបស់ក្រុមហ៊ុន បន្ទាប់ពីការវាយប្រហារដោយមេរោគចាប់ជម្រិតឆ្នាំ២០២២ និង Screenshots ឯកសារផ្សេងទៀតដែលបានលួចពីប្រព័ន្ធរបស់ក្រុមហ៊ុនកាលពីឆ្នាំមុន។ BianLian បានកំណត់គោលដៅលើក្រុមហ៊ុនឯកជន និងអង្គការហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅទូទាំងសកលលោកតាំងពីពាក់កណ្តាលឆ្នាំ២០២២។ ចាប់ពីដើមឆ្នាំ២០២៣ មក នៅពេល Avast បានបញ្ចេញឌីគ្រីបហ្រ្វីសម្រាប់មេរោគចាប់ជម្រិត ក្រុមហេគឃ័របានប្តូរទិសដៅទៅជាការវាយប្រហារបែបចាប់ជម្រិតវិញ។ នាពេលថ្មីៗនេះ BianLian បានបន្ថែម Air Canada, Northern Minerals និង Boston Children’s Health Physicians ទៅក្នុងបញ្ជីជនរងគ្រោះរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥