ហេគឃ័រគំរាមលប់ទិន្នន័យ iCloud របស់អតិថិជនប្រមាណជា ៣០០លាននាក់ បើសិនជា Apple មិនព្រមបង់ប្រាក់

0

បើសិនជាអ្នកប្រើប្រាស់ iCloud ដើម្បីធ្វើការ sync ទៅលើរាល់ឧបករណ៍នៃក្រុមហ៊ុន ​Apple ទាំងអស់ នោះទិន្នន័យឯកជនរបស់អ្នកអាចប្រឈមមុខនឹងហានិភ័យនៃការបាត់បង់បន្ទាប់ពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

មានក្រុមហេគឃ័របានធ្វើការអៈអាងថា ខ្លួនមានព័ត៌មាននៅក្នុងដៃដែលអាចធ្វើការអាក់សេស ​(access) ទៅកាន់គណនី iCloud ច្រើនជាង ៣០០លាន ហើយបានធ្វើការគំរាមទៅដល់ក្រុមហ៊ុន Apple ក្នុងការលប់ទិន្នន័យទាំងនោះចោលទាំងអស់ពីក្នុងឧបករណ៍ទាំងនោះ បើសិនជាក្រុមហ៊ុន Apple មិនព្រមធ្វើការបង់ប្រាក់ចំនួន $75,000 ជា BitCoin ឬក៏ $100,000 ក្នុងទម្រង់ជា iTunes gift cards ទេនោះ។ ក្រុមហេគឃ័រដែលបានហៅខ្លួនឯងថា “Turkish Crime Family” បានទាមទារទឹកប្រាក់ជាទម្រង់ BitCoin ឬ ​Ethereum ។

វេបសាយ ​Motherboard បានចេញផ្សាយព័ត៌មាននេះបន្ទាប់ពីហេគឃ័រម្នាក់តំណាងឲ្យក្រុមហេគឃ័រខាងលើ បានធ្វើការចែករំលែក screenshots នៃការឆ្លើយឆ្លងសារអ៊ីម៉ែលរវាងក្រុមហេគឃ័រ និងក្រុមជំនាញសន្តិសុខនៃក្រុមហ៊ុន Apple ។

“ខ្ញុំគ្រាន់តែចង់បានលុយរបស់ខ្ញុំ និងគិតថាវានឹងជារបាយការណ៍មួយដ៏ចាប់អារម្មណ៍ដែលអតិថិជនជាច្រើនរបស់ ​Apple នឹងចង់អាននិងស្វែងយល់”។

នៅក្នុងផ្ទាំងរូបភាពជា screenshots នៃការឆ្លងឆ្លើយអ៊ីម៉ែលបានបង្ហាញថា នៅពេលដែលក្រុមអ្នកជំនាញសន្តិសុខរបស់ Apple ធ្វើការសាកសួរសុំយកនូវ sample list នៃគណនីដែលត្រូវបានលួចដើម្បីផ្ទៀងផ្ទាត់ ក្រុមហេគឃ័រផ្តល់តែវិដេអូនៅក្នុង YouTube បង្ហាញពីការអាក់សេសទៅកាន់គណនីមួយនៃគណនីដែលត្រូវបានហេគនោះ ហើយធ្វើការលប់ចោលទិន្នន័យទាំងអស់ពីចម្ងាយចំពោះឧបករណ៍នោះ។

ប៉ុន្តែរឿងរ៉ាវនេះ ហាក់បីដូចជាមិនមានភាពស៊ីសង្វាក់គ្នាសោះ ។ នៅក្នុង Twitter ក្រុមនេះបានអៈអាងថាធ្វើការអាក់សេសទៅកាន់គណនី iCloud ចំនួន ២០០លាន ហើយនៅក្នុងអ៊ីម៉ែលមួយ បានសរសេរថាបានអាក់សេសទៅកាន់គណនីចំនួន ៣០០លាន ហើយក្នុងអ៊ីម៉ែលផ្សេងទៀតគណនីឡើងដល់ ៥៥៩លាន។

ក្នុងខណៈនេះ វាមានការលំបាកណាស់សម្រាប់ក្រុមហ៊ុន Apple ធ្វើការផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃការអៈអាងនោះ។ ប៉ុន្តែក្រុមហ៊ុន Apple បានធ្វើការព្រមានទៅកាន់ក្រុមហេគឃ័រថា ខ្លួនមិនជូនរង្វាន់ទៅដល់ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតនោះទេក្នុងការបំពានទៅលើច្បាប់ ហើយបានឲ្យក្រុមហេគឃ័រធ្វើការលប់វិេដអូនោះចោល ។

ក្រុមហេគឃ័របានផ្តល់ពេលវេលាដល់ក្រុមហ៊ុន Apple រហូតដល់ថ្ងៃទី០៧ ខែមេសា ខាងមុខនេះដើម្បីបង់ប្រាក់។

វិធីសាស្ត្រក្នុងការការពារគណនី ​iCloud 

ទោះបីជាការអៈអាងខាងលើពិត ឬមិនពិតក៏ដោយ តែបើសិនជាហេគឃ័រអាចចូលទៅកាន់គណនី iCloud ហើយនោះ ពួកគេនឹងធ្វើការទាញយករាល់រូបភាព និងទិន្នន័យឯកជនរបស់អ្នកទាំងអស់ជាមិនខាន។ ដើម្បីការពារគណនី iCloud របស់អ្នកឲ្យមានសុវត្ថិភាព ក្រុមហ៊ុន Apple បានផ្តល់យោបល់ឲ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ជាបន្ទាន់ ហើយដាក់ដំណើរការមុខងារការពារពីរជំហាន ​(two-step authentication) ដើម្បីបន្ថែមស្រទាប់សន្តិសុខទៅលើគណនីរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here