តើអ្នកនៅចាំទេរឿង encryption រវាងក្រុមហ៊ុនបច្ចេកវិទ្យា Apple និង FBI សម្រាប់ធ្វើការដោះសោរទៅលើទូរស័ព្ទ iPhone ដែលជាកម្មសិទ្ធិរបស់ភេរវករនៅពីក្រោយការបាញ់ប្រហារនៅ San Bernardino កាលពី ២ ឆ្នាំមុននេះទេ?
បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Apple បដិសេធមិនផ្តល់នូវទិន្នន័យនៅក្នុងទូរស័ព្ទ iPhone ដែលជាប់សោរនោះ ប៉ូលិស FBI ចំណាយទឹកប្រាក់ច្រើនជាង 1 លានដុល្លារអាមេរិកទៅកាន់ក្រុមហ៊ុនផ្សេងដើម្បីធ្វើការដោះសោរទៅលើទូរស័ព្ទ iPhone 5C របស់ភេរវករនេះ។
ឥឡូវនេះ វាហាក់ដូចជាទីភ្នាក់ងារ FBI នេះមិនចាំបាច់ពឹងក្រុមហ៊ុនApple សម្រាប់ការដោះសោរទៀតនោះទេដោយសារតែក្រុមហ៊ុនកោសល្យវិច្ច័យរបស់អ៊ីស្រាអែលគឺ Cellebrite រកឃើញនូវវិធីក្នុងការដោះសោរទូរស័ព្ទ iPhone រួមទាំង iPhone X ផងដែរ។
Cellebrite គឺជាក្រុមហ៊ុនសុវត្ថិភាពធំមួយដែលចុះកុងត្រាជាមួយនឹងភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកដែលអះអាងថា ខ្លួនមានបច្ចេកទេសនៃ Tool ថ្មីសម្រាប់ធ្វើការហេគដើម្បីដោះសោរទៅលើ iPhone ទាំងអស់ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS 11 នេះបើតាមការរាយការណ៍របស់ Forbes ។
នៅក្នុងឯកសារ [PDF] “Advanced Unlocking and Extraction Services” នោះ ក្រុមហ៊ុន Cellebrite និយាយថា សេវាកម្មជាច្រើនរបស់ខ្លួនអាចធ្វើការបំបែកទៅលើប្រព័ន្ធសុវត្ថិភាពនៃ Apple iOS ដែលដំណើរការនៅលើ iPhone, iPad, iPad mini, iPad Pro និង iPod touch ចាប់ពី iOS 5 ដល់ iOS 11 ។ Cellebrite អាចធ្វើការដោះសោរទៅលើទូរស័ព្ទ iPhone 8 និង iPhone X ផងដែរ។
ក្រៅពីឧបករណ៍បច្ចេកវិទ្យារបស់ Apple ក្រុមហ៊ុន Cellebrite ក៏អាចបំបែកសោររបស់ក្រុមហ៊ុនដែលដំណើរការ Google Android ជាច្រើនដូចជា Samsung (Galaxy និង Note series), Alcatel, Google Nexus, HTC, Huawei, LG, Motorola, ZTE និងក្រុមហ៊ុនជាច្រើនទៀត៕