អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមអ៊ីនធើណេតម្នាក់ទទួលភាពល្បីឈ្មោះក្នុងការបញ្ឈប់ភាពរីករាល ដាលរបស់មេរោគ WannaCry លោក Marcus Hutchins ប្រឈមនឹងការចោទប្រកាន់ចំនួន ០៤ ករណីបន្ថែមទៀតដែលគេអះអាងថាលោក Hutchins ជាអ្នកបង្កើតមេរោគ។ លោក Marcus Hutchins បដិសេធការចោទប្រកាន់នោះ និងស្នើសុំឱ្យអ្នកគាំទ្រតាមបណ្តាញសង្គម Twitter របស់គាត់ក្នុងការជួយផ្តល់កម្រៃផ្នែកច្បាប់។ លោក Hutchins ត្រូវគេចាប់ខ្លួននៅព្រលានយន្តហោះ Las Vegas នៅខែសីហាឆ្នាំមុន ក្រោយពីលោកចាកចេញពីសន្និសីទ Black Hat ។ គេចោទប្រកាន់គាត់ពីបទបង្កើតមេរោគ ( malware) Kronos ។
មេរោគ Kronos ត្រូវគេរចនាឡើងដើម្បីលួចអត្តសញ្ញាណធនាគារ។ យោងតាមការដាក់ពាក្យបណ្តឹងថ្មី លោក Hutchins ត្រូវគេចោទប្រកាន់ពីបទបង្កើតកម្មវិធីមេរោគ (malware) ទី ០២ ដែលគេស្គាល់ថាជា មេរោគ UPAS Kit ។ គេថែមទាំងបានចោទប្រកាន់គាត់ពីបទចែកចាយមេរោគដោយមានជំនួយពីមនុស្សម្នាក់ទៀត។ យោងតាមឯកសាររបស់តុលាការ កម្មវិធីមេរោគនេះបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយស្ងៀមស្ងាត់ហើយកម្មវិធីកម្ចាត់មេរោគនេះពុំអាចកម្ចាត់មេរោគនេះបានឡើយ។ លោកត្រូវចោទប្រកាន់ថាបង្កើតមេរោគ Kronos សម្រាប់ប្រមូលព័ត៌មានផ្ទាល់ខ្លួន។ មេធាវីរបស់លោក Hutchins លោក Brian Klein ពណ៌នាការចោទប្រកាន់ថ្មីនេះថាជារឿងមិនសមស្រប។
គួរបញ្ជាក់ផងដែថា អ្នកស្រាវជ្រាវសន្តិសុខអ៊ិនធើណេតមានដើមកំណើតនៅក្នុងតំបន់ Ilfracombe, Devon និងធ្វើការឱ្យក្រុមហ៊ុន Kryptos Logic មានមូលដ្ឋាននៅទីក្រុង Los Angeles។ គាត់ទទួលកេរ្តិ៍ឈ្មោះក្រោយពីជួយទប់ស្កាត់ការវាយប្រហារតាមអ៊ីនធើណេតរបស់មេរោគ WannaCry ។ ពេលនោះ មេរោគ WannaCry វាយប្រហារទៅលើ NHS និងអង្គការដទៃទៀតនៅក្នុងខែឧសភាឆ្នាំ ២០១៧ ។
ការវាយប្រហារតាមអ៊ិនធើណេតកំណត់គោលដៅលើប្រទេសចំនួន ១៥០ និងចាក់សោរកុំព្យូរទ័រ ដោយទាមទារទឹកប្រាក់ ៣០០ ដុល្លារដើម្បីទាញយកឯកសារឡើងវិញ។លោក Hutchins ត្រូវផ្តល់ឱ្យនៅក្រៅឃុំនៅថ្ងៃទី ០៥ ខែសីហាក្រោយពីមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់បង់ប្រាក់ ៣០០០០ ដុល្លារនោះ៕
ប្រភព៖
https://www.bbc.com/news/technology-44398032