ក្រុមហ៊ុនបច្ចេកវិទ្យា Facebook នឹងត្រូវបង់ប្រាក់ពិន័យ £500,000 ($664,000) នៅក្នុងចក្រភពអង់គ្លេសបន្ទាប់ពីអង្គការឃ្លាំមើលការការពារទិន្នន័យបញ្ជាក់ថា ក្រុមហ៊ុននេះមានរឿងអាស្រូវពាក់ព័ន្ធទៅនឹងការទម្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ដែលខុសនឹងច្បាប់ ហើយរឿងអាស្រូវនេះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទិន្នន័យរបស់ Cambridge Analytica ។
ការពិន័យទឹកប្រាក់ £500,000 គឺជាទឹកប្រាក់ដ៏ច្រើនមួយដែលអនុញ្ញាតដោយមាត្រនៃការការពារទិន្នន័យរបស់ចក្រភពអង់គ្លេសនៅក្នុងឆ្នាំ 1998 ហើយវាគឺស្មើទៅនឹងទឹកប្រាក់ដែលក្រុមហ៊ុន Facebook អាចរកបាននៅក្នុងរយៈពេល 8 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Facebook ស្ថិតនៅក្នុងរឿងអាស្រូវចាប់តាំងពីដើមឆ្នាំនេះនៅពេលដែលវាមានការទម្លាយថា ទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន 87 លាននាក់ត្រូវប្រមូលនឹងប្រើប្រាស់ដោយក្រុមហ៊ុន Cambridge Analytica ដែលជួយលោក Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2016 នោះ។
តាមការបញ្ជាក់នៅក្នុងបណ្តាញសង្គមយក្សនេះ លោក Aleksandr Kogan សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Cambridge University ធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈកម្មវិធី quiz app ប៉ុន្តែនេះគឺជាទង្វើរដែលខុសទៅនឹងការចែករំលែកទិន្នន័យជាមួយនឹង Cambridge Analytica ដែលត្រូវលោក Trump ជួលមកក្នុងយុទ្ធនាការឃោសនាជាប្រធានាធិបតីនោះ។ តាមការបញ្ជាក់របស់ Information Commissioner’s Office (ICO) នៅក្នុងចក្រភពអង់គ្លេសក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើរឿងអាស្រូវរបស់ Cambridge Analytica នៅក្នុងខែមីនា ហើយក្រុមហ៊ុន Facebook មិនអាចធ្វើការការពារទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់ដែលធ្លាក់ទៅដល់ដៃរបស់ Cambridge Analytica បាន។
វាក៏មានការរកឃើញថា បណ្តាញសង្គមយក្សមួយនេះបរាជ័យក្នុងការការពារទិន្នន័យផ្តាល់ខ្លួនរបស់អ្នកប្រើប្រាស់ពីការឈ្លានពានរបស់អ្នកដទៃ ហើយនេះគឺខុសពីមាត្រានៃការការពារទិន្នន័យ នេះបើតាមការបញ្ជាក់របស់ ICO ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Facebook nOនៅតែមានឱកាសក្នុងការឆ្លើយតបទៅកាន់ ICO មុនពេលដែលការសម្រេចចិត្តពិន័យទឹកប្រាក់ £500,000 ចូលជាផ្លូវការនោះ។ នៅក្នុងរយៈពេលដែលមានរឿងអាស្រូវនេះ ការពិន័យរបស់ ICO គឺស្ថិតនៅក្រោមច្បាប់ចាស់របស់ចក្រភពអង់គ្លេសដែលពេលនេះគឺជំនួសដោយច្បាប់ General Data Protection Regulation របស់អ៊ឺរ៉ុបហើយ។ នៅក្នុងច្បាប់ថ្មីនេះ ក្រុមហ៊ុននេះអាចនឹងប្រឈមមុខពីការពិន័យទឹកប្រាក់ប្រមាណជា 20 លានអ៊ឺរ៉ូ ឬ 4% នៃប្រាក់ចំណូលទាំងអស់របស់ខ្លួន ឬខ្ពស់ជាងនេះអាស្រ័យទៅលើទំហំទិន្នន័យដែលបែកធ្លាយនោះ។ ក្រុមហ៊ុន Facebook និយាយថា បណ្តាញសង្គមរបស់ខ្លួននឹងឆ្លើយតបទៅនឹងរបាយការណ៍នៃ ICO ឆាប់ៗនេះ៕
ប្រភព៖
https://thehackernews.com/2018/07/facebook-cambridge-analytica.html