ធនាគារ Tesco ត្រូវនិយតករហិរញ្ញវត្ថុចក្រភពអង់គ្លេសពិន័យជាប្រាក់១៦,៤ លានផោន ចំពោះកំហុសជុំវិញការវាយប្រហារតាមអ៊ីនធើណែតលើអតិថិជនរបស់ខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៦។ អាជ្ញាធ័រផ្នែកហិរញ្ញវត្ថុនិយាយថា ធនាគារបរាជ័យក្នុងការអនុវត្តជំនាញចាំបាច់ថែរក្សា និងការពារផ្នែកកាន់គណនីចរន្តរបស់ខ្លួន។ អ្នកលួចបន្លំយកបានប្រាក់ចំនួន២,២៦ លានផោន។ ធនាគារ Tesco និយាយថាប្រាក់ទាំងអស់ត្រូវបានប្រគល់ជូនទៅម្ចាស់គណនីវិញ។
ធនាគារបន្ថែមទៀតថា ធនាគារពិតជាមានការសោកស្តាយណាស់ចំពោះផលប៉ះពាល់នៃការវាយប្រហារលើអតិថិជន។ FCA និយាយថា គេខិតខំយ៉ាងខ្លាំងក្នុងការបញ្ចៀសការវាយប្រហារនេះ ហើយក្រុមហ៊ុន Tesco មិនបានឆ្លើយតបចំពោះការវាយប្រហារដោយប្រើជំនាញ និងធ្វើសកម្មភាពបន្ទាន់ទេ។ លោក Mark Steward នាយកប្រតិបត្តិនៃការពង្រឹងនិងការត្រួតពិនិត្យទីផ្សារនៅ FCA មានប្រសាសន៍ថា និយតករនឹងមិនទទួលយកអាកប្បកិរិយាបែបនេះទេ។ លោកថ្លែងថា ការពិន័យ FCA លើធនាគារ Tesco នាពេលបច្ចុប្បន្ននេះឆ្លុះបញ្ចាំងពីការពិតដោយ FCA មិនអត់ឱន ធនាគារដែលបរាជ័យក្នុងការការពារអតិថិជនពីហានិភ័យដែលអាចមើលឃើញ។
ក្នុងករណីនេះ ការវាយប្រហារជាប្រធានបទនៃការព្រមានជាក់លាក់មួយ ដោយសារធនាគារ Tesco មិនបានដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ ទាល់តែមានការវាយប្រហារកើតឡើង។ ការដោះស្រាយរបស់ធនាគារមានកម្រិតតិចតួច និងយឺតយ៉ាវណាស់។ អតិថិជនមិនគួរប្រឈមនឹងហានិភ័យគ្រប់ប្រភេទ។ ក្រុម FCA និយាយថា អ្នកវាយប្រហារតាមអ៊ីនធើណេតកេងប្រវ័ញ្ចលើកង្វះខាតនៃការឌីហ្សាញប័ណ្ណឥណពន្ធរបស់ក្រុមហ៊ុន Tesco Bank ការគ្រប់គ្រង ហិរញ្ញវត្ថុ និងក្នុងក្រុមប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។
ធនាគារ Tesco និយាយថា ធនាគាររងគ្រោះពីការលួចបន្លំដ៏ស្មុគស្មាញមួយ។ ខណៈពេលដែលវាមិនទាន់ដឹងពីមុខសញ្ញាលួច ឬការបាត់បង់ទិន្នន័យរបស់អតិថិជន មានប្រតិបត្តិការចំនួន ៣៤ ដែលត្រូវចោរកាត់ប្រាក់ពីគណនីរបស់អតិថិជន។ ធនាគារនេះបន្ថែមទៀតថា អតិថិជនផ្សេងទៀតរងការរំខានផ្នែកសេវាកម្មធម្មតា។លោក Gerry Mallon អគ្គនាយកធនាគារ Tesco មានប្រសាសន៍ថា លោកសូមបង្ហាញការសោកស្តាយចំពោះផលប៉ះពាល់នៃការវាយប្រហារក្លែងបន្លំនេះចំពោះអតិថិជន។ អាទិភាពរបស់ធនាគារគឺជានិច្ចកាលផ្តោតលើផ្នែកសន្តិសុខ និងសុវត្ថិភាពនៃគណនីអតិថិជនរបស់ធនាគារ ហើយធនាគារទទួលយកសេចក្តីជូនដំណឹងរបស់ FCA ។ធនាគារបង្កើនវិធានការសុវត្ថិភាពរបស់ខ្លួនយ៉ាងខ្លាំងដើម្បីធានាថាគណនីរបស់អតិថិជនទទួលបានកម្រិតការពារខ្ពស់បំផុត។ លោកសុំទោសដល់អតិថិជនរបស់ធនាគារចំពោះភាពរអាក់រអួលដែលកើតមាននៅឆ្នាំ២០១៦។ ធនាគារ Tesco ព្រមទទួលការពិន័យក្រោមការស៊ើបអង្កេតរបស់ FCA និងព្រមដោះស្រាយភ្លាមៗចំពោះការទូទាត់ប្រាក់ពិន័យ ហើយប្រាក់ពិន័យត្រូវគេបន្ថយពីចំនួន ៣៣,៦ លានផោន៕

ប្រភព៖
https://www.bbc.com/news/business-45704273