យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ បានឲ្យដឹងថា ប្រទេស ធំៗចំនួន ៤ ក្នុងនោះរួមមាន ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ និង ចក្រភពអង់គ្លេស បានប្រកាសលែងឲ្យ ពលរដ្ឋខ្លួន ទិញឧបករណ៍អេឡិចត្រូនិកពីក្រុមហ៊ុនចិន Huawei Technologies និងក្រុមហ៊ុន ZTE យកទៅ ប្រើប្រើសទៀតហើយ ក្រោយពី មានការ ចាប់ខ្លួនលោកស្រី Meng Wanzhou ជាប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការស៊ើបអង្កេតរបស់អាមេរិក ដោយរកឃើញថា ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ បណ្តាញទូរគមនាគមន៍ធំជាងគេបំផុត នៅលើពិភពលោក ចាប់តាំងពីឆ្នាំ ២០១៦ បានដឹកជញ្ជូនផលិតផលដើមរបស់អាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀត ដែលរំលោភលើច្បាប់នាំចេញ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់បានក៏បានជំទាស់នឹងក្រុមហ៊ុន Huawei ពីការបង្កើតបណ្តាញ 5G ខណៈពេលដែល BT Group របស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដកឧបករណ៍ របស់ក្រុមហ៊ុន Huawei ចេញពីស្នូលនៃប្រតិបត្តិការ 3G និង 4G ដែលមានស្រាប់របស់ខ្លួន ហើយបានប្រកាសអោយពលរដ្ឋខ្លួនឈប់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកពីក្រុមហ៊ុនចិន Huawei តទៀត។
សារព័ត៌មាន Yomiuri របស់ជប៉ុនបានចុះផ្សាយថាប្រទេសជប៉ុនមានផែនការហាមឃាត់ការទិញឧបករណ៍អេឡិចត្រូនិកពីក្រុមហ៊ុនចិន Huawei Technologies និងក្រុមហ៊ុន ZTE ក្រោយចាប់ខ្លួនលោកស្រី Meng Wanzhou ជាប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុននឹងធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងរបស់ខ្លួន នៅថ្ងៃចន្ទខាងមុខនេះ ដើម្បីទប់ស្កាត់ការលេចធ្លាយព័ត៌មានសម្ងាត់ និងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត។របាយការណ៍នេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដើម្បីហាមឃាត់ការទិញ ឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Huawei ថាជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន ហើយថាក្រុមហ៊ុន Huawei មានឧបករណ៍ backdoors សម្រាប់ការប្រើប្រាស់ធ្វើជាចារកម្ម ។ ប៉ុន្តែតំណាង ក្រុមហ៊ុនបានបដិសេធច្រានចោលលើការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ដែលជាកូនស្រី របស់ស្ថាបនិកក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដាកាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ ដោយពេលនេះអាជ្ញាធរកំពុងបន្តនីតិវិធី ៕