ក្នុងខណៈដែលប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei ចាប់ខ្លួននៅកាណាដា តាមសំណើអាមេរិក កាលពីថ្ងៃទី ១ ធ្នូ ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ នៅថ្ងៃសុក្រទី ៧ធ្នូនេះ រដ្ឋាភិបាលជប៉ុនក៏បានប្រកាសហាមឃាត់មិនឱ្យប្រើគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនHuawei ទៀត ចាប់ពីថ្ងៃចន្ទទៅ។ បម្រាមនេះក៏ធ្វើឡើងតាមសំណើរបស់អាមេរិកដែរ។ នេះបើតាមសារព័ត៌មានជប៉ុន។ ដោយគ្មានបង្អង់ចិន បានបញ្ចេញប្រតិកម្មតប ចោទអាមេរិកថាកំពុងស្វែងរកគ្រប់វិធីទប់ស្កាត់មិនឱ្យក្រុមហ៊ុនចិនHuawei រីកសាយលើពិភពលោក។
សវនាការលើកទីមួយថ្ងៃនេះ ឧទ្ទិសដល់ការសម្រេចថាតើគួរដោះលែងលោកស្រីប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei ឬយ៉ាងណា ? រដ្ឋអាជ្ញារកាណាដាចង់ឱ្យតុលាការសម្រេចរក្សាឃុំខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ច្រើនជាង ព្រោះដើម្បីកុំឱ្យលោកស្រីអាចរត់គេចចេញពីកាណាដាបាន។ តែបើតុលាការសម្រេចដោះលែងលោកស្រី ក៏ទំនងជាត្រូវមានលក្ខខណ្ឌ ខ្លាំងនិងច្រើន ដូចជាត្រូវបង់ប្រាក់រាប់សិបលានដុល្លារ និងមិនឱ្យលិខិតឆ្លងដែនជាដើម។
ទាក់ទងនឹងការធ្វើបច្ចាប័នទៅអាមេរិកវិញ សំណុំរឿងអាចនៅវែងឆ្ងាយ និងស្មុគស្មាញខ្លាំងជាពិសេសប្រសិនបើលោកស្រី បដិសេធ។ គេធ្លាប់ឃើញមានករណី បដិសេធរួចម្តងហើយ។ នោះគឺករណីអ្នកជំនួញចិនម្នាក់ចាប់ខ្លួននៅកាណាដាពីបទពុករលួយ ដែលបានប្រើពេលវេលាតវ៉ាអស់រយៈពេល ១២ឆ្នាំប្រឆាំងនឹងការធ្វើបច្ចាប័នទៅចិន។ តែប្រសិនបើលោកស្រី ម៉េង វ៉ានចូវ ព្រមវិញ នោះកាណាដាដំណើរបែបបទបញ្ជូនលោកស្រីទៅឱ្យអាមេរិកប្រើពេលតែពីរបីសប្តាហ៍ប៉ុណ្ណោះ។
គ្រោះជាន់លើគ្រោះ ៖ ជប៉ុន អង់គ្លេស ប្រកាសឈប់ប្រើសម្ភារៈបរិក្ខារបស់Huawei
ក្នុងខណៈដែលប្រធានផ្នែកហិរញ្ញវត្ថុកំពុងប្រឈមនឹងតុលាការកាណាដា ជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះ ធ្វើតាមសំណើរបស់អាមេរិកដែរ ដោយហាមឃាត់មិនឱ្យប្រើផលិតផលរបស់Huawei នៅក្នុងប្រទេស។
វិធានការថ្មីរបស់រដ្ឋាភិបាលជប៉ុននឹងមានសុពលភាព ចាប់ពីថ្ងៃចន្ទតទៅ ! ផលិតផល គ្រឿងបរិក្ខា គ្រឿងបំផ្លាស់របស់ក្រុមហ៊ុនHuawei និងសាខា ZTE មិនអាចចូលធ្វើចរាចរណ៍ លើទីផ្សារសាធារណៈជប៉ុនបានទៀតទេ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ តែបានគូសបញ្ជាក់ថា ជប៉ុនមានប្រតិបត្តិការ ស្អិតល្មួតបំផុត ជាមួយអាមេរិក ក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា។
ប៉ុន្មានមុនពេលកាណាដាប្រកាសជូនដំណឹងអំពីការចាប់ខ្លួនលោកស្រីប្រធានផ្នែកហិរញ្ញវត្ថុHuawei ក្រុមហ៊ុនទូរគមនាគន៍អង់គ្លេស BT ក៏បានបង្ហើបឱ្យដឹងថាពួកគេនឹងដកចេញរាល់គ្រប់គ្រឿងបរិក្ខាទូរគមនាគមន៍របស់ក្រុមហ៊ុនចិននេះ ចេញពីបណ្តាញទូរស័ព្ទចល័ត 3G និង 4G ហើយក៏នឹងមិនប្រើប្រាស់បរិក្ខារបស់Huawei ក្នុងប្រព័ន្ធទូរស័ព្ទ5G ទេទៅថ្ងៃមុខ។
កាលពីបីបួនខែមុន ប្រទេសនូវែលហ្សេឡង់ អូស្ត្រាលី ដែលខ្លាចចិនចូលជ្រៀតជ្រែកក្នុងរចនាសម្ព័ន្ធទូរគមនាគមន៍របស់ខ្លួន បានស្នើសុំឱ្យក្រុមហ៊ុនទូរស័ព្ទក្នុងប្រទេស កុំប្រើគ្រឿងរបស់Huawei ក្នុងប្រព័ន្ធ5G។
Huawei ជារនុកក្នុងរបស់ប៉េកាំង ?
អាជ្ញាធរអាមេរិកសង្ស័យថាក្រុមហ៊ុនទូរស័ព្ទដ៏ធំលំដាប់ទីពីររបស់ចិន Huawei នេះ គឺជាភ្នាក់ងារចារកិច្ចរបស់របបក្រុងប៉េកាំង។ ម្យ៉ាងទៀត ក្រុមហ៊ុនជាប់សង្ស័យថា បាននាំចេញ យ៉ាងហោច តាំងពីឆ្នាំ២០១៦មក នូវផលិតផលអាមេរិកទៅអ៊ីរ៉ង់ និងកូរ៉េខាងជើង រំលោភទណ្ឌកម្ម និងច្បាប់អាមេរិក។ សមាជិកសភាអាមេរិកមួយចំនួន សំឡឹងឃើញក្រុមហ៊ុនចិនមួយនេះ ថាការគំរាមកំហែងសន្តិសុខជាតិ។ តាំងពីដើមឆ្នាំមក រដ្ឋាភិបាលអាមេរិកបានស្នើជាផ្លូវការឱ្យក្រុមហ៊ុនទូរស័ព្ទកុំបំពាក់គ្រឿងបរិក្ខាផលិតនៅចិន។ នៅថ្ងៃទី ១៤ កុម្ភៈ នាយកFBI -CIA -NASA បានទៅប្រកាសនៅចំពោះមុខព្រឹទ្ធសភា សុំណែនាំមិនឱ្យពលរដ្ឋអាមេរិកប្រើទូរស័ព្ទរបស់ក្រុមហ៊ុនHuawei នេះទេ ព្រោះមានហានិភ័យចារកិច្ចពីសំណាក់ប៉េកាំង។ នៅថ្ងៃទី ១៣ សីហា កន្លងទៅ អាមេរិកបានថែមទាំងចេញបម្រាមហាមឃាត់មិនឱ្យប្រើបច្ចេកវិទ្យាHuawei ក្នុងគ្រប់ប្រព័ន្ធ រដ្ឋាបាលសាធារណៈសំខាន់ៗ។
សម្ព័ន្ធ Fives eyes
ការសង្ស័យចារកិច្ចបានរីកលូតលាស់កាន់តែធំៗឡើង រហូតដល់ថ្នាក់អាមេរិក បង្កើតឱ្យមានជាសម្ព័ន្ធសេវាចារកិច្ច៥ប្រទេស « Fives eyes » ដែលរួមមាន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់។ សម្ព័ន្ធនេះបានសហការគ្នាតាមដានក្រែងមានការជ្រៀតជ្រែករបស់ចិនក្នុងវិស័យទូរគមនាគមន៍ តាមរយៈក្រុមហ៊ុនHuawei។ ហើយតាំងពីលោកដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតី មក អាមេរិកបានជ្រើសរើសប្រធានបទនេះជាអាទិភាពដ៏ចំបងបំផុត ! នាំមុខដោយវ៉ាស៊ីនតោន សម្ព័ន្ធ៥ប្រទេស ក៏នាំគ្នាធ្វើសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាប្រឆាំងនឹងចិន តែម្តង។
បារាំងគ្មានឈ្មោះក្នុងសម្ព័ន្ធFives eyes មែន តែក៏សង្ស័យថាHuawei មានសកម្មភាពចារកិច្ចដែរ។ បារាំងបានដាក់ឱ្យដំណើរការវិធានការតាមដានតាំងពីឆ្នាំ២០១៥មក។ បារាំងពុំដែលធ្លាប់ធ្វើសកម្មភាពដាក់ក្រុមហ៊ុនបរទេសឱ្យស្ថិតនៅក្រោមការតាមដានរបស់រដ្ឋឡើយពីមុនមក។ បារាំង សង្ស័យថាHuawei ចង់ជ្រៀតចូលមកលួចលទ្ធផលស្រាវជ្រាវ ក្នុងវិស័យវិទ្យាសាស្ត្រ ពិសេសប្រព័ន្ធបច្ចេកវិទ្យា5G ដ៏មានអនាគត តាមរយៈភាពជាដៃគូគ្មានលំនឹង។
ដោយសារតែការសង្ស័យថាក្រុមហ៊ុនHuawei ជាចារកម្មរបស់រដ្ឋាភិបាលប៉េកាំង ទើបHuawei ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបរិក្ខាទូរគមនាគមន៍ស្ទើរជាប់លំដាប់លេខមួយនៅលើពិភពលោកត្រូវជាប់ជុចនៅថ្ងៃនេះ។ ជាការសង្ស័យដល់ថ្នាក់ចាប់មេដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន បានធ្វើឱ្យចិនបញ្ចេញប្រតិកម្មខ្លាំង ចោទអាមេរិកថាមានចរិកយូកូម ធ្វើអ្វីគ្រប់យ៉ាង ក្នុងបំណងតែមួយគឺបង្អាក់ក្រុមហ៊ុនទូរគមនាគមន៍ចិនមិនរីកសាយលើពិភពលោក ព្រោះក្រុមហ៊ុននេះរីកចម្រើនខ្លាំងនិងមានបច្ចេកវិទ្យាប្រកួតប្រជែងខ្លាំងតែប៉ុណ្ណោះ៕