តុលាការកាណាដាបានបើកសវនការ លើករណីចាប់ខ្លួន អនុប្រធានក្រុមប្រឹក្សា និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនហួវៃ ដែលត្រូវគេសង្ស័យថា បានលួចធ្វើជំនួញជាមួយអ៊ីរ៉ង់ ដោយល្មើសនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីសវនការនៅថ្ងៃសុក្រ តុលាការកំពូលកាណាដា បានលើកពេលសម្រេចទៅនៅថ្ងៃចន្ទ។ ថ្ងៃដែលតុលាការនឹងសម្រេចថា តើត្រូវដាក់លោកស្រី ម៉េង វ៉ាន់ចូវ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬ ក៏យ៉ាងណា នៅក្នុងអំឡុងពេលរង់ចាំសេចក្តីសម្រេចទាក់ទងនឹងការធ្វើបត្យាប័នលោកស្រីទៅកាន់សហរដ្ឋអាមេរិកនោះ។
នៅក្នុងសវនការកាលពីថ្ងៃសុក្រម្សិលមិញ រាជអាជ្ញាកាណាដាបានប្រកាសថា លោកស្រី ម៉េង វ៉ាន់ចូវ ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនហួវៃ Huawei ត្រូវបានអាជ្ញាធរអាមេរិកាំងចោទប្រកាន់ថា បានលាក់កំបាំងទំនាក់ទំនងរវាងក្រុមហ៊ុនហួវៃ ហើយនិងក្រុមហ៊ុនហុងកុងមួយឈ្មោះ Skycom ដើម្បីអាចលួច គេចផុតពីវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។
ដោយដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters កាលពីឆ្នាំ ២០១៣ រាជអាជ្ញាកាណាដា បាអះអាងថា ក្រុមហ៊ុនហុងកុងSkycom ដែលជាដៃគូរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ បានលក់គ្រឿងបរិក្ខាព័ត៌មានវិទ្យាទៅឲ្យក្រុមហ៊ុនលក់ទូរស័ព្ទនាំមុខគេនៅអ៊ីរ៉ង់ ដែលជាការលើ្មសទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់។ នៅពេលនោះ លោកស្រី ម៉េង វ៉ាន់ចូវ បើទោះមានឈ្មោះជាសមាជិករបស់ក្រុមប្រឹក្សារបស់ក្រុមហ៊ុនSkycom បាននិយាយកុហក ក្រុមធនាគារ ពីទំនាក់ទំនងរវាងក្រុមហ៊ុន Huawei និងSkycom។
ទៅតាមឯកសាររបស់តុលាការកាណាដា នៅថ្ងៃសុក្រ តុលាការក្រុងញូវយ៉កបានចោទប្រកាន់ និងចេញដីការតាមចាប់ខ្លួន លោកស្រី ម៉េង កាលពីថ្ងៃទី ២៩សីហា។ នៅថ្ងៃទី ១ធ្នូ អាជ្ញាធរកាណាដា បានចាប់ខ្លួន លោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់អាជ្ញាធរអាមេរិក ដែលដឹងថា លោកស្រី ម៉េង ត្រូវធ្វើដំណើរឆ្លងកាត់ ប្រទេសកាណាដា នៅដើមខែធ្នូនេះ។
នៅថ្ងៃចន្ទ តុលាការកាណាដានឹងសម្រេចថា តើត្រូវដាក់លោកស្រី ម៉េងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដែរឬទេ នៅក្នុងពេល រង់ចាំការសម្រេចធ្វើបត្យាប័នទៅតាមការទាមទាររបស់អាជ្ញាធរអាមេរិក។ ការធ្វើបត្យាប័នលោកស្រីម៉េងទៅអាមេរិក គឺជាការសម្រេចចុងក្រោយរបស់តុលាការកាណាដា។ អាមេរិកមានពេល២ខែ ដើម្បីដាក់ពាក្យសុំការធ្វើបត្យាប័នលោកស្រីម៉េង វ៉ាន់ចូវ ជាផ្លូវការ។
នៅក្នុងសវនការនៅថ្ងៃសុក្រ រាជអាជ្ញាកាណាដា បានប្រឆាំងដាច់ខាត មិនឲ្យមានការដោះលែងលោកស្រី ម៉េងនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងហេតុផលថា លោកស្រីម៉េងមានមធ្យោបាយធនធានច្រើន ដើម្បីអាចលួចរត់គេចចេញពីប្រទេសកាណាដា។ តាមអាយ្យការកាណាដា លោកស្រីម៉េងធ្លាប់មានទម្លាប់គេច មិនធ្វើដំណើរទៅជាន់ទឹកដីអាមេរិក ចាប់តាំងពីដឹងថា មានការស៊ើបអង្កេតប្រឆាំងនឹងលោកស្រី ក្នុងបទសង្ស័យ រំលោភទណ្ឌកម្មរបស់អាមេរិក ដែលដាក់ទៅលើអ៊ីរ៉ង់។ តាមរាជអាជ្ញាកាណាដា នៅអាមេរិក លោកស្រី ម៉េងអាចប្រឈមនឹងការជាប់ទោសពន្ធនាគារ ៣០ឆ្នាំ បើសិនគេរកឃើញថា លោកស្រីបានឃុបឃិត លួចបន្លំ បោកប្រាស់ស្ថាប័នហិរញ្ញវត្ថុ ដូចការចោទប្រកាន់មែន។
មេធាវីរបស់លោកស្រីម៉េងវិញ បានអះអាងថា លោកស្រីម៉េងនឹងគោរពតាមច្បាប់របស់កាណាដា ហើយនិងមិនរត់គេចខ្លួន ចាកចេញពីកាណាដា ដោយលួចលាក់ ដែលនឹងធ្វើឲ្យអាប់អោនកិត្តិយសរបស់ឪពុកលោកស្រីនោះទេ។
នៅថ្ងៃសៅរ៍ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យកាណាដា ដោះលែងជាបន្ទាន់ លោកស្រីប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន ហួវៃ បើសិនមិនចង់មានផលវិបាកធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសចិនបានបញ្ជាក់ផងដែរថា គេបានកោះហៅឯកអគ្គរាជទូតកាណាដានៅទីក្រុងប៉េកាំង ដើម្បី ទទួលបានសារ ទាមទាររបស់រដ្ឋាភិបាលចិន៕