ក្រសួងយុត្តិធម៌អាមេរិក ពីថ្ងៃទី២០ធ្នូ បានសម្រេចចោទប្រកាន់បុរសជនជាតិចិនចំនួនពីរនាក់ ពាក់ព័ន្ធនឹងបទលួចព័ត៌មានពីក្រុមហ៊ុននិងស្ថាប័នរដ្ឋអាមេរិក ដើម្បីបម្រើផលប្រយោជន៍ឲ្យចិន។ ចំណែកក្រសួងការបរទេសចិន នៅថ្ងៃសុក្រទី២១ធ្នូនេះ បានទាត់ចោលការចោទប្រកាន់ ហើយស្នើឲ្យអាមេរិកបញ្ឈប់ការលាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះចិនតទៅទៀត។
នៅក្នុងបទចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថា បុរសចិនទាំងពីរនាក់នេះ គឺបម្រើការឲ្យក្រុមភ្នាក់ងារមួយ ដែលមានទំនាក់ទំនងនឹងក្រសួងសន្តិសុខជាតិចិន។ ពួកគេបានធ្វើសកម្មភាពតាមអ៊ីនធ័រនែត ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់នឹងឆ្នាំ២០១៨នេះ ដើម្បីលួចយកទន្និន័យពាណិជ្ជកម្ម បច្ចេកវិជ្ជា និងព័ត៌មានសម្ងាត់ របស់ក្រុមហ៊ុនធំៗជាង១០និងស្ថាប័នរដ្ឋជាច្រើនរបស់អាមេរិក។ ព័ត៌មានសម្ងាត់ដែលពួកគេលួចយកនោះ ក៏មានទិន្នន័យពាក់ព័ន្ធនឹង វិស័យកងទ័ពជើងទឹក Marine និងភ្នាក់ងារអវកាស NASA ថែមទៀតផង។
ហើយបើយោងតាមភ្នាក់ងារស៊ើបការសម្ងាត់ FBI របស់អាមេរិក, ក្រុមពួកគេនេះមិនត្រឹមតែលួចយកព័ត៌មានពីអាមេរិកទេ តែក៏បានលួចយកព័ត៌មានសម្ងាត់របស់រដ្ឋនិងក្រុមហ៊ុនឧស្សាហកម្ម នៃប្រទេសសេដ្ឋកិច្ចជឿនលឿន ចំនួនជាង១០ផ្សេងទៀត ក្នុងនោះមានបារាំង អាល្លឺម៉ង់ អង់គ្លេសកាណាដា ជាដើម។
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌អាមេរិក លោក Rod Rosenstein បានប្រកាសក្នុងសន្និសីទកាសែតថា នៅពេលនេះ ចិនលំបាកនឹងធ្វើពុត ឬធ្វើមិនដឹងមិនលឺតទៅទៀតឡើយ ពីព្រោះភស្តុតាងមានជាក់ស្តែងនៅនឹងភ្នែកស្តាប់។ លោកបន្តថា អាមេរិកនិងបណ្តាប្រទេសសម្ព័ន្ធមិត្ត បានដឹងច្បាស់ថាចិនកំពុងធ្វើអ្វី ហើយធ្វើដើម្បីអ្វី។ ចំណែក លោក Chris Wrayប្រធាន FBI ក៏បន្ថែមថា វត្ថុបំណងរបស់ចិន គឺដើម្បីក្តោបក្តាប់ពិភពលោក ជាមហាអំណាចលេខមួយ ជំនួសអាមេរិក។ ប៉ុន្តែចិនប្រើមធ្យោបាយស្មោកគ្រោក ខុសច្បាប់ដើម្បីសម្រេចបំណងនេះ។
ទោះបីយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីសំណាក់អាមេរិក។ ចិនយល់ថា រាល់ការចោទប្រកាន់របស់អាមេរិក គឺមានចេតនាលាបពណ៌បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ចិនតែប៉ុណ្ណោះ។ ថែមពីនេះ រដ្ឋបាលក្រុងប៉េកាំង ស្នើឲ្យក្រុងវ៉ាស៊ីនតោន លើកលែងបទចោទចំពោះពលរដ្ឋខ្លួន ទាំងពីរនាក់នោះ៕