ប្រេសិតពិសេសរបស់អាមេរិក ទទួលបន្ទុកកងទ័ពសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវកម្ម បានលាលែងចេញពីតំណែង។ ការសុំឈប់នេះ គឺមកពីការខ្វែងគំនិតគ្នាចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងសំណុំរឿងដកកងទ័ពអាមេរិកចេញពីស៊ីរី។ ការសុំឈប់នេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ James Mattis សុំឈប់ពីតំណែងកាលពីពេលថ្មីៗ។
លិខិតលាលែងពីតំណែងរបស់លោកបេសកជនពិសេស Brett McGurk បានបញ្ជូនទៅដល់ប្រមុខការទូតអាមេរិករួចមកហើយ កាលពីសុក្រទី២១ធ្នូ។ បើគ្មានអ្វីផ្លាស់ប្តូរទេ លោកនឹងឈប់បម្រើការនៅដាច់ខែធ្នូ ប៉ុន្មានថ្ងៃខាងមុខនេះ។
សូមជ្រាបថា ការសម្រេចដកកងទ័ពអាមេរិកចេញពីស៊ីរី តាមបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កការមិនពេញចិត្ត រហូតធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិ សុំឈប់ពីដំណែង។ លោក ត្រាំ ប្រកាសថា អាមេរិកត្រូវដកកងទ័ពចំនួន២ពាន់នាក់ ឲ្យកាន់តែឆាប់ពីប្រទេសស៊ីរី។ ហើយនៅពេលជាមួយគ្នានេះ លោកប្រមុខរដ្ឋអាមេរិក ក៏បញ្ជាក់ពីការត្រៀមខ្លួនចាកចេញរបស់ទាហានអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានផងដែរ។ បើតាមកាសែតក្នុងស្រុកអាមេរិក នៅអាហ្វហ្គានីស្ថាន ទ័ពអាមេរិក ប្រហែល៧ពាន់នាក់ អាចនឹងត្រូវដកចេញពីដែនដីជម្លោះដ៏រ៉ាំរ៉ៃ ជាង១៧ឆ្នាំមកនេះ។
គួររម្លឹកជូនថា ការដកទ័ពអាមេរិកចេញពីសមរភូមិនៅក្រៅប្រទេស ក៏ជាការសន្យាចម្បងមួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅដំណាក់កាលឃោសនាបោះឆ្នោត។ លោក ត្រាំ យល់ថា វត្តមានកងទ័ពអាមេរិកនៅបរទេស គឺធ្វើឲ្យខ្ជះខ្ជាយលុយកាក់អាមេរិក។ ចំពោះលោក ត្រាំ គឺគួរយកលុយនោះ ទៅចំណាយជាប្រយោជន៍សម្រាប់ពលរដ្ឋអាមេរិកនៅក្នុងស្រុកវិញប្រសើរជាង។ ហើយរឿងរ៉ាវក្រៅស្រុក ដូចជាវិបត្តិមួយចំនួននៅមជ្ឈិមបូព៌ាជាដើម ទុកឲ្យប្រទេសអារ៉ាប់ធំៗ ដោះស្រាយចុះ។
តែយ៉ាងណាក៏ដោយ ចំពោះលោក Brett McGurk មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងនឹងភេរវកម្មជីហាត ដែលសុំឈប់ពីតំណែងនៅពេលនេះ យល់ឃើញផ្ទុយពីលោកប្រធានាធិបតី។ លោកបេសកជនអាមេរិក គិតថា ការដកទ័ពពីស៊ីរី គឺហាក់បីដូចជាទុកដែនដីស៊ីរីឲ្យពួកអង្គការរដ្ឋអ៊ីស្លាមជីហាតដូច្នោះឯង។ ពោលគឺបោះបង់សមរភូមិឲ្យពួកនេះឈ្នះតែម្តង៕