“ដកកងទ័ពបរទេសប៉ុន្មានពាន់នាក់ចេញអាហ្វហ្កានីស្ថាន នឹងគ្មានផលប៉ះពាល់អ្វីដល់សន្តិសុខជាតិទេ ពីព្រោះកងទ័ពអាហ្វហ្កានីស្ថាន កំពុងបំពេញភារកិច្ចនេះរួចទៅហើយ ! នេះជាប្រតិកម្មរបស់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន ក្រោយពីបានឮសេចក្តីប្រកាសរបស់អាមេរិក គ្រោងចង់ដកកងទ័ព មួយចំនួនធំ ត្រលប់ចូលស្រុកវិញ។ ចំណែក អូតង់ បានបញ្ជាក់ជាថ្មី នៅថ្ងៃសុក្រនេះ មិនបោះបង់បេសកកម្មនៅអាហ្វហ្កានីស្ថានទេ។
“បើកដកចេញ ក៏មិនអីដែរ” ព្រោះតាំងពីជាងបួនឆ្នាំកន្លះមកនេះ កងកម្លាំងអាហ្វហ្កានីស្ថាន បានបំពេញតួនាទីរក្សាសន្តិសុខជាតិយ៉ាងពេញលេញ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យប្រធានាធិបតី ដោយបានអះអាងទៀតថា កាលពីឆ្នាំ២០១៤ នៅពេលមានការដកកងទ័ពបរទេសចេញពីអាហ្វហ្កានីស្ថាន ជាទ្រង់ទ្រាយធំដល់ទៅ ប្រមាណ ១០ម៉ឺននាក់ គ្រប់គ្នាបានបង្ហាញក្តីអំពីក្តីព្រួយបារម្ភយ៉ាងខ្លាច អាហ្វហ្កានីស្ថានដួលរលំធ្លាក់ក្នុងសង្គ្រាមនិងអំពើហិង្សាក្នុងដៃពួកតាលីបង់ ប៉ុន្តែជាការគិតខុស កងកម្លាំងអាហ្វហ្កានីស្ថានអាច ការពារទឹកដី និងប្រជាជន បាន។
សូមបញ្ជាក់ថា មួយថ្ងៃក្រោយសេចក្តីប្រកាសដកកងទ័ពអាមេរិកចេញពីស៊ីរី ដែលបានធ្វើឱ្យរដ្ឋមន្ត្រីការពារជាតិលាលែងចេញតំណែង អាមេរិកបានសម្រេចចិត្ត ថានឹងដកកងទ័ពអាមេរិកពាក់កណ្តាលចេញពីអាហ្វហ្កានីស្ថាន។ វ៉ាស៊ីនតោនមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ហើយគេក៏មិនដឹងថាតើរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានទទួលព័ត៌មានស្តីអំពីសេចក្តីសម្រេចចិត្តរបស់ជាមុនដែរឬក៏ណាទេ។
ដូច្នេះនេះពិតជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល។ សូម្បីតែ តំណាងតាលីបង់ក៏ទំនងជាមិននឹកស្មានដល់ថាអាមេរិកមានគម្រោងដកទ័ពចេញយ៉ាងលឿនយ៉ាងដូច្នេះដែរ តែបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ ខណៈនេះអាមេរិកកំពុងចាប់ចរចាជាមួយនឹងពួកតាលីបង់ នៅក្រុងអាប៊ូដាប៊ីផង។
ការភ្ញាក់ផ្អើលក៏កើតមានចំពោះអូតង់ដែរ។ អូតង់មិនបញ្ចេញប្រតិកម្មដោយផ្ទាល់ទាក់ទងនឹងសេចក្តីសម្រេចរបស់លោកដូណាល់ត្រាំ ឡើយ តែបានរំលឹកថាអូតង់នឹងនៅតែបន្តបេសកកម្ម ធានាសន្តិសុខនិងស្ថិរភាពឱ្យអាហ្វហ្កានីស្ថាន ទៅថ្ងៃមុខ ព្រោះអូតង់មិនចង់ឃើញអាហ្វហ្កានីស្ថាន ក្លាយជាជង្រុករបស់ពួកភេរវនិយមអន្តរជាតិឡើយ។
គិតមកទល់ពេលនេះ គេរាប់ឃើញមានកងទ័ពអាមេរិកប្រមាណ១៤០០០នាក់ ឈរជើងអាហ្វហ្កានីស្ថាន។ មួយភាគ កំពុងបំពេញបេសកកម្មក្នុងក្របខ័ណ្ឌអូតង់ Resolute support ក្នុងនាមគ្រូបង្វាត់និងជាទីបឹក្សារបស់ទាហានអាហ្វហ្កានីស្ថាន។ មួយភាគទៀត ជាកម្លាំងធ្វើប្រតិបត្តិការដាច់ដោយឡែក ខាងប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ គេមិនដឹងថាតើក្រុមមួយណាដែលចូលក្នុងគម្រោងដកទ័ព ដែលលោកត្រាំទើបបានសម្រេចទេ៕