កាលពីថ្ងៃសុក្រ ទី២១ ធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ សហរដ្ឋអាមេរិកនិងកាណាដា បានដាក់សម្ពាធឲ្យចិនដោះលែង ជនជាតិកាណាដាពីរនាក់ ជាបន្ទាន់។ ជនជាតិកាណាដាពីរនាក់ ដែលត្រូវបានអាជ្ញាធរចិនចាប់ខ្លួន ក្រោយពីប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ចិនត្រូវបានចាប់ខ្លួនក្នុងប្រទេសកាណាដា កាលពីដើមខែធ្នូនេះ។
ជនជាតិកាណាដាពីរនាក់ ដែលម្នាក់ជាអតីតមន្ត្រីទូត និងម្នាក់ទៀតជាអ្នកផ្តល់ប្រឹក្សាផ្នែកជំនួញ ត្រូវបានប៉ូលីសចិនចាប់ខ្លួនកាលពីថ្ងៃទី១០ ធ្នូ កន្លងទៅថ្មីៗនេះ។ ទាក់ទងនឹងករណីនេះដែរ សហរដ្ឋអាមេរិក កាណាដា ព្រមទាំងសហភាពអឺរ៉ុប មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពរបស់អ្នកទាំងពីរ។
ជាក់ស្តែង នាពេលថ្មីៗនេះ រដ្ឋមន្ត្រី ការបរទេសកាណាដា លោកស្រី Freeland បានលើកឡើងថា ជនជាតិកាណាដាទាំងពីរ ដែលកំពុងជាប់ឃុំ ក្នុងប្រទេសចិន កំពុងត្រូវបានគេដាក់ឲ្យនៅក្រោមលក្ខខណ្ឌកាន់តែពិបាកទៅៗ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរមិនត្រូវបាន អាជ្ញាធរចិន អនុញ្ញាតឲ្យមានមេធាវីការពារខ្លួនឡើយ ដែលនេះខុសពីករណីរបស់លោកស្រីម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ដែលកំពុងរស់នៅក្រៅឃុំ នៅឯផ្ទះដ៏ធំស្កឹមស្កៃរបស់លោកស្រីក្នុងប្រទេសកាណាដា តាមរយៈការបង់ប្រាក់ធានា។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីការបរទេសកាណា ក៏បានសង្កត់ធ្ងន់ទៀតថា តុលាការកាណាដា អនុវត្តនូវប្រព័ន្ធច្បាប់យុត្តិធម៌ មានតម្លាភាព និងគោរពសិទ្ធិរបស់លោកស្រីម៉េង វ៉ាន់ចូវ។ ការលើកឡើងរបស់លោកស្រីបែបនេះ គឺទំនងជាចង់សំដៅដល់ប្រទេសចិនដែលកាណាដាគិតថា ជាប្រទេសដែលមិនមានឡើយនូវប្រព័ន្ធច្បាប់ដែលតម្លាភាព និងអនុវត្តនីតិវិធីត្រឹមត្រូវ។
ទាក់នឹងរឿងនេះដែរ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបគាំទ្រចំពោះការទាមទាររបស់អាមេរិក និងកាណាដា និងថាទង្វើរបស់ចិន អាចបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការអនុវត្តន៍ច្បាប់ និងការអនុវត្តអាជីវកម្មនៅក្នុងប្រទេសចិន។
គួរជ្រាបថា ការចាប់ឃុំឃាំងជនជាតិកាណាដា ពីសំណាក់រដ្ឋាភិបាលចិន ត្រូវបានគេជឿថា គឺដើម្បីសងសឹក និងឆ្លើយតបភ្លាមៗទៅកាន់រដ្ឋាភិបាលកាណាដា ដែលបានចាប់ខ្លួនលោកស្រីម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទៅតាមសំណើររបស់សហរដ្ឋអាមេរិក បើទោះបីជា អាជ្ញាចិនបដិសេដក៏ដោយ។ បើយោងទៅតាមប៉ូលីសចិន អតីតមន្ត្រីទូត និងអ្នកផ្តល់ប្រឹក្សាផ្នែកជំនួញកាណាដា ត្រូវបានចាប់ខ្លួន ពីបទសង្ស័យ ថាបានធ្វើចារកម្ម ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់ចិនតែប៉ុណ្ណោះ គឺមិនពាក់ព័ន្ធជាមួយរឿងរបស់លោកស្រីម៉េង វ៉ាន់ចូវ នោះឡើយ៕