អាជ្ញាធររុស្ស៊ី ទើបចាប់បានពលរដ្ឋអាមេរិកាំងម្នាក់ ដែលជាប់ចោទថា ប្រព្រឹត្តចារកម្មប្រឆាំងរុស្ស៊ី។ ដំណឹងនេះ ប្រកាសថ្ងៃចន្ទទី ៣១ ធ្នូ ដោយស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB ក្នុងបរិបទនៃរឿងរ៉ាវ ប្រភេទនេះ ដែលធ្ងន់ធ្ងរស្រាប់ទៅហើយ រវាងម៉ូស្គូ និង បស្ចិមលោក។
សេចក្តីជូនដំណឹងរបស់ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB លើកឡើងថា ៖ ពលរដ្ឋអាមេរិកាំង ឈ្មោះ Paul Whelan ត្រូវចាប់ខ្លួននៅម៉ូស្គូ ថ្ងៃ២៨ ទីធ្នូ ពេលដែល បុរសនេះកំពុងប្រព្រឹត្តទង្វើចារកម្ម ។ មានកសាងទៅហើយជា សំណុំរឿងព្រហ្មទណ្ឌទល់នឹងជននេះ តាមមាត្រាទី ២៧៦ នៃក្រមព្រហ្មទណ្ឌ សហព័ន្ធរុស្ស៊ី ដែលប្រមើលឲ្យចារបុរសនេះ អាចជាប់ពន្ធនាគារ រហូតដល់ ២០ ឆ្នាំ។
ក្រសួងការបរទេសរុស្ស៊ី ថ្លែងថា ការចាប់ខ្លួនពលរដ្ឋអាមេរិកាំងនេះ បានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅក្រុងម៉ូស្គូរួចហើយ ខណៈពេលដែលអនុសញ្ញាស្តីអំពី ទំនាក់ទំនងកុងស៊ុលទ្វេភាគី កំពុងតែតាន់តឹងស្រាប់ផង។ ហើយប្រតិបត្តិការចាប់ខ្លួននេះ កើតមានឡើង នៅចំពេលដែល រុស្ស៊ីផ្ទាល់ត្រូវបស្ចិមលោកសង្ស័យថា ពាក់ព័ន្ធនឹង រឿងអាស្រូវចារកិច្ចជាច្រើន។
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងមហាសន្និសីទកាសែតប្រចាំឆ្នាំ ថ្ងៃ២០ធ្នូកន្លងទៅ បានចោទ ពួកប្រទេសខាងលិចថា ចេះតែខំប្រឌិតរឿងរ៉ាវបែបនេះ គឺ ដើម្បី ធ្វើឲ្យរង្គោះរង្គើដល់អានុភាពប្រទេសរុស្ស៊ី នៅលើ ឆាកអន្តរជាតិ។
ក្នុងចំណោមរឿងរ៉ាវចារកិច្ចទាំងនោះ មានជាអាទ៍គឺ ៖ ការបំពុលលើដែនដីអង់គ្លេសតែម្តង អតីតភ្នាក់ងារ ចារកិច្ចរុស្ស៊ី ឈ្មោះ Serguei Skripal ដែលតែងបានលួចយកការណ៍ពីរុស្ស៊ីឲ្យក្រុងឡុងដ៍។ ការបំពុល ដែលអាជ្ញាធរអង់គ្លេសទម្លាក់ទោសមកលើម៉ូស្គូ ប៉ុន្តែវិមានក្រេមឡាំង បដិសេធដាច់អហង្ការ ការចោទប្រកាន់នេះ។ ដោយមកពីរឿងរ៉ាវនេះ អង់គ្លេស និង រុស្ស៊ី បានបណ្តេញពួកអ្នកការទូត ទៅវិញ ទៅមក មិនស្ទើរឡើយ។
រឿងអាស្រូវប្រភេទនេះ ក៏ពាក់ពន្ធនឹង ស្ត្រីជាតិរុស្ស៊ី ឈ្មោះ Maria Butina អាយុ ៣០ ឆ្នាំ ដែលត្រូវអាជ្ញាធរអាមេរិកាំង ចាប់ខ្លួន កាលពីខែកក្កដា នៅក្រុងវ៉ាស៊ីនតោន តាមបទ”ឃុបឃិត” ជាមួយមជ្ឈដ្ឋាន នយោបាយអាមេរិកាំង ជាពិសេស ជាមួយ សមាគមបរបាញ់នៅទីនោះ ដែលគាំទ្របក្សសាធារណរដ្ឋ ដើម្បី បម្រើផលប្រយោជន៍ ប្រទេសរុស្ស៊ី។ នៅទីបំផុត ស្ត្រីរុស្ស៊ីនេះ តាមការទូន្មាននៃមេធាវីគាត់ បានបង្ខំចិត្ត សារភាពពីទង្វើខ្លួនដែលត្រូវវិនិច្ឆ័យថាមានទោសមែន ហើយក្រោយពីជាប់ពន្ធនាគាររយៈពេល ៦ ខែ នឹងត្រូវ បណ្តេញចេញពី សរអា៕
