ក្រុមហេគឃ័របញ្ចេញទិន្នន័យឯកជនដែលទាក់ទងនឹងលោកស្រី Angela Merkel និងអ្នកនយោបាយអាល្លឺម៉ង់រាប់រយនាក់ផ្សេងទៀត ហើយនេះគឺជាការទម្លាយនូវទិន្នន័យដ៏ធំបំផុតនៅក្នុងប្រទេសនេះ។ព័ត៌មានដែលទម្លាយនេះរួមមានអាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទចល័ត និងសារជជែកគ្នាផ្ទាល់ខ្លួន នេះបើយោងតាមសារព័ត៌មាន Bloomberg បញ្ជាក់អោយដឹងកាលពីថ្ងៃសុក្រនេះ។ ទិន្នន័យនេះត្រូវលេចធ្លាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះតាមរយៈគណនី Twitter មួយដែលមានឈ្មោះថា “G0d” ដែលកំណត់អត្តសញ្ញាណដោយខ្លួនវាផ្ទាល់ថាមានមូលដ្ឋាននៅទីក្រុង Hamburg ហើយនិងពិពណ៌នាខ្លួនឯងដោយប្រើពាក្យ “ការស្រាវជ្រាវសន្តិសុខ” “សិល្បករ” និង “រឿងអាស្រូវ”។
លោក Simon Hegelich អ្នកវិទ្យាសាស្ត្រផ្នែកនយោបាយនៅសាកលវិទ្យាល័យបច្ចេកទេស Munich ដែលសិក្សាពីការរៀបចំបណ្តាញទំនាក់ទំនងសង្គមនិយាយថា វាហាក់បីដូចជាក្រុមហេគឃ័រទទួលបានពាក្យសម្ងាត់ទៅកាន់គណនី Facebook និង Twitter ហើយក៏ចាប់ផ្តើមធ្វើការចេញពីទីនោះ។ លោកថ្លែងតាមទូរស័ព្ទកាលពីថ្ងៃសុក្រនេះថា “វាជាការវាយប្រហារផ្នែកវិស្វកម្មនៃបណ្តាញសង្គមយ៉ាងល្អិតល្អន់។ ទិន្នន័យជាច្រើនត្រូវគេលាតត្រដាង។”
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោកស្រី Martina Fietz ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងយកចិត្តទុកដាក់ទៅលើការវាយប្រហារដ៏ធ្ងន់ធ្ងរមួយនេះ។ ប្រទេសនេះរងនូវការរំលោភជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមហេគឃ័រព្យាយាមជ្រៀតចូលកុំព្យូទ័រជាប់ទាក់ទងជាមួយនឹងគណបក្សគ្រប់គ្រងប្រទេស CDD និង SPD ក្នុងឆ្នាំ 2017 ។ កាលពីមួយឆ្នាំមុននេះ អ្នកបោកប្រាស់ជាច្រើនបង្កើតម៉ាស៊ីន Server ក្លែងក្លាយមួយនៅក្នុងប្រទេស Latvia ដើម្បីបោកបញ្ឆោតសមាជិកសភាអាល្លឺម៉ង់ជាមួយនឹងការក្លែងបន្លំអ៊ីម៉ែល។
នៅឆ្នាំ 2015 អ្នកវាយប្រហាររំលោភបំពានបណ្តាញ Network របស់សភា Bundestag និងលួចទិន្នន័យ 16GB។ ក្រុមហ៊ុនសន្តិសុខ Trend Micro Inc ចាត់ទុកថាការវាយប្រហារនៅ Bundestag និងអ្នកដទៃទៀតគឺជាក្រុម Pawn Storm ដែលជាក្រុមមួយមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី៕
ប្រភព៖