កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​គំរាម​ហែកកេរ្តិ៍​(​តាម​ទូរស័ព្ទ​)

0

នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៨​នេះ​ កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​គំរាម​ហែកកេរ្តិ៍​(​តាម​ទូរស័ព្ទ​)​ កាលពី​ខែតុលា​ឆ្នាំ​ ២០១៨​ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ភូមិ​ព្រែក​យាយ​ហា​យ​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

​មន្ត្រី​នគរបាល​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​០២​នាក់​ ទី​១.​ឈ្មោះ​ គ​.​គ​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ទី​២.​ឈ្មោះ​ ជ​ .​ធ​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ចេ​ង​ មិត្ត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​សំរោង​ ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មុខរបរ​ កម្មករ​សំណង់​ ប្រើប្រាស់​ facebook​ ឈ្មោះ​ Ahmoa​ Tps​ និង​ ប្រើប្រាស់​លេខ​ទូរស័ព្ទ​១.0712223640,២.071​ 7403444,៣.081​ 754442​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ កាលពី​អំឡុង​ខែតុលា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ជន​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ​ មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​ តាម​រយៈ​ទូរស័ព្ទ​ និង​Facebook​។​ បន្ទាប់​ពី​បាន​និយាយ​និង​ឆាត​ជាមួយ​គ្នា​ជា​ហូរហែ​មក​ បាន​ប្រមាណ​ជា​១​ស​ប្ដា​ហ៍​ ស្រាប់តែ​ជនសង្ស័យ​ ខាងលើ​បាន​សុំ​មើល​រូបថត​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ​ទាំង​០២​នាក់​ (​ម្នាក់​ម្ដង​)​មុន​ក្រោយ​គ្នា​ហើយ​ជន​រង​គ្រោះ​ ក៏​បាន​ផ្ញើ​រូប​អាក្រាត​កាយ​ទៅ​ឲ្យ​ជនសង្ស័យ​តាម​ រយះ​Account​ facebook​ ឈ្មោះ​ Ahmoa​ Tps​។​

​បន្ទាប់​ពី​មាន​រូបថត​អាក្រាត​កាយ​នៅ​ក្នុង​ដៃ​ហើយ​ជនសង្ស័យ​ក៏​បាន​ទូរស័ព្ទ​សុំ​លុយ​ពី​ជន​រង​គ្រោះ​ទាំង​០២​នាក់​តែ​ជន​រង​គ្រោះ​ពុំ​ព្រម​ឲ្យ​ពេល​នោះ​ជនសង្ស័យ​បាន​និយាយ​គំរាម​ថា​ទាញ​យក​រូបថត​អាក្រាត​កាយ​របស់​ពួក​គេ​ទាំង​០២​នាក់​ បង្ហោះ​ចូល​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​Facebook​។​

​ដោយ​មានការ​ភ័យ​ខ្លាច​ជនសង្ស័យ​យក​រូបភាព​អាក្រាត​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ នារី​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ​ ក៏​បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​ជនសង្ស័យ​តាម​រយៈ​ភ្នាក់ងារ​វេរ​លុយ​ អ៊ី​ម៉ា​ន់​នី​ និង​wing​ ជា​បន្តបន្ទាប់​តាម​អ្វី​ដែល​ជនសង្ស័យ​ត្រូវការ​ពុំដែល​ខាន​ ដែល​ សរុប​ជា​ទឹកប្រាក់​ទាំងអស់​រួម​មាន​៖​ជន​រង​គ្រោះ​ទី​១​ អស់​ទឹកប្រាក់​សរុប​ ចំនួន​១.៨០០.០០០​និង​ ៥០០​ដុល្លារ​អា​មេ​រិ​ក​។​ ជន​រង​គ្រោះ​ទី​២​ អស់​ទឹកប្រាក់​សរុប​ ចំនួន​១.៧០០​ដុល្លារ​អា​មេ​រិ​ក​ និង​ប្រាក់​រៀល​ចំនួន​៦៤​ម៉ឺន​រៀល​។​

​លុះ​មក​ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​រក​លុយ​ផ្ញើ​ឲ្យ​ជនសង្ស័យ​លែង​បាន​ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ ដើម្បី​យក​មក​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​យោង​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​ បាន​ស្រាវជ្រាវ​ ដោយ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ដតាកែវ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​ភ្នាក់ងារ​wing​វេ​លុយ​ផ្សារ​អង្គរកា​ ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​

​ជនសង្ស័យ​ឈ្មោះ​ចេ​ង​ មិត្ដ​ បាន​សារភាព​ថា​ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ​ទាំង​ ០២​ នាក់​ខាងលើ​តាម​រយៈ​ឆាត​ Facebook​ ជាមួយ​គ្នា​បន្ទាប់​មក​បាន​លួងលោម​ជន​រង​គ្រោះ​ឲ្យ​ថតរូប​អាក្រាត​កា​​យ​ផ្ញើ​ឲ្យ​គ្នា​មើល​ ក្រោយមក​ក៏​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះជា​បន្ដបន្ទាប់​ ឲ្យ​ផ្ញើ​លុយ​មក​ឲ្យ​ខ្លួន​ បើ​មិន​ដូច្នោះ​ទេ​នឹង​ បង្ហោះ​រូប​អាក្រាត​កាយ​របស់​ ជន​រង​គ្រោះ​ ទៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​Facebook​ ឲ្យ​សាធារណៈជន​បានឃើញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​ខេត្តកណ្តាល​ដើម្បី​សាកសួរ​ចម្លើយ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here