ទោះអាមេរិកកំពុងរៀបចំដំណើរការដកកងទ័ពចេញពីទឹកដីស៊ីរី លោកចន បុលតុន ទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំ បានអះអាងប្រាប់អ្នកកាសែត ថា ជំហរប្រឆាំងរបស់អាមេរិកទៅលើការប្រើប្រាស់អាវុធគីមី នៅទឹកដីស៊ីរី គឺនៅតែដដែលដូចមុន។ លោកចន បុលតុន បាននិយាយព្រមានប្រធានាធិបតី ស៊ីរី ពីរឿងប្រើអាវុធគីមី នៅក្នុងពេលលោកកំពុងធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល និងតួកគី នៅចុងសប្តាហ៍នេះ។
នៅក្នុងយន្តហោះ ដែលដឹកលោកទៅទីក្រុងតែលអាវីវរបស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ លោកចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានអះអាងថា ការដកទ័ពអាមេរិកចេញពីស៊ីរី មិនមែនមានន័យថា អាមេរិកនឹងបន្ធូរដៃ នៅពេលរបបស៊ីរី ប្រើអាវុធគីមីនោះទេ។
តាមលោកចន បុលតុន អាមេរិកធ្លាប់បានវាយប្រហារ ស៊ីរី ២ដង នៅក្រោយការប្រើអាវុធគីមីសម្លាប់មនុស្ស ដែលគេបានទម្លាក់កំហុស ទៅលើរបបស៊ីរី របស់លោកបាស្ហា អាល់អាសាដ។ នៅខែកញ្ញាឆ្នាំមុន មន្រ្តីរដ្ឋាភិបាលអាមេរិក ជាច្រើនរូបបាននិយាយថា គេមានភស្តុតាង ដែលបង្ហាញថារដ្ឋាភិបាលស៊ីរី ត្រៀមនឹងប្រើអាវុធ គីមី សាជាថ្មី ដើម្បី វាយប្រហារ ចូលដណ្តើមកាន់កាប់ទីតាំងចុងក្រោយរបស់ពួឧទ្ទាមស៊ីរី នៅខេត្តអ៊ីដលីប ក្បែរព្រំដែនជាមួយប្រទេសតួកគី។ លោកចន បុលតុនមិនបាននិយាយដល់ការចោទប្រកាន់ខាងលើនោះទេ ប៉ុន្តែ បានព្រមានថា អាមេរិកនឹងចាត់វិធានការខ្លាំងជាងមុន បើសិនរដ្ឋាភិបាលស៊ីរី ប្រើអាវុធគីមី ជាលើកទី៣។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល និងតួកគីនៅចុងសប្តាហ៍នេះ ដើម្បី ពិភាក្សាពីគម្រោងការដកកងទ័ពអាមេរិកពីទឹកដីស៊ីរី ដែលលោកដូណាល់ ត្រាំ បានប្រកាសដោយប្រថុចញ៉ុចបំផុត កាលពីថ្ងៃទី១៩ធ្នូកន្លងទៅ។
ដំណើរទស្សនកិច្ចរបស់លោកចន បុលតុន នៅអ៊ីស្រាអែល និងតួកគី ធ្វើឡើងនៅមុន ដំណើរមួយជុំរបស់រដ្ឋមន្រ្តីការបរទេស អាមេរិក លោកMike Pompeo នៅតំបន់ដើមបូព៌ា ដែលត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ ពីថ្ងៃទី ៨រហូតដល់ថ្ងៃទី ១៥ខែមករា។
ការសម្រេចចិត្ត របស់លោកដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកពីទឹកដីស៊ីរី មិនត្រឹមតែធ្វើឲ្យសម្ព័ន្ធមិត្ត នៅក្នុងកងកម្លាំងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត នៅស៊ីរី និងអ៊ីរ៉ាក់ ភ្ញាក់ផ្អើលនិងស្រងាកចិត្តតែប៉ុណ្ណោះទេ ប៉ុន្តែ វាជាដើមហេតុផងដែរ ដែលធ្វើឲ្យរដ្ឋមន្រ្តីការពារជាតិអាមេរិក លោកជែម ម៉ាទីស លាលែងចេញពីមុខតំណែង ព្រមគ្នាជាមួយនឹងអ្នកតំណាងរបស់អាមេរិក នៅក្នុងសម្ព័ន្ធអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត។
