អាជ្ញាធរ ម៉ាឡេស៊ីបានអះអាងថា នៅថ្ងៃអង្គារទី ៨មករា ថា នឹងពិនិត្យពិចារណាទៅលើការជាប់ពាក់ព័ន្ធរបស់ចិន ក្នុងសំណុំរឿងអាស្រូវ លួចបន្លំប្រាក់របស់មូលនិធិជាតិរបស់ម៉ាឡេស៊ី 1MDB។ ការបើកករណីស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ី ធ្វើឡើង នៅក្រោយការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal ដែលថា ភាគីចិន ធ្លាប់បានស្នើចូលខ្លួន ដោះស្រាយ បញ្ហាប្រាក់បំណុលរបស់មូលនិធិជាតិម៉ាឡេស៊ី ដែលជាសំណុំរឿងពុករលួយ មានជាប់ពាក់ព័ន្ធដោយអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់។
តាមអត្ថបទស៊ើបអង្កេតរបស់កាសែតអាមេរិកាំង Wall Street Journal នៅក្នុងដំណើរទស្សនកិច្ចរបស់មន្រ្តី ម៉ាឡេស៊ី ទៅទីក្រុងប៉េកាំង កាលពីឆ្នាំ ២០១៦ មន្រ្តីចិនធ្លាប់បានប្រាប់ទៅភាគីម៉ាឡេស៊ី ថា ចិនអាចជួយដោះស្រាយបញ្ហាប្រាក់បំណុលរបស់មូលនិធិវិនិយោគសាធារណៈ 1MDB ហើយនិងអាចអន្តរាគមជួយបិទខ្ទប់កុំឲ្យមានការស៊ើបអង្កេតទៅលើសំណុំរឿងអាស្រូវរបស់មូលនិធិ ដែលមានជាប់ពាក់ព័ន្ធ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហើយនិងបក្សពួក។ ជាថ្នូរមកវិញ អ្នកទទួលខុសត្រូវម៉ាឡេស៊ីបានសន្យាឲ្យមានការចូលរួមរបស់ចិន នៅក្នុងគម្រោងសាងសង់ផ្លូវដែក ហើយនិងបំពង់បង្ហូរប្រេង របស់ប្រទេសម៉ាឡេស៊ី។
ប៉ុន្មានខែក្រោយ ជំនួបមន្រ្តីចិន និងម៉ាឡេស៊ី រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់ បានចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគ តម្លៃរាប់ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋចិន នៅក្នុងក្របខ័ណ្ឌ នៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់ មួយ របស់ចិន។
ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត នៅទីក្រុងប៉េកាំង អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃម្សិលមិញ បានអះអាងថា គេមិនបានខ្លឹមសារចុះផ្សាយរបស់កាសែតWall Street Journal នោះទេ និងថា ចិន និងម៉ាឡេស៊ី នៅបន្តធ្វើការជាមួយគ្នា លើគម្រោងនានា ហើយនិងនៅតែបន្តរក្សាទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសចិនធ្លាប់បានបដិសេធ ការចោទប្រកាន់កន្លងមក និងថា ចិនមិនបានប្រើប្រាស់មូលនិធិនៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដើម្បីជួយស្តារវិបត្តិប្រាក់បំណុលរបស់មូលនិធិម៉ាឡេស៊ីនោះទេ។
នៅថ្ងៃអង្គារ រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ីបាននិយាយប្រាប់កាសែតក្នុងស្រុកថា នឹងមានការស៊ើបអង្កេតមួយ នៅក្រោយការចុះផ្សាយរបស់កាសែត Wall Street Journal។
ទំនាក់ទំនងចិន និងម៉ាឡេស៊ីបានក្លាយជាល្អក់កករ ចាប់តាំងពីណាជីប រ៉ាហ្សាក់ ចាញ់ឆ្នោត និងត្រូវចាប់ឃុំខ្លួន ក្នុងសំណុំរឿងអាស្រូវពុករលួយ 1MDB។ នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីភ្លាម លោកមហាធៀរបានសម្រេចលុបចោលគម្រោងវិនិយោគរបស់ចិន នៅប្រទេសម៉ាឡេស៊ី ដែលមានតម្លៃ ២២ពាន់លានដុល្លារ ក្នុងហេតុផលកាត់បន្ថយប្រាក់បំណុលជាតិ៕
