នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ព្រមានថាការប្រើ Wifi ពីប្រភពមិនច្បាស់លាស់ ប្រឈមនឹងការលួចព័ត៌មាន របស់អ្នកប្រើប្រាស់

0

នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​នៃ​ក្រសួង​មហា​ផ្ទៃ​ ​​នៅ​ថ្ងៃ​ទី​១០ ​ខែ​មករា​ ឆ្នាំ​២០១៩​នេះ​​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ ត្រូវឈប់​ប្រើប្រាស់​ចំពោះ Wifi សាធារណៈទាំងឡាយណា ដែលមានប្រភពមិនច្បាស់លាស់ ព្រោះអាចប្រឈមនឹងការលួចយក ព័ត៌មានរបស់អ្នកប្រើប្រាស់បាន។

Facebook របស់នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋភាគច្រើន តែងតែប្រើប្រាស់វ៉ាយហ្វាយសាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលា នៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន ដោយមិនបានចាប់អារម្មណ៍ថា រាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និងឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)»។

ទោះជាយ៉ាងនេះក្តី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់​អំពីការ​ប្រើប្រាស់​វ៉ាយហ្វាយ​សាធារណៈ​ ដែលប្រកប​ដោយ​សុវត្ថិភាព​ មានវិធី៤យ៉ាងគឺ៖ បញ្ជាក់​ឲ្យ​ប្រាកដ​ថា ​វ៉ាយហ្វាយ​ដែល​បាន​ភ្ជាប់​ គឺ​ជា​វ៉ាយហ្វាយ​ដែល​មាន​ប្រភព​ច្បាស់​លាស់, ចៀសវាង​ការ​ចូល​ទៅ​ក្នុង​គណនី​សំខាន់ៗ​ ដូចជា​ ធនាគារ ​iCloud ​និង​ Email​ ជាដើម, ​បិទ​ប្រព័ន្ធ​វ៉ាយហ្វាយ​ពេល​ដែល​លោក​អ្នក​ ពុំ​ត្រូវ​ការ​ប្រើប្រាស់ និងបិទ ​Network Sharing ​នៅ​លើ​កុំព្យូទ័រ​ដើម្បី​ចៀសវាង​កុំឲ្យកុំព្យូទ័រ​ដទៃ​ទៀត​ ភ្ជាប់​ចូល​កុំព្យូទ័រ​របស់​លោក​អ្នក។​

សូមជំរាបថា តួលេខ​ដែល​ចេញដោយ​និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា​ កាល​ពីថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​ បានបញ្ជាក់ឲ្យដឹង​ថា ​គិត​ត្រឹម​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ស្ថិតិ​សេវា​អ៉ីនធឺណេត​ចល័តមាន​ចំនួន​ ជិត​១៣​លាន​ស៉ីម​កាត​(១២.៩៧៤.៣១៩​ស៉ីម​កាត)​។ ចំណែក​អ្នក​ប្រើប្រាស់សេវា​អ៉ីនធឺណេត​អចល័ត ​មាន​ចំនួនជាង១០ម៉ឺននាក់ (១៤៧.៥៩៦​នាក់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here