បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានរំលោភលើច្បាប់ថ្មីស្ដីពី សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត។ រំលោភលើច្បាប់ថ្មីនេះ ដោយសារតែក្រុមហ៊ុនហ្វេសប៊ុក នៅតែបន្ដអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន បង្ហោះសារប្រឆាំងរដ្ឋាភិបាលដដែល។
បើទោះបីជាមានការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបើកចំហចំពោះការផ្លាស់ប្ដូរក្នុងសង្គមពិតមែន ក៏គណបក្សកុម្មុយនីស្ដវៀតណាម នៅតែរក្សាការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹងបំផុត និងមិនអត់ឱនឲ្យពួកប្រឆាំងឡើយ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិយាយថា ក្រុមហ៊ុនហ្វេសប៊ុកមិនបានឆ្លើយតបនឹងសំណើរបស់វៀតណាម សុំឲ្យលុបចោលគេហទំព័រ ដែលបង្កសកម្មភាពប្រឆាំងរដ្ឋឡើយ។ ក្រៅពីនេះក្រុមហ៊ុនហ្វេសប៊ុកបន្ដអនុញ្ញាតឲ្យមានគណនីឯកជន បង្ហោះព័ត៌មានប្រឆាំងរដ្ឋាភិបាល បង្កាច់បង្ខូចនិងបរិហារកេរ្ដិ៍បុគ្គលនិងអង្គការក្រៅរដ្ឋាភិបាលថែមទៀត។
យ៉ាងណាមិញនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ក្រុមហ៊ុនមានដំណើរការច្បាស់លាស់សម្រាប់រដ្ឋាភិបាលនានា រាយការណ៍ពីមាតិកាឬសារដែលខុសច្បាប់មកក្រុមហ៊ុន។ ក្រុមហ៊ុននឹងពិនិត្យមើលសំណើទាំងអស់នោះ ប្រសិនបើមានករណីប្រឆាំងច្បាប់ក្រុមហ៊ុន និងប្រឆាំងច្បាប់ក្នុងស្រុករបស់ប្រទេសនោះ៕
