New York Times: ប៉ូលិសអាមេរិក FBI ស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ ថាបានធ្វើការជាសំងាត់ឱ្យរុស្ស៊ីដែរឬទេ?

0

សារព័ត៌មាន New York Times បានរាយការណ៍ថាប៉ូលិសអាមេរិក FBI បានបើកការស៊ើបអង្កេតមួយលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាតើបានលួចធ្វើការជាសំងាត់ឱ្យរុស្ស៊ីដែរឬទេ។ សារព័ត៌មានអាមេរិកនេះដដែល បានបញ្ជាក់ទៀតថាក្រុមមន្ត្រីអនុវត្តច្បាប់មាន ការព្រួយបារម្ភជាខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ត្រំា បណ្ដេញអតីតនាយក FBI លោក James Comey ចេញពីតំណែង កាលពី ខែឧសភា ឆ្នាំ២០១៧ ហើយប៉ុណ្ណោះការស៊ើបអង្កេតនេះក៏បានត្រួតពិនិត្យផងដែរថាតើប្រធានាធិបតីអាមេរិករូបនេះគឺជាការគំរាមកំហែង ផ្នែកសន្តិសុខជាតិ ឬក៏យ៉ាងណា។

តើការស៊ើបអង្កេតរបស់ FBI ផ្តោតសំខាន់លើអ្វី?​

យោងតាម New York Times ការស៊ើបអង្កេតរបស់ FBI គឺជាការស៊ើបអង្កេតប្រឆាំងនឹងការស៊ើបការសំងាត់ និងបទឧក្រិដ្ឋ។ ការស៊ើបអង្កេត ប្រឆាំងនឹងការស៊ើបការសំងាត់ត្រូវបានធ្វើឡើងក្នុងចេតនាបញ្ជាក់ការពិតថាតើលោក ដូណាល់ ត្រាំ បានជួយរុស្ស៊ីប្រឆាំងនឹងផលប្រយោជន៍ អាមេរិក ឬក៏បានធ្លាក់ក្រោមឥទ្ធិពលរបស់ទីក្រុងម៉ូស្គូដោយមិនដឹងខ្លួន។ ចំណែកឯ ការស៊ើបអង្កេតលើបទឧក្រិដ្ឋគឺមានគោលបំណងស្វែងរក ការពិតនៅពីក្រោយការបណ្ដេញអតីតនាយក FBI លោក James Comey ពីសំណាក់លោក ដូណាល់ ត្រាំ គឺជាទង្វើរំខាន ឬបង្កឧបសគ្គដល់ ប្រព័ន្ធយុត្តិធម៌អាមេរិកដែរឬទេ។

តើមានអ្វីកើតឡើងនៅក្នុងការស៊ើបអង្កេត?

សារព័ត៌មាន New York Times បានឱ្យដឹងទៀតថាការស៊ើបអង្កេតរបស់ FBI ក៏ត្រូវបានបញ្ចូលផងដែរទៅក្នុងការងាររបស់រដ្ឋអាជ្ញាពិសេស អាមេរិក លោក Robert Mueller ដែលកំពុងដឹកនាំការស៊ើបអង្កេតលើក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ព្រមទាំង ការលូកដៃពីសំណាក់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកាលពីឆ្នាំ២០១៦។

លោក Mueller ត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេសអាមេរិក តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Comey ត្រូវបានបណ្ដេញចេញពីតំណែង។ ចំណែកឯ លោក ត្រាំវិញ បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ហើយថាការស៊ើបអង្កេតរបស់លោក Mueller ក្នុងសំណុំរឿងរុស្ស៊ី គឺជារឿងនយោបាយតែប៉ុណ្ណោះ បើទោះជាអតីតក្រុមមន្ត្រីជំនិតជាច្រើននាក់របស់លោក ត្រូវបានតុលាការចោទប្រកាន់ និងខ្លះទៀតត្រូវបាន កាត់ទោសដាក់ពន្ធនាគារក៏ដោយ។

គួរបញ្ជាក់ថា សេតវិមានបានថ្កោលទោស និងច្រានចោលសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក New York Times ជាមួយការបញ្ជាក់ ថាប្រធានាធិបតិអាមេរិកលោក ដូណាល់ ត្រាំ មិនមានទំនាក់ទំនងណាមួយនឹងរុស្ស៊ីនោះទេ តែផ្ទុយទៅវិញលោកបាននិងកំពុងចាត់វិធានការ ជាច្រើនប្រឆាំងនឹងទីក្រុងម៉ូស្គូ ដើម្បីការពារសណ្ដាប់ធ្នាប់អន្តរជាតិ និងផលប្រយោជន៍អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here