លើកនេះ​ចិនសម្ងំ​ផលិតភាពយន្តបែបវិទ្យាសាស្ត្រ​ ដោយខ្លួនឯង​តែម្តង​ហើយគ្រប់គ្នា​នឹងភ្ញាក់ផ្អើល​មិនខាន

0

កន្លងមកយើង​ទាំងអស់គ្នាធ្លាប់តែបាន​ទស្សនា ខ្សែភាពយន្តអវកាស​ល្បី​ៗ​របស់អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែនាពេល​នេះ​​ចិន​​កំពុងត្រៀម​ខ្លួនដាក់បញ្ចាំង​ជាផ្លូវការនូវ​ភាពយន្តអវកាស​ខ្នាត​ធំលើកដំបូង​​របស់ខ្លួន ខណៈ​ដែល​មហាយក្សលេខ ១ នៅអាស៊ីមួយនេះ​ កំពុងតែមាន​ការបោះពួយទៅមុខខ្លាំង​​ក្នុងវិស័យរុករក​នៅទីអវកាស មិនចាញ់លោក​ខាងលិចប៉ុន្មាន​នោះឡើយ។ នេះ​បើ​តាម​​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ល្ងាច​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៦។

​ខ្សែភាពយន្តខាង​លើមាន​ឈ្មោះថា «The Wondering Earth» បានយក​លំនាំរឿង​ចេញពីសៀវ​ភៅ​ប្រលោមលោក​​របស់ម្ចាស់​​ពាន​ Hugo Award គឺលោក លីវ ស៊ីស៊ីន (Liu Cixin)។ សាច់រឿង​ក្នុង​ខ្សែភាពយន្តនេះ គឺ​ដោយសារតែប្រឈមមុខ​​ជាមួយហានិភ័យ​​នៃ​ការ​ផុតរលត់​អាយុជីវិត​របស់​ព្រះអាទិត្យ​ មនុស្សលោក​យើងបានសាងសង់​ម៉ាស៊ីនដ៏ធំមហាសាល​មួយ ដើម្បីរុញច្រាន​​ផែនដី​​ចេញ​​ពីប្រព័ន្ធផ្កាយ​នេះ ហើយឆ្ពោះ​ទៅរកដំណើរផ្សងព្រេង​​រាប់សតវត្សរ៍​ដើម្បីស្វែងរក​ព្រះអាទិត្យថ្មី ក្នុងលំហអវកាស​ដ៏ធំល្វឹង​ល្វើយ​។

គួរជម្រាបថា ​ការចាក់បញ្ចាំង​ពិសេសមួយក៏ត្រូវបានធ្វើឡើង​​ផងដែរ ​ក្នុងមជ្ឈមណ្ឌល​អវកាសចិន ដែលស្ថិតនៅ​ភាគខាងជើង​​ទីក្រុង​​ប៉េកាំង កាលពីយប់​ថ្ងៃអាទិត្យ មុនពេលត្រូវដាក់​បញ្ចាំងជាផ្លូវការ​​​ នៅតាម​រោងភាពយន្តក្នុងប្រទេសចិន​​ទាំង​មូល​​នៅ​ថ្ងៃ​ទី០៥ ខែកុម្ភៈ ​ដែលជាថ្ងៃដំបូងនៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ចិន​។ ដូច្នេះ​​ជនជាតិចិន និង​ជនបរទេស​​ដែល​នៅក្នុង​ប្រទេសចិន ពិតជាមាន​សំណាងបាន​ទស្សនា​ភាពយន្តនេះមុនគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here