Facebook បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅជុំវិញការទទួលយកក្រុមហ៊ុន GrokStyle ដែលជាអាជីវកម្មមានមូលដ្ឋានក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក មានប្រើប្រាស់បច្ចេកវិទ្យា AI ជំនួយដល់អ្នកប្រើប្រាស់ក្នុងការទិញគ្រឿងសង្ហារិម។
ថ្លែងពីអ្នកនាំពាក្យ Vanessa Chan ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ “យើងពិតជារំភើបនឹងការស្វាគមន៍ GrokStyle មកកាន់ Facebook ដោយក្រុមការងារនិងបច្ចេកវិទ្យារបស់ពួកគេនឹងចូលរួមក្នុងការបង្កើនប្រសិទ្ធភាព AI របស់យើង”។
ក្រុមហ៊ុនយក្សរបស់អាមេរិកអាចនឹងច្របាច់បញ្ចូលគ្នានូវបច្ចេកវិទ្យា AI ដែលខ្លួនកំពុងដុតដៃដុតជើងអភិវឌ្ឍជាមួយបុគ្គលិកថ្មីចេញពី GrokStyle មកសិក្សាឲ្យស៊ីជម្រៅដើម្បីទាញប្រយោជន៍ដល់សេវាកម្ម Facebook Marketplace ដែលផ្ដល់ការទិញដូររបស់របរពីអ្នកប្រើប្រាស់លើបណ្តាញសង្គមតែមួយ។
រំឭកថានេះជាការទិញយកលើកទីពីរហើយសម្រាប់ឆ្នាំ ២០១៩ ដោយកាលពីដើមខែកុម្ភៈ Facebook ក៏ទើបជះលុយទិញក្រុមហ៊ុនបច្ចេកវិទ្យា Chainspace។ ដោយឡែកនាឆ្នាំចាស់ក្រុមហ៊ុននេះបានទិញយកស្ថាប័នដទៃដល់ទៅ ៤ ឯណោះរួមបញ្ចូលទាំងអាជីវកម្មផ្តោតសំខាន់លើបច្ចេកវិទ្យា AI និងសេវាផ្ញើសារ។
