កិច្ចចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាមេរិក ត្រូវចាប់ផ្តើម ធ្វើជាបន្តទៀត នៅថ្ងៃចន្ទនេះ នៅទីក្រុងប៉េកាំង ព្រោះពេលវេលាកាន់ខើចហើយ។ អង្គការមូលនិធិ បានឆ្លៀតព្រមានថា បើមហាអំណាចទាំងពីរ ពុំអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មបានទេ នោះគឺសេដ្ឋកិច្ចពិភពលោកទាំងមូលដែលត្រូវរងគ្រោះ ពីព្យុះភ្លៀងនៃសង្គ្រាមដំឡើងពន្ធគយរបស់មហាយក្សទាំងពីរហើយ។
ប្រតិភូអាមេរិក ទទួលបន្ទុកចរចាដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយចិន បានអញ្ជើញទៅដល់ក្រុងប៉េកាំងហើយ ដោយគ្មានធ្វើសេចក្តីថ្លែងការណ៍អ្វីមួយម៉ាត់ទៅកាន់អ្នកសារព័ត៌មានទេ។ កិច្ចពិភាក្សា ក៏បានចាប់ផ្តើមតាំងពីព្រឹក នៅក្នុងទីកន្លែងសម្ងាត់មួយ។ ប៉ុន្តែគ្មានប្រភពផ្លូវការចិន ឬអាមេរិកណាមួយ បញ្ជាក់លម្អិតអំពីជំនួបថ្ងៃនេះទេ។
ការចរចាថ្ងៃនេះ គឺជាការជំនួបពិភាក្សាត្រៀមមុនការបើកជំនួបធំ នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រខាងមុខ រវាងតំណាងជាន់ខ្ពស់នៃប្រទេសទាំងពីរ ៖ ខាងអាមេរិកតំណាងដោយអ្នកទទួលខុសត្រូវក្នុងក្រសួងពាណិជ្ជកម្មលោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Steven Mnuchin ចំណែកខាងចិនតំណាងដោយលោកឧបនាយករដ្ឋមន្ត្រី លីវ ហេ និងអភិបាលធនាគារកណ្តាល លោក យី ហ្កង់ Yi Gang។
តំណាងប្រតិភូទាំងពីរភាគីធ្លាប់បានជួបពិភាក្សាម្តងហើយ កាលពីខែមករាកន្លងទៅនៅទីក្រុងវ៉ាស៊ីនតោន ជាមួយលទ្ធផលគួរជាទីសង្ឃឹម ដោយលោកឧបនាយករដ្ឋមន្ត្រីចិន បានជួបជជែកដោយផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំផង និងដោយបានបើកផ្លូវឱ្យជំនួបបន្តនៅពេលនេះ នៅទីក្រុងប៉េកាំង។
ប៉ុន្តែក្រោយបានប្រកាសនិងបង្ហាញទស្សនៈបែបសុទិដ្ឋនិយមលើការចរចា កាលពីសប្តាហ៍មុន វ៉ាស៊ីនតោន បានបង្ហើរពាក្យគួរឱ្យព្រួយបារម្ភទៅវិញ ថា នៅមានចំណុចជាឧបសគ្គខ្វែងគ្នាជាច្រើនទៀតណាស់ ដែលអាមេរិកនិងចិនត្រូវប្រឹងជំនះដោះស្រាយនឹងគ្នា។ ជាងនេះទៅទៀត លោកដូណាល់ ត្រាំ ដែលធ្លាប់បានប្រកាសចង់មានជំនួបប្រជុំជាមួយលោក ស៊ីជីនពីង ជាថ្មីក្នុងពេលឆាប់ៗនោះ បានគូសបញ្ជាក់ឡើងវិញថា លោកគ្មានគម្រោងជួបសមភាគីមុនឱសានវាទនាដើមខែមីនាឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងជំនួបនៅប្រទេសអាហ្សង់ទីន ប្រធានាធិបតី ចិននិងអាមេរិក បានព្រមព្រៀងគ្នាផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ ដើម្បីរកដំណោះស្រាយតាមផ្លូវចរចា។ ផុតឱសានវាទនេះ ពោលគឺចាប់ពីថ្ងៃទី ១ មីនាទៅ បើគ្មានកិច្ចព្រមព្រៀងទេ សង្គ្រាមពាណិជ្ជកម្ម តាមរយៈការដំឡើងពន្ធគយគ្នាទៅវិញទៅមក នឹងចូលជាធរមាន។ ការនាំចូលផលិតផលចិនទៅអាមេរិកក្នុងទំហំ២ពាន់លានដុល្លារអាមេរិក នឹងកើនឡើងប្រមាណពី ១០ទៅ២៥%។ ប្រសិនបើសេណារីយោនេះកើតឡើងមែន នោះគឺសេដ្ឋកិច្ចពិភពលោកទាំងមូល ដែលត្រូវរងគ្រោះ។ នេះបើតាមការព្រមានរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិFMI៕
