ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាបានស្គាល់ហើយ អំពីកម្មវិធីកំពុងតែល្បីល្បាញមួយឈ្មោះថា TikTok ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតជាវីដេអូក្នុងរយៈពេល 15 វិនាទី ដូចជាវីដេអូបែបកំប្លែង ការសម្ដែង ការរាំច្រៀង និងថែមទាំងអាចធ្វើមាត់និយាយតាមសម្លេងដើមផងដែរ។ ទោះបីជាយ៉ាងក៏ដោយ ផ្នែកអាក្រក់មួយចំនួនដែលមាននៅក្នុងកម្មវិធីនេះ ដូចជាការស្លៀកពាក់មិនសមរម្យ បូករួមនឹងការគំរាមកំហែង ការសម្ដែងភាពមិនសមរម្យ ឬក៏និយាយពាក្យមិនល្អទៅនរណាម្នាក់នៅក្នុង TikTok (Cyberbullying) ក៏មានការកើនឡើងខ្ពស់ ដោយប្រទេសឥណ្ឌាគិតថានេះជាអំពើខុសពីប្រពៃណីខ្លួន និងកំពុងតែចង់បិទកម្មវិធីនេះ ឈប់ឲ្យប្រជាជនខ្លួនប្រើប្រាស់តែម្ដង។
កាលពីប៉ុន្មានថ្ងែមុខនេះ នៅក្នុងរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា បានចេញមតិចង់ហាមឃាត់អ្នកប្រើប្រាស់ និងអាចបិទកម្មវិធី TikTok ចោលតែម្ដង ដោយបានចោទប្រកាន់ថាវាបណ្តាលឱ្យ “ប៉ះពាល់ដល់វប្បធម៌ជាតិខ្លួន” ហើយថែមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មាន រដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា គឺលោក M Manikandan បាននិយាយប្រាប់ឲ្យដឹងថា គាត់កំពុងតែមានផែនការទប់ស្កាត់កម្មវិធី TikTok ហើយក៏បានជម្រុញឱ្យរដ្ឋាភិបាលរបស់ខ្លួនមានវិធានការ ក្នុងការបិទដំណើរការកម្មវិធីមួយនេះផងដែរ។ នេះបើយោងតាមរបាយការណ៍មួយ បានបង្ហាញអំពីផលប៉ះពាល់អាក្រក់យ៉ាងខ្លាំងថា កាលពីខែតុលា ឆ្នាំ 2018 បុរសវ័យ 24 ឆ្នាំម្នាក់បានលោតចូលពីមុខរថភ្លើង បន្ទាប់ពីគាត់ត្រូវបានគេសើចចំអក ហើយបង្ហោះវីដេអូមួយទៅលើ TikTok ដែលមានគាត់ស្លៀកពាក់សំលៀកបំពាក់ជាស្ត្រី ដោយគិតថាជាការលេងសើច ហើយក្មេងជំទង់ម្នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍មកថាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្រោយពីត្រូវបានជីដូនរបស់នាង ស្ដីបន្ទោសអំពីការប្រើប្រាស់កម្មវិធីមួយនេះថែមទៀតផង។
