Air France-KLM៖ បារាំង​សុំ​ការ​ពន្យល់​ពិ​ហូឡង់ រឿង​ទិញ​ភាគហ៊ុន​ស្ងាត់ៗ​

0

កាលពីល្ងាច​ថ្ងៃពុធ ទី២៧កុម្ភៈ រដ្ឋាភិបាលហូឡង់ បានប្រកាសឲ្យដឹង ថាខ្លួនបានសម្រេច​ទិញ​ភាគហ៊ុន​បន្ថែម ជា​ស្ថាពរ​​នៅក្នុង​ក្រុមហ៊ុន Air France-KLM។ បើ​តាម​ការបញ្ជាក់ ចាប់ពី​ពេលនេះ​ទៅ​​ ចំណែក​ភាគហ៊ុន​របស់​រដ្ឋ​ហូឡង់ ក្នុង​ក្រុមហ៊ុន Air France-KLM គឺមាន​ស្មើនឹង​​ចំណែក​ភាគហ៊ុន​ របស់រដ្ឋ​បារាំងដែរ។ ក្រោយការប្រកាស​ដ៏ភ្ញាក់ផ្អើល​នេះ លោក​ប្រធានាធិបតី​បារាំង បាន​ស្នើឲ្យ​ភាគីហូឡង់ ផ្តល់​ការ​ពន្យល់​ឲ្យបាន​ច្បាស់ ស្តីពី​ការ​សម្រេច​បង្កើន​ភាគហ៊ុន ដោយ​គ្មាន​បាន​ជូនដំណឹង​មួយម៉ាត់ មក​កាន់​​រដ្ឋា​ភិបាល​​បារាំង បែបនេះ។

រដ្ឋាភិបាលហូឡង់ បានប្រកាសឲ្យដឹងថា ប្រតិបត្តិការទិញយកភាញហ៊ុនមកវិញ នៅក្រុមហ៊ុន Air France-KLM បានសម្រេចចប់ស្ថាពរហើយ។ ​ជាមួយនឹងភាគហ៊ុនតម្លៃសរុប ៧៤៤លានអឺរ៉ូ រដ្ឋហូឡង់ នឹង​កាន់កាប់ភាគហ៊ុនសរុបចំនួន១៤% នៅក្នុងក្រុមហ៊ុនAir France-KLM ចាប់ពីពេលនេះទៅ។

នៅល្ងាចថ្ងៃពុធ ក្រោយបានទទួលដំណឹងដ៏ភ្ញាក់ផ្អើលនេះ លោកម៉ាក្រុង​ ប្រធានាធិបតីបារាំង បានបញ្ជាក់ថា រដ្ឋាភិបាលបារាំង ដែលមានភាគហ៊ុនចំនួនប្រមាណ១៤,៣% នៅក្នុងក្រុមហ៊ុន Air France-KLM មិនត្រូវបានភាគីហូឡង់ ផ្តល់ដំណឹងអំពីការទិញនេះទេ។ ដោយចាត់ទុក ការទិញភាគហ៊ុនដោយលាក់លៀមនេះ ថាជាទង្វើ “មិនសម​ជា​មិត្តនឹងគ្នា” លោកម៉ាក្រុង បានទាមទារ ឲ្យភាគីហូឡង់ ត្រូវតែពន្យល់​ឲ្យបានច្បាស់។

សូមរំលឹកថា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហូឡង់ បាន​អះអាងថា ជាមួយនឹងការបង្កើន​ភាគហ៊ុន​របស់រដ្ឋហូឡង់ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះ គឺវានឹងធ្វើឲ្យរដ្ឋហូឡង់ អាចមានឥទ្ធិពលខ្លាំង នៅក្នុងយុទ្ធសាស្ត្រធ្វើ​ជំនួញ របស់ក្រុមហ៊ុននេះ ទៅថ្ងៃអនាគត ហើយ​វា​ក៏​ជាវិធី ដើម្បីការពារប្រយោជន៍រួមប្រទេសហូឡង់ដែរ។

ដោយឡែក លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង បានលើកឡើងថា ភាគីទាំង២ បារាំង ហូឡង់ ត្រូវតែស្វែងរកច្រកចេញ មិនអាចបន្តនៅក្នុងស្ថានការណ៍នេះបានទេ បើសិនជាចង់ជួយដល់ក្រុមហ៊ុន Air France-KLM។ លោករដ្ឋមន្ត្រីបន្ថែមថា ការទិញភាគហ៊ុនដោយលាក់លៀម ស្ងាត់​ៗ​បែបនេះ គឺជារឿងមិនសមរម្យទាល់តែសោះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Air France-KLM គឺជាក្រុមហ៊ុនចំរុះ ច្របាច់បញ្ចូលគ្នារវាង ក្រុមហ៊ុនAir France របស់បារាំង និងក្រុមហ៊ុន KLM របស់ហូឡង់ តាំងតែពីឆ្នាំ២០០៤មក។ ថ្វីត្បិត​តែ​ក្រុមហ៊ុនទាំង២ បានរក្សានូវឯករាជ្យភាពរៀងខ្លួន តែភាពរកាំរកូសមិនត្រូវគ្នា ស្តីពីយុទ្ធសាស្ត្រអនាគត តែងតែមានជានិច្ច។ រដ្ឋាភិបាល​ហូឡង់ បានសំដែងការព្រួយបារម្ភថា ទៅថ្ងៃអនាគត Air France-KLM អាចនឹងផ្ទេរជើងយន្តហោះ ឲ្យមកចុះចតភាគច្រើន នៅព្រលានយន្តហោះក្រុងប៉ារីស ដែលធ្វើឲ្យព្រលានយន្តហោះ Schipol នៅក្រុងអាំស្ទែរដាំ ត្រូវដួលរលំ។

យ៉ាងណាមិញ គំរោងការចុះកិច្ចព្រមព្រៀងស្តីពីការបែងចែកការចុះចត នៅព្រលានយន្តហោះទាំង២ ត្រូវបានលប់ចោលវិញ ដោយភាគីបារាំង នៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកវិភាគលើកឡើងថា ការប្រជែងដណ្តើមគ្នា រវាងប្រទេស២ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់អឺរ៉ុបនេះ គឺមិនមែនជារឿងល្អសម្រាប់ Air France-KLM ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here