ប្រព័ន្ធអ៊ីនធ័រនែតពិភពលោកកំពុងប្រឈមនឹងការវាយប្រហារ ពីសំណាក់ក្រុមចោរជំនាញខ្លាំង។ វិស័យដែលជាទិសដៅនៃការវាយប្រហារ គឺរដ្ឋាភិបាល ភ្នាក់ងារចារកិច្ច ឬក្រុមហ៊ុនអាកាសចរណ៍។ នេះបើតាមការសេចក្តីប្រកាសអាសន្នរបស់ក្រុមអ្នកជំនាញអន្តរជាតិ (ICANN)។
ជាស្ថានភាពដែលពុំធ្លាប់ជួបប្រទះទេ ! អ៊ីនធ័រនែតពិភពលោក កំពុងក្លាយជាទិសដៅនៃការវាយប្រហារ ប្តូរអាស័យដ្ឋានគេហទំព័រអ៊ីនធ័រនែត។ ជាការវាយប្រហារលើប្រព័ន្ធរចនាសម្ព័ន្ធអ៊ីនធ័រនែត ដើម្បីប្រមូលទិន្នន័យ និងឈានទៅចាប់បានទាំងស្រុងនូវចរាចរណ៍របស់បណ្តាញ ដែលមានអាស័យដ្ឋាន .com .fr .gov ។ល។ និង។ល។ ពោលគឺការវាយប្រហារលើប្រព័ន្ធឈ្មោះ (Domain name System DNS) ដែលអនុញ្ញាតឱ្យកុំព្យូទ័រមួយអាចភ្ជាប់ទៅនឹងវិបសៃត៍អ៊ីនធ័រនែត។
ការវាយប្រហារតាមអ៊ីនធ័រនែតទ្រង់ទ្រាយធំធ្លាប់កើតមានជាញឹកញាប់ដែរ ប៉ុន្តែការវាយប្រហារដៅយទិសចំៗលើកនេះមានលក្ខណៈធំក្រៃ និងធ្ងន់ធ្ងរខ្លាំងពុំធ្លាប់ជួបប្រទះសោះឡើយ។ បើតាមក្រុមអ្នកជំនាញអន្តរជាតិ ចោរអ៊ីនធ័រនែត ដៅការវាយប្រហារ លើគ្រប់វិបសៃត៍របស់ស្ថាប័នរដ្ឋាភិបាលផង ឬភ្នាក់ងារចារកិច្ចឬប៉ូលិសផង ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនឧស្សាហកម្មប្រេង នៅតំបន់ដើមបូព៌ា និងនៅអឺរ៉ុប។
អ្នកជំនាញម្នាក់ យល់ថាការវាយប្រហារលើកនេះអាចមានប្រភពមកពីអ៊ីរ៉ង់ ឬដើម្បីគាំទ្រអ៊ីរ៉ង់ និងមានកម្មវត្ថុចង់ប្រមូលឱ្យបានអស័យដ្ឋានអ៊ីមែលនិងលេខសម្ងាត់។ អ្នកជំនាញម្នាក់ទៀតយល់ថា ក្រុមចោរហាគ័រចង់លួចលេខសម្ងាត់ជាពិសេសរបស់ប្រទេសលីបង់ ឬអេមៀរ៉ាត់អារ៉ាប់រួម។
ជាមួយនឹងការសម្រុកវាយប្រហាររបស់ពួកចោរអ៊ីនធ័រនែត ក្រុមអ្នកជំនាញយល់ថារចនាសម្ព័ន្ធរបស់វិបសៃត៍ខ្លះកំពុងរងការវាយប្រហារមួយភាគយ៉ាងដំណំទៅហើយ និងបានអំពាវនាវឱ្យអ្នកទទួលខុសត្រូវផ្នែកសន្តិសុខអ៊ីនធ័រនែតចាត់វិធានការឱ្យសមស្រប ដោយត្រូវប្រើពិធីសារ ការពារប្រព័ន្ធដែលមានឈ្មោះថា Domain Name System Sécurity Extensions។
ប៉ុន្តែពុំមានទេឧបករណ៍តែមួយគត់សម្រាប់ដោះស្រាយបញ្ហាវាយប្រហារលើកនេះ។ ត្រូវបង្កើនសុវត្ថិភាពDNSជាទូទៅឱ្យប្រសើរឡើងទើបបាន៕
