ក្រោយរងការចោទប្រកាន់ពីគណៈកម្មាធិការ FTC ជុំវិញបទរំលោភសិទ្ធលើព័ត៌មានឯកជនរបស់កុមារ កម្មវិធី TikTok ក៏ប្រញាប់ចាត់វិធានការកែសម្រួលជាបន្ទាន់ ដែលបណ្តាលឲ្យម្ចាស់គណនីជាច្រើនហាក់មានការប្លែកចិត្តជាខ្លាំង។
ការផ្លាស់ប្តូរនេះបានប៉ះពាល់ដល់រាល់គណនីថ្មីចាស់លើ TikTok ដោយទាមទារឲ្យបំពេញនូវឆ្នាំកំណើតជាក់លាក់។ អ្នកប្រើប្រាស់ខ្លះក៏បានរាយការណ៍ថាវីដេអូរបស់ពួកគេស្រាប់តែបាត់បង់ទាំងស្រុង ដោយគ្មានសារព្រមាន ក្រោយវាយបញ្ចូលឆ្នាំកំណើតបញ្ជាក់ថាមានវ័យទាបជាង ១៣ ឆ្នាំ។
តាមការឆ្លើយតបពី TikTok នៅលើបណ្តាញសង្គម Twitter សម្រាប់គណនីណាមួយប្រសិនរកឃើញថាមានភាពខុសប្រក្រតី អាចរាយការណ៍ទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ តាមរយៈការបញ្ជាក់ជូននូវអត្តសញ្ញាណប័ណ្ណឬប័ណ្ណសម្គាល់ណាមួយ។
រំឭកថាក្រុមហ៊ុនមេ Bytedance របស់ចិនដែលជាអ្នកបង្កើត TikTok ទើបតែរងការផាកពិន័យប្រមាណ ៥,៧ លានដុល្លារ កាលពីពេលកន្លងទៅនេះ ក្រោយបំពានលើច្បាប់ប្រមែប្រមូលទិន្នន័យរបស់កុមារដោយគ្មានការព្រមព្រៀងពីអាណាព្យាបាល។

