TikTok ​ត្រូវ​បង់​ប្រាក់​ពិន័យ​ប្រមាណ ៥,៧ លាន​ដុល្លារ​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមែប្រមូល​ព័ត៌មាន​ឯកជន​របស់​កុមារ

0

កម្មវិធី​វីដេអូ​កម្សាន្ត TikTok ​នឹង​ត្រូវ​បង់​ប្រាក់​ពិន័យ​ប្រមាណ ៥,៧ លាន​ដុល្លារ​ ជូន​គណៈកម្មាធិការ FTC របស់​សហរដ្ឋអាមេរិក ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមែប្រមូល​ព័ត៌មាន​ឯកជន​របស់​កុមារ។ TikTok ដែល​ទើប​ទិញ​បាន​ Musical.ly ជា​ប្រភេទ​ប្រភេទ​កម្មវិធី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ថត​វីដេអូ​ខ្លី​របស់​ពួក​គេ​ចែកចាយ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ ដោយ​កន្លង​ទៅ​មាន​ការ​ចុច Download ច្រើន​ជាង ១ ពាន់​លាន​ដង​លើ iOS និង Android។

FTC បាន​ចោទ​ប្រកាន់​ថា ​ប្រតិបត្តិ​ករ​កម្មវិធី​ បាន​រំលោភ​លើ​ច្បាប់​ការពារ​សិទ្ធ​ឯកជន​តាម​អ៊ីនធឺណិត​របស់​កុមារ ដោយ​មិន​ទទួល​ការ​ព្រមព្រៀង​ពី​អាណាព្យាបាល​ មុន​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ចេញពី​អ្នក​ប្រើប្រាស់​ក្រោម​អាយុ ១៣ ឆ្នាំ។ ជាង​នេះ​ទៅ​ទៀត​កម្មវិធី​កម្សាន្ត​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ក៏​មិន​បាន​លុប​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទាំង​នោះ អំឡុង​ពេល​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​សំណាក់​អាណាព្យាបាល​ និង​កូនៗ​របស់​ពួក​គេ។

ឆ្លើយតប​នឹង​បញ្ហា​នេះ TikTok ក៏​បញ្ចេញ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ចែក​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ប្រើប្រាស់​មាន​វ័យ​ក្រោម ១៣ ឆ្នាំ ​ដោយ​ឈប់​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ចែកចាយ​វីដេអូ​លើ TikTok បន្ត​ទៀត បញ្ឈប់​ការ​បញ្ចេញ​មតិ​លើ​វីដេអូ​របស់​អ្នកដទៃ ការ​ផ្ញើ​សារ​ជាមួយ​អ្នក​ដទៃ​ជា​ដើម។

រំឭក​ផងដែរថា​ បន្ទាប់​ពី​ក្រុមហ៊ុន​យក្ស Bytedance បាន​ទិញ​យក Muscial.ly ​កម្មវិធី​មាន​ដើម​កំណើត​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក​មួយ​នេះ បាន​ទទួល​កំណើន​អ្នក​ប្រើប្រាស់​ដល់ ១០០ លាន​នាក់​ប្រចាំ​ខែ ស្រប​ពេល TikTok កម្មវិធី​មេ កាល​ពី​ខែ​សីហា​ឆ្នាំ​ទៅ ត្រូវ​បាន​គេ​រាយការណ៍​ថា​មានអ្នកប្រើប្រាស់​​ជាង ៥០០ លាន​នាក់ជុំវិញពិភពលោក ដោយ​តួលេខ​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​កុមារ។

LEAVE A REPLY

Please enter your comment!
Please enter your name here