Facebook ជាបណ្ឌាសង្គមយក្សមួយដែលមានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់ទូទាំងសកលលោក ដែលវាបានផ្តល់ប្រយោជន៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់និងការចែកចាយព័ត៌មាន ចំណេះដឹងបានរហ័សបំផុត។
យ៉ាងណាមិញប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន ៣ កន្លងមកក៏ធ្លាប់ជួបបញ្ហាជាមួយបណ្តាញសង្គមរបស់លោក Mark Zuckerberg រហូតឈានដល់ការបិទលែងឲ្យប្រើប្រាស់ក្នុងប្រទេសទាំងមូលត្រឹមរយៈពេលបណ្តោះអាសន្នណាមួយ។
១.វៀតណាម:
កាលពីខែមករា ឆ្នាំ ២០១៤ ប្រទេសវៀតណាមបានចេញផ្សាយច្បាប់ Decree 174 ជាច្បាប់ដែលកំណត់ថានឹងផាកពិន័យទឹកប្រាក់ ៤ ៧០០ ដុល្លារ ដល់ជនណាមួយដែលផ្ទុះការរិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម។ ចូលដល់ខែឧសភា ឆ្នាំ ២០១៦ ក៏ឈានដល់ការផ្អាកចោលឲ្យលែងប្រើប្រាស់ប្រមាណ ២ សប្តាហ៍ ក្រោយមានការតវ៉ារបស់ក្រុមអ្នកប្រឆាំង ទាំងដែលប្រទេសនេះក្ដោបក្ដាប់អ្នកប្រើប្រាស់សរុបប្រមាណ ៥២ លាននាក់។
២.ថៃ:
ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលថៃបានចេញសំណើឲ្យ Facebook លុបចោលការបង្ហោះចំនួន ៣០៩ ដែលចោទថាជាការខុសច្បាប់ផ្អែកតាមច្បាប់កំណត់ស្តង់ដាររបស់ប្រទេសខ្លួន ប៉ុន្តែ Facebook បានលុបអស់តែ ១៧៨ គត់ ដោយនៅសល់ ១៣១។ គ្រានោះអាជ្ញាធរថៃក៏ចេញវិធានការព្រមានថាបើក្នុងចំណោម ១៣១ ដែលនៅសេសសល់ រកឃើញថាជាមាតិកាខុសច្បាប់ណាមួយ ខ្លួននឹងបិទចោលមិនឲ្យអ្នកប្រើប្រាស់ប្រមាណ ១៤,៨ លាននាក់អាចភ្ជាប់ទៅកាន់ Facebook បាន។ ដោយកត្តានេះហើយ Facebook បានប្រញាប់ចាត់ចែងបញ្ចប់រឿងនេះយ៉ាងរហ័សបំផុត។
៣.ម៉ាឡេស៊ី:
Facebook ក៏ធ្លាប់ត្រូវបានបិទចោលប៉ុន្មានថ្ងៃនៅម៉ាឡេស៊ី អំឡុងពេលផ្ទុះបាតុកម្មអេហ្សីបនាឆ្នាំ ២០១១៕
