ការប្រណាំងប្រជែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្ដិ កំពុងតែចាប់ផ្ដើមហើយជាមួយនឹងការចំណាយក៏សម្បើមដែរ។ ដូច្នេះដើម្បីអាចប្រជែងបាន ការចាប់ដៃសហការគ្នារវាងក្រុមហ៊ុនមួយនឹងមួយ គឺជារឿងដែលចាំបាច់បំផុត ហើយក៏ជាវិធីសាស្ដ្រដែលក្រុមហ៊ុនផលិតរថយន្ដគ្រាក់ៗរបស់អាល្លឺម៉ង់ចំនួនពីរ គឺBMWនិងDaimlerបានចាប់ផ្ដើមអនុវត្ដ។
ក្រុមហ៊ុនផលិតរថយន្ដទាំងពីរបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ពួកគេនឹងធ្វើការរួមគ្នាអភិវឌ្ឍប្រព័ន្ធបើកបរស្វ័យប្រវត្ដិ។ ដូចដឹងហើយថាក្រុមហ៊ុនDaimlerមានរថយន្ដដ៏ល្បីឈ្មោះរបស់ខ្លួនម៉ាកMercedes-Benz ហើយBMWក៏ល្បីល្បាញមិនចាញ់គ្នា។ ហេតុនេះពួកគេនឹងចាប់ដៃបង្កើតប្រព័ន្ធបើកបរស្វ័យប្រវត្ដិ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននិងសម្រាប់ការចត។
ក្រុមហ៊ុនទាំងពីរក៏បើកទ្វារជានិច្ចសហការអភិវឌ្ឍបច្ចេកវិទ្យាស្វ័យប្រវត្ដិកម្រិតខ្ពស់ ដែលចាំបាច់សម្រាប់តំបន់ទីប្រជុំជន។ ក្រុមហ៊ុនទាំងពីរជាគូប្រជែងដ៏ខ្លាំងបំផុតក្នុងទីផ្សាររថយន្ដប្រណីតលើពិភពលោក។ ការចាប់ដៃគូជាមួយគ្នាពួកគេសង្ឃឹមនឹងអាចឈានទៅរកជ្រុងមួយកាន់តែប្រសើរក្នុងការប្រកួតប្រជែង ហើយអាចបង្កើនតម្លៃបានខ្ពស់ផងដែរ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុនHondaរបស់ជប៉ុន បានចាប់ដៃជាមួយក្រុមហ៊ុនGeneral Motorsរបស់អាមេរិករួចហើយ លើការផលិតរថយន្ដបើកបរដោយស្វ័យប្រវត្ដិ។ ចំណែកក្រុមហ៊ុនVolkswagenរបស់អាល្លឺម៉ង់ កំពុងបន្ដចរចាជាមួយក្រុមហ៊ុនFordរបស់អាមេរិក ពីការចងសម្ព័ន្ធភាពលើការផលិតរថយន្ដស្វ័យប្រវត្ដិនេះដូចគ្នា៕
