YouTube ជាប្រព័ន្ធចែកចាយវីដេអូដ៏ធំមួយក្នុងលោកដែលមានប្រើប្រាស់ក្នុងប្រទេសជាច្រើន ប៉ុន្តែដោយសារតែបញ្ហាមួយចំនួនបណ្ដាលឲ្យរដ្ឋាភិបាលប្រទេសមួយចំនួនបិទមិនឲ្យមានការប្រើ YouTube ជាបណ្ដោះអាសន្ន និង ជារៀងរហូត ក្នុងប្រទេសខ្លួន។
១. ប្រទេសចិន
មិនមែនតែ YouTube ទេ ពោលគឺសេវាកម្មរបស់ Google ទាំងអស់ រួមទាំង Facebok និង បណ្ដាញទំនាក់ទំនងសង្គមធំៗដទៃទៀតដែលមានប្រភពពីសហរដ្ឋអាមេរិក សុទ្ធតែត្រូវបានបិទមិនឲ្យប្រើប្រាស់ក្នុងប្រទេសចិន។ ការបិទលើកទីមួយចាប់ផ្ដើមនៅចុងឆ្នាំ ២០០៧ រហូតដល់ខែមីនាឆ្នាំ ២០០៨។ ក្រោយមកនៅឆ្នាំ ២០០៩ ក៏មានការបិទសារជាថ្មីដោយបិទមកទល់បច្ចុប្បន្ន ប៉ុន្តែនៅហុងកុង និង ម៉ាកាវនៅតែអាចប្រើ YouTube បាន។
២. ប្រេស៊ីល
ឆ្នាំ ២០០៧ Daniella Cicarelli អតីតមិត្តស្រី Cristiano Ronaldo បានប្រទះឃើញវីដេអូខ្លួនអាក្រាតនៅលើឆ្នេរសាច់បានបែកធ្លាយលើ YouTube។ ក្រោយមកតារាម៉ូដែលនេះក៏បានប្ដឹងទៅកាន់ YouTube ដោយបណ្ដាលឲ្យមានការបិទមិនឲ្យអ្នកប្រើប្រាស់នៅប្រេស៊ីលចូលទៅកាន់ YouTube បានរហូតដល់វីដេអូអាក្រាតបានលុបចេញ។
៣. ថៃ
នៅឆ្នាំ ២០០៦ ប្រទេសថៃបានបិទមិនឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសខ្លួនចូលទៅកាន់ YouTube បន្ទាប់ពីរកឃើញវីដេអូវាយប្រហារចំនួន ២០ ហើយបានទាមទារឲ្យ YouTube ដកវីដេអូទាំងនោះចេញទើបព្រមបើកឲ្យប្រើប្រាស់វិញ។ នៅឆ្នាំ ២០០៧ ប្រទេសថៃបានបិទ YouTube ម្ដងទៀតបន្ទាប់ពីឃើញវីដេអូរយៈពេល ៤៤ វិនាទីដែលបានប្រមាថដល់ព្រះមហាក្សត្រថៃ Bhumibol Adulyadej។ យ៉ាងណាក្ដីប្រទេសថៃបានបើកឲ្យប្រើ YouTube ជាថ្មីនៅថ្ងៃ ៣០ ខែសីហា ឆ្នាំ ២០០៧ បន្ទាប់ពី YouTube យល់ព្រមលុបវីដេអូដែលបង្ហាញពីការប្រមាថ។
៤. អ៊ីរ៉ង់
ចាប់ពីចុងឆ្នាំ ២០០៦ រហូតដល់ ២០០៩ ប្រទេសអ៊ីរ៉ង់បានបិទ YouTube បន្ទាប់ពីវីដេអូអាសអាភាសរបស់អ្នកចម្រៀងអូប៉េរ៉ាសញ្ជាតិអ៊ីរ៉ង់បានលេចធ្លាយលើបណ្ដាញនេះ។ នៅឆ្នាំ ២០១២ ក៏មានការបិទជាថ្មីបន្ទាប់ពីវីដេអូ Trailer ចំណងជើង Innocence of Muslims បានចេញផ្សាយលើ YouTube។ មកទល់ពេលនេះអ៊ីរ៉ង់នៅបិទមិនឲ្យប្រើ YouTube ដដែល។
៥. កូរ៉េខាងជើង
YouTube ត្រូវបានបិទនៅកូរ៉េខាងជើងដោយសារច្បាប់របស់ប្រទេសទាក់ទងនឹងអ៊ីនធឺណិត។ ចាប់តាំងពីខែមេសា ឆ្នាំ ២០១៦ មានការបិទលក្ខណៈពេញលេញ ប្រសិនបើនរណាម្នាក់ព្យាយាមបើក YouTube នឹងទទួលរងពិន័យតាមច្បាប់ប្រទេស៕
