នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុន Facebook បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃអង្គារ ទី៥ មីនា ក្រុមហ៊ុននឹងលុបសារ ហើយដកការផ្សាយពាណិជ្ជកម្មនយោបាយដែលអង្គការ ឬស្ថាប័ននៅបរទេសជាអ្នកចំណាយលុយ។ វិធានការនេះធ្វើឡើងដើម្បីទប់ស្កាត់ការលូកដៃជ្រៀតជ្រែកពីបរទេសនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីដែលគ្រោងរៀបចំនាខែមេសាខាងមុខ។ គួររម្លឹកថា បណ្តាញសង្គមពេញនិយមក្នុងលោកមួយនេះធ្លាប់បានសហភាពអឺរ៉ុបចោទប្រកាន់ពីបទយឺតយ៉ាវក្នុងយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិតលើគេហទំព័ររបស់ខ្លួន ពិសេសកង្វះតម្លាភាពទាក់ទងនឹងការផ្សាយពាណិជ្ជកម្មនយោបាយ។
សារ និងការផ្សាយពាណិជ្ជកម្មនយោបាយដែល Facebook លុបចោល និងដកចេញ គឺជាខ្លឹមសារដែលរៀបចំ និងចំណាយលុយដោយអង្គការ ឬស្ថាប័នដែលមានទីស្នាក់ការនៅបរទេស ហើយមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ គណបក្សនយោបាយ ឬមានគោលដៅលើកទឹកចិត្តអ្នកបោះឆ្នោតឲ្យបោះឆ្នោតអនុបវាទ។ តែ Facebook បានបញ្ជាក់ថា វិធានការនេះគ្រាន់ជាវិធានការបណ្តោះអាសន្នដើម្បីទប់ស្កាត់ការលូកដៃចូលជ្រៀតជ្រែកពីបរទេសនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីនាខែមេសាខាងមុខប៉ុណ្ណោះ។
គួររម្លឹកថានាដំណាច់ខែកុម្ភៈកន្លងទៅ គណៈកម្មការអឺរ៉ុបធ្លាប់បានបញ្ចេញប្រតិកម្មប្រឆាំងនឹងមហាក្រុមហ៊ុនអ៊ីនធឺណែត ឬក្រុមហ៊ុនបណ្តាញសង្គមគ្រាក់ៗដូចយ៉ាង Google Facebook ឬ Twitter ពីភាពអូសជើងនៅក្នុងយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ពិសេសពីកង្វះតម្លាភាពទាក់ទងនឹងការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈនយោបាយនៅលើគេហទំព័ររបស់ខ្លួន។ នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ Facebook បានចេញមុខទទួលស្គាល់ថា មានការលូកដៃពីបរទេសជួយចំណាយនៅយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិកាំង ពិសេសពីប្រទេសរុស្ស៊ី។
ដើម្បីទប់ស្កាត់កុំឲ្យរឿងរ៉ាវដូចគ្នានេះកើតមាននៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីនាខែមេសាខាងមុខ Facebook ត្រៀមខ្លួនប្រើកម្លាំងមនុស្ស និងបច្ចេកវិទ្យាគ្រប់យ៉ាងដើម្បីតាមលុបសារដែលមិនគោរពច្បាប់ឥណ្ឌូណេស៊ី។ សូមជម្រាបថា ទន្ទឹមនឹងសារនយោបាយ រដ្ឋអំណាចឥណ្ឌូណេស៊ីក៏កំពុងជួបការលំបាកក្នុងការទប់ស្កាត់សារញុះញង់ឲ្យមានការស្អប់ខ្ពើមនៅតាមបណ្តាញសង្គមពីពួកជ្រុលនិយមក្នុងស្រុកដែរ។ ក្រុងហ្សាការតាកំពុងបារម្ភថា ការវាយប្រហារលើជនជាតិភាគតិចសាសនា ឬជនជាតិភាគតិចត្រូវបានគេប្រើជាឧបករណ៍ដើម្បីធ្វើឱ្យបែកបាក់សង្គមឥណ្ឌូណេស៊ីកាន់តែខ្លាំងនាពេលដែលការបោះឆ្នោតប្រធានាធិបតីខិតចូលជិតមកដល់៕
