ជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងអាមេរិក និងចិនពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei បានក្លាយទៅជាបញ្ហាដ៏ក្តៅគគុក ប្រៀបបីដូចជាអណ្តាតភ្លើងកំពុងឆាបឆេះ។ មិនតែប៉ុណ្ណោះ ដោយសារតែបញ្ហានេះ នៅតែស្មុគស្មាញខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសដោយសារទទួលរងសំពាធយ៉ាងច្រើន រដ្ឋាភិបាលចិន និងក្រុមហ៊ុន Huawei កំពុងរៀបចំគម្រោងប្តឹងប្រឆាំងតបតទៅនឹងសហរដ្ឋអាមេរិកវិញ។
រដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei កំពុងតែរៀបចំប្តឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធទៅនឹងវិវាទពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងគ្នា ដែលកំពុងតែរីកសាយភាយខ្លាំងគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
រហូតមកដល់ពេលនេះ ខាងក្រុមហ៊ុន Huawei នៅរក្សាភាពស្ងប់ស្ងាត់ និងនៅមិនទាន់បានចេញមុខបកស្រាយជាផ្លូវការណាមួយឡើយ ទាក់ទងនឹងគម្រោងប្តឹងផ្តល់ខាងលើនេះ។ ក៏ប៉ុន្តែ បើតាមសារព័ត៌មាន Reuters រដ្ឋាភិបាលចិន នឹងរួមដៃគ្នាជាមួយ Huawei ប្តឹងរដ្ឋាភិបាលអាមេរិក ដោយសារតែខឹងហើយទ្រាំមិនបានតទៅទៀត ចំពោះសំពាធធំៗពីរ ដែលរដ្ឋបាលលោកត្រាំដាក់លើ Huawei។
បើតាមប្រភពពី Reuters ដដែល បណ្តឹងទី១ ចិនអាចប្តឹងអាមេរិក ពាក់ព័ន្ធនឹងរឿងដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សម្រេចអនុម័តលើច្បាប់ ហាមប្រាមទីភ្នាក់ងារសហព័ន្ធអាមេរិកមិនឲ្យទិញឧបករណ៍ទូរស័ព្ទពីក្រុមហ៊ុន Huawei។
ចំណែកបណ្តឹងទី២វិញ ក្រុមហ៊ុន Huawei នឹងតវ៉ាចំពោះអាមេរិក ដែលកាលពីឆ្នាំទៅ បានសម្រេចអនុម័តលើច្បាប់មួយផ្សេងទៀត ដែលតម្រូវឲ្យមានការត្រួតពិនិត្យលើ កិច្ចសន្យារវាងរដ្ឋាភិបាលអាមេរិក ជាមួយនឹងក្រុមហ៊ុនចិន ជាពិសេសហាមឃាត់មិនឲ្យទីភ្នាក់ងាររដ្ឋាភិបាល ប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei ឡើយ។
ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់ប្រើឧបករណ៍ និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដែរដោយបារម្ភខ្លាចពីបញ្ហាសុវត្ថិភាព។ នៅគ្រាកន្លងមក អាមេរិកធ្លាប់បានលើកឡើងថា គ្រឿងក្នុងទូរស័ព្ទរបស់ Huawei មានបំពាក់ឧបករណ៍ដើម្បីធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន។
យុទ្ធនាការរបស់អាមេរិកប្រឆាំងទៅនឹង ក្រុមហ៊ុន Huawei នៅមួយរយៈពេលចុងក្រោយនេះបានធ្វើឲ្យរដ្ឋាភិបាលចិន និងក្រុមហ៊ុន Huawei កើតទុក្ខមិនសុខចិត្តជាខ្លាំង។ មួយវិញទៀត គម្រោងប្តឹងតបតចំពោះទង្វើរបស់រដ្ឋាភិបាលអាមេរិកដែលរាំងខ្ទប់ដំណើររកស៊ីរបស់ Huawei គឺជាតឹកតាងបញ្ជាក់ថាចិនកំពុងក្រោកឈរតតាំងនឹងអាមេរិកដោយមិនខ្លាចរអាអ្វីឡើយ៕