បច្ចេកវិទ្យារបស់ចិន កំពុងមានការរីកចម្រើន និងមានឥទ្ធិពលខ្លាំងគ្របដណ្តប់លើវិស័យទូរគមនាគមន៍ពិភពលោក។ ក៏ប៉ុន្តែ បញ្ហាសន្តិសុខ គឺជាបញ្ហាចោទចំពោះបច្ចេកវិទ្យាទំនើបចុងក្រោយគេ 5G ដែលកំពុងអភិវឌ្ឍដោយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei។ នេះ គឺជាការក្រើនរំឭករបស់ប្រធានផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធើណែតជាតិអង់គ្លេស នៅក្នុងប្រទេសសិង្ហបុរីនាថ្ងៃចន្ទ ទី២៥ កុម្ភៈ។
ប្រទេសជាច្រើនកំពុងរង់ចាំប្រើបច្ចេកវិទ្យា 5G របស់ចិន ក៏ប៉ុន្តែបញ្ហាសុវត្ថិភាពបានធ្វើឲ្យ អតិថិជនខ្លាចរអាទៅវិញ។ ព័ត៌មានស្តីអំពីការធ្វើចារកម្ម តាមរយៈឧបករណ៍ទូរស័ព្ទរបស់ក្រុមហ៊ុនចិន កាន់តែល្បីឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យប្រទេសមួយចំនួន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្តមានឧបករណ៍ទូរស័ព្ទទំនើបៗ ដែលផលិតដោយក្រុមហ៊ុនចិន Huawei។
ជាក់ស្តែង ខណៈពេលដែលវត្តមាននៃបច្ចេកវិទ្យាថ្មីរបស់ Huawei ត្រូវបានហាមប្រាម មិនឲ្យចូលក្នុងទីផ្សារសហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ ប្រទេសអង់គ្លេសក៏ចាប់ផ្តើមធ្វើការត្រួតពិនិត្យលើផ្នែកសុវត្ថិភាព ដើម្បីសម្រេចថាតើគួរប្រើបច្ចេកវិទ្យារបស់ Huawei ក្នុងបណ្តាញ 5G របស់អង់គ្លេសឬក៏អត់។
ក្រៅពីនេះ កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ មន្ត្រីជំនាញជាច្រើនរូបរបស់មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណែតជាតិអង់គ្លេស បានជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Huawei។ ក្រោយកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នានៅលើចំណុចមួយចំនួន ដែលអង់គ្លេសទាមទារដើម្បីបំពេញតាមតម្រូវការសុវត្ថិភាពដ៏ខ្ពស់របស់រដ្ឋាភិបាលទីក្រុងឡុងដ៍។
ប្រធានផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធើណែតអង់គ្លេស បាននិយាយថា អង់គ្លេសត្រូវការទីផ្សារសេរីចម្រុះ ដែលពោរពេញទៅដោយការប្រកួតប្រជែងទាំងលើគុណភាព និងសុវត្ថិភាព ព្រមទាំងតម្លៃផងដែរ។ លោកសង្ឃឹមថា គ្រប់គ្នានឹងយល់អំពីហេតុផលដែលទីក្រុងឡុងដ៍ ប្រថុយគ្រោះថ្នាក់ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនចិនមានវត្តមាននៅក្នុងប្រទេស។
សូមជម្រាបជូនថា កាលពីឆ្នាំទៅមិញ អូស្ត្រាលីបានដាក់បម្រាមមិនឲ្យក្រុមហ៊ុន Huawei លក់ឧបករណ៍ទូរស័ព្ទដែលមានបំពាក់បច្ចេកវិទ្យា5G នៅក្នុងទីផ្សារអូស្ត្រាលីបានឡើយ ស្របពេលដែលនូវែលសេឡង់ បានដាក់កំហិត មិនឲ្យក្រុមហ៊ុនទូរគមនាគមន៍គ្រាក់ៗរបស់ខ្លួន ប្រើបច្ចេកវិទ្យារបស់ Huawei ដែរ។ ចំណែករដ្ឋអាជ្ញាអាមេរិកវិញ ថ្មីនេះៗកំពុងតែចោទប្រកាន់ក្រុមហ៊ុន Huawei ថាបានលួចបច្ចេកវិទ្យាពីអាមេរិក ដោយបំពានច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ។
សូមរំឭកជូនដែរថា បច្ចុប្បន្ននេះ Huawei គឺជាក្រុមហ៊ុនលក់ទូរស័ព្ទដៃស្មាតហ្វូនធំបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung និងជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរស័ព្ទឈានមុខគេ សម្រាប់បណ្តាញ 5G៕
