ទើបតែនាពេលថ្មីៗនេះ USB Implementers Forum (USB-IF) ដែលជាក្រុមហ៊ុន ធ្វើការគ្រប់គ្រងផ្នែកស្តង់ដាររបស់ USB បានដាក់ប្រកាស USB4 protocol ថ្មី និងមានសមត្ថភាពអាច បញ្ជូនទិន្នន័យបានរហូតដល់ 40Gbps ដែលជាល្បឿនដ៏លឿនមួយ មិនធ្លាប់មានពីមុនមកនោះឡើយ។ បើសិនជាយើងយកមក ប្រៀបធៀបជាមួយនឹង USB 3.1 នោះលទ្ធផលនឹងបង្ហាញមកឲ្យឃើញថា បច្ចេកវិទ្យា USB4 ថ្មីនេះ មានល្បឿនលឿនជាងដល់ទៅ 4 ដងឯណោះ ហាក់បីដូចជាមិនគួរឲ្យជឿសោះ។
ចំពោះបច្ចេកវិទ្យាខ្សែ USB4 ចុងក្រោយនេះ ប្រាកដជាមានអត្ថប្រយោជន៍ច្រើន នៅពេលដែលលោកអ្នក យកទៅភ្ជាប់ជាមួយនឹងឧបករណ៍ផ្ទុកទិន្នន័យ (External Hard Disk Drive) ឬក៏ការតភ្ជាប់ទៅកាន់ម៉ូនីទ័រផ្សេងៗ ដោយសារតែល្បឿនរបស់វា អាចធ្វើឲ្យរហ័សបានទាន់ចិត្តល្អ។ លើសពីនេះទៅទៀត USB4 Protocol អាចទប់ទល់កម្លាំងភ្លើងបានដល់ទៅ 100 វ៉ាត់ឯណោះ ហើយក៏អាចធ្វើការតភ្ជាប់ទៅ អេក្រង់បង្ហាញគុណភាព 4K នៅក្នុងល្បឿន 60hz (ឬក៏អេក្រង់ 5K) បានដល់ទៅ 2 អេក្រង់ក្នុងពេលតែមួយថែមទៀតផង។ ចំណែកឯអត្ថប្រយោជន៍មួយទៀតនោះគឺ នៅត្រង់ការហៅឈ្មោះតែម្ដង ដោយកាលពីមុនៗមកក្រុម USB-IF បានដាក់ឈ្មោះដូចជា USB 3.0, USB 3.1 និង USB 3.2 ហើយទៅជា USB 3.2 Gen 1 បន្ទាប់មក USB 3.2 Gen 2 និង USB 3.2 Gen 2×2 ដែលឈ្មោះទាំងអស់នេះ ធ្វើឲ្យមនុស្យជាច្រើនមានការច្រលំ ដូច្នេះនៅលើបច្ចេកវិទ្យាចុងក្រោយនេះ គឺមានឈ្មោះត្រឹមតែ USB4 ប៉ុណ្ណោះ ដោយមិនមែនជា USB 4.0 នោះឡើយ។
ខណៈពេលបច្ចុប្បន្ននេះ ក្រុម USB-IF បាននិយាយប្រាប់ បញ្ជាក់ឲ្យកាន់តែលម្អិតនៃ USB4 ចុងក្រោយនេះថា ខ្លួននឹងដាក់បញ្ចេញជាសាធារណៈ នៅក្នុងពាក់កណ្ដាលឆ្នាំ 2019 នេះហើយ ដូច្នេះយើងនឹងមានឱកាស ឃើញមានមានបច្ចេកវិទ្យា USB4 នៅលើឧបករណ៍ប្រើប្រាស់ថ្មីៗ ដែលដាក់ចេញក្នុងចុងឆ្នាំ 2019 នេះ ឬក៏អាចក្នុងដើមឆ្នាំ 2020 ផងដែរ។
សរុបមក បច្ចេកវិទ្យាចុងក្រោយ USB4 គឺពិតជាមានល្បឿនលឿន រហ័សទាន់ចិត្ត បើសិនជាយើងមើលទៅលើ សមត្ថភាពដែលត្រូវបាន ដាក់បង្ហាញឲ្យដឹងមកនេះ ក៏ប៉ុន្ដែប្រហែលជាអាចចំណាយពេល ដល់ទៅពីរ ឬបីឆ្នាំទៀតឯណោះ រហូតទាល់តែយើងឃើញមាន ឧបករណ៍អេឡិចត្រូនិកទាំងអស់ ប្រើប្រាស់នូវ USB4 ថ្មីនេះផងដែរ។
