ម៉ាស៊ីនហ្គេម Nintendo Switch ជាលក្ខណៈប្រភេទ Handheld ដែលអាចយកតាមខ្លួនបាន គឺពិតជាមានភាពនិយមយ៉ាងខ្លាំង តាំងពីពេលចេញដំបូងមក ដោយរហូតមកដល់ឆ្នាំ 2019 ទៅហើយ ក៏នៅមិនទាន់ហួសសម័យដែរ។ ខណៈពេលដែលមាន Hacker ជាច្រើន ព្យាយាមធ្វើការដំឡើងប្រព័ន្ធប្រតិបតិ្តការ Linux OS នៅលើម៉ាស៊ីនហ្គេម Nintendo Switch ដោយឥឡូវនេះ ក៏មាន Hacker ម្នាក់ទៀតអាចដំឡើង Windows 10 បានហើយ ក៏ប៉ុន្ដែវានៅមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេ។
ចំពោះមនុស្យទូទៅ ប្រាកដជាចង់បានម៉ាស៊ីនហ្គេម Nintendo Switch ដើម្បីយកមកកំសាន្ដអារម្មណ៍ ដោយការលេងហ្គេមនានា ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកលេងម្នាក់ៗ ដោយឡែក Hacker ឬក៏ Developer មួយចំនួនវិញ បែរជាយកទៅកែច្នៃជាអ្វីផ្សេង លើសពីសមត្ថភាពដែលក្រុមហ៊ុនផលិតផ្ដល់ឲ្យ ដោយជាលក្ខណៈចង់សាកល្បងអ្វីប្លែកៗផងដែរ។ ដោយដំបូងមក គឺប្រទះឃើញមានគណនី នៅលើកម្មវិធីបណ្ដាញសង្គម Twitter មួយ ដែលមានឈ្មោះថា “imbushuo” បានបង្ហោះរូបភាពមួយ ដែលបង្ហាញអំពីម៉ាស៊ីនហ្គេម Nintendo Switch ក៏ប៉ុន្ដែបែរជាជួបបញ្ហា “Recovery” ដែលមាននៅលើ Windows 10 ទៅវិញ និងបានសាកសួរឲ្យក្រុមហ៊ុន Nintendo និងក្រុមហ៊ុន Microsoft ជួយជុសជួលគាត់ផង ដោយក្នុងលក្ខណៈសួរលេងសើច។ មិនបានយូរប៉ុន្មានផង ស្រាប់តែបុគ្គលម្នាក់នេះ អាចធ្វើឲ្យរូបតំណាង Windows 10 លោតចេញមកបានទៀត ក៏ប៉ុន្ដែបើយើងមើលទៅ ហាក់បីដូចជាមិនដំណើរបានទៅមុខសោះ ពីព្រោះគាត់មិនបានដាក់បង្ហាញផ្ទៃ Desktop ពេញនោះឡើយ។
សរុបមក ដូច្នេះយើងអាចសន្មត់បានថា សម្រាប់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ Windows 10 នៅមិនទាន់អាចដំណើរការបានលើ ម៉ាស៊ីនហ្គេម Nintendo Switch ពេញលេញនៅឡើយទេ ដោយប្រហែលជាត្រូវធ្វើការ អភិវឌ្ឍន៍ជាច្រើនទៀត។ បើសិនជាប្រិយមិត្តអ្នកអាន មានការចាប់អារម្មណ៍ និងចង់ឲ្យម៉ាស៊ីនហ្គេម Nintendo Switch របស់អ្នកទាំងអស់គ្នា អាចដំឡើង Windows 10 បាន នោះក្រុមការងារ ខេមបូ រីផត នឹងដាក់ផ្សាយជូនតទៅទៀត នៅពេលដែលលោក imbushuo ដាក់បញ្ចេញសមិទ្ធិផលថ្មីៗទៀត នាពេលអនាគតខាងមុខ៕