ប្រទេសដែលមានគម្រោងធំៗ ជុំវិញការសិក្សាស្រាវជ្រាវភពនានា នៅក្នុងកាឡាក់ស៊ីរបស់យើង មិនមានច្រើនប៉ុន្មាននោះទេ ក្នុងនោះអាមេរិក តែងតែល្បីល្បាញជាគេ ហើយដេញជើងដោយរ៉ូហ្ស៊ីផងដែរ តែបើមើលមកមហាអំណាចសេដ្ឋកិច្ចចិនវិញឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យាទំនើបៗរបស់ចិន បានវិវឌ្ឍន៍ខ្លួនមិនចាញ់ប្រទេសធំៗទាំងនោះប៉ុន្មានទេ ហើយឆ្នាំក្រោយនេះ គម្រោងសិក្សាភពក្រហម (Mars) នឹងចាប់ផ្ដើមហើយ។
យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា មហាអំណាចសេដ្ឋកិច្ចចិន បានធ្វើសេចក្ដីប្រកាសជាសាធារណៈទៅកាន់ពិភពលោក ឲ្យបានដឹងអំពីគម្រោងធំៗចំនួន 4 របស់ខ្លួន នៅក្នុងខេត្ត Qinghai ផ្ដោតទៅលើការសិក្សាស្រាវជ្រាវ ឲ្យបានស៊ីជម្រៅនៅស្ថានអាវកាស នៅក្នុងឆ្នាំ 2030 ហើយក្នុងនោះមានគម្រោង 1 ត្រៀមនឹងចុះទៅភពព្រះអង្គារមុនគេ អាចចាប់ផ្ដើមឆាប់ៗខាងមុខនេះនាឆ្នាំ 2020។ សេចក្ដីប្រកាសនេះក៏បានបើកឲ្យសាធារណៈជនចូលរួមដោយសេរី ដើម្បីស្វែងយល់ឲ្យដឹងកាន់តែច្រើនអំពីគម្រោងធំៗទាំង 4 របស់ចិន ពិសេសយុវជនវ័យក្មេង ឲ្យពួកគេបានដឹងកាន់តែច្រើន ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មី នៅក្នុងអាគារដែលបានចំនាយប្រាក់សាងសង់ជាង 22 លានដុល្លារកាលពីឆ្នាំ 2018 កន្លងទៅ ដោយនៅក្នុងនោះគឺប្រៀបបានដូចជាពួកគេនៅលើភពព្រះអង្គារអញ្ចឹងដែរ។
ជុំវិញគម្រោងឡើងទៅភពព្រះអង្គារ របស់ចិននាឆ្នាំ 2020 ខាងមុខនេះនឹងនាំយកគ្រឿងចក្រវិទ្យាសាស្ត្រ ដើម្បីចុះទៅដល់ភពព្រះអង្គារ គឺសិក្សាបន្ថែមទៅលើភពទាំងមូល ដោយអ្នកវិទ្យាសាស្ត្រចិន នឹងត្រូវធ្វើការជាមួយអ្នកវិទ្យាសាស្ត្រអាមេរិកផងដែរ ព្រោះនៅទីនោះក៏មានគ្រឿងយន្តវិទ្យាសាស្ត្ររបស់ NASA ដែលកំពុងធ្វើការស្រាប់ ដោយគម្រោងនេះរួមមានផ្កាយរណបមួយ បង្ហោះនៅក្នុងស្រទាប់បរិយាកាសភព Mars ដើម្បីតាមដាន ថតរូប និងវីដេអូ ដើម្បីតាមដានការប្រែប្រួល ឬកាសផ្លាស់ប្ដូរផ្សេងៗ និងបញ្ចូនមកកាន់ផែនដីវិញ។ ទាំងនេះគឺជាអ្វីដែលខាងវិទ្យាសាស្ត្រចិនបានប្រាប់ ដោយឡែកសម្រាប់បេសកកម្មធំៗ 3 ផ្សេងៗទៀត នឹងផ្ដោតទៅលើការសិក្សាបន្ថែមជាមួយអាចម៍ផ្កាយ និងគម្រោងទី 3 គឺសិក្សាទៅលើភពព្រហស្បតិ៍ ខណៈពេលគម្រោងទី 4 នៅមិនទាន់ច្បាស់នោះទេ ព្រោះយ៉ាងហោចណាស់ក៏ 10 ឆ្នាំទៀតដែរ ទើបយើងអាចដឹងថាតើចិនមានគម្រោងសិក្សាទៅលើអ្វីបន្ថែមទៀត សម្រាប់ការស្រាវជ្រាវក្នុងទីអាវកាស។
