ទីភ្នាក់ងារសហប្រតិបត្តិការការពារជាតិ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់ឧទ្ធម្ភាគចក្រពហុបេសកកម្ម ប្រភេទ MH-60R Sikorsky ចំនួន ២៤គ្រឿងទៅឱ្យប្រទេសឥណ្ឌា ក្នុងតម្លៃ ២,៦ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន The Defense Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងការឆ្លើយតបរហ័សទៅកាន់ប្រទេសឥណ្ឌានៅក្នុងសំណើរ កាលពីចុងឆ្នាំនេះ គឺក្រសួងការបរទេសបាននិយាយថា ខ្លួនបានបញ្ជាក់ទៅសភាអំពីសំណើស្របច្បាប់ ដោយបានបើកភ្លើងខៀវសម្រាប់ប្រទេសឥណ្ឌាដើម្បីទិញឧទ្ធម្ភាគចក្រ ២៤ គ្រឿងដែលមានតម្លៃសរុបចំនួន ២,៦ពាន់លានដុល្លារ។
មានឈ្មោះហៅក្រៅថា Romeo ដែលជាឧទ្ធម្ភាគចក្រ multi-role Seahawk MH-60R ផលិតដោយក្រុមហ៊ុន Lockheed Martin ត្រូវបានរចនាឡើងសម្រាប់ការប្រមាញ់នាវាមុជទឹក ក៏ដូចជាវាយប្រហារនាវា និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ។
បើតាមទីភ្នាក់ងារសហប្រតិបត្តិការការពារជាតិ បានឱ្យដឹងថា សំណើលក់នេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិអាមេរិកដោយការជួយរឹតបន្តឹង ទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងឥណ្ឌា និងការធ្វើឱ្យប្រសើរឡើងផ្នែកសន្តិសុខនៃការការពារដ៏សំខាន់ក្នុងភាពជាដៃគូ៕