រដ្ឋាភិបាលអាមេរិក មានក្នុងដៃ នូវស្ថាប័នចារកម្មថ្នាក់សហព័ន្ធ ដែលស្ថាប័នទាំងនេះ មិនត្រឹមតែមានមុខងារស៊ើបយកការណ៍សម្ងាត់ សម្រាប់សេតវិមាន មន្ទីរបញ្ចកោណប៉ុណ្ណោះ តែពួកនេះ ថែមទាំងមានតួនាទី ធ្វើការបម្រើឲ្យក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ធនាគារជាតិ រួមទាំងក្រសួងថាមពល ល.ល ដែលសរុបទៅទាំងអស់ មានប្រមាណ ១៥អង្កការចារកម្ម បូកសរុបទៅជាសហគមន៍ស៊ើបយកការណ៍សម្ងាត់ ដែលអង្គការទាំងនេះ ត្រូវបានស្ថិតនៅក្រោម ការដឹកនាំ ចាត់ចែងដោយនាយកស៊ីអាយអេ (Director Of Central Intelligence DCI) ដែលក្នុងចំណោម១៥អង្គការចារកម្មនេះ មានស្ថាប័ន ៤ដ៏សំខាន់បំផុតនោះគឺ ៖
CIA (Central Intelligence Agency) អង្គការនេះចាប់កកើតឡើងនៅឆ្នាំ១៩៤៧ មានបញ្ជាការដ្ឋានដាក់នៅ Langley ស្ថិតនៅ Washington មានមន្ត្រីបុគ្គលិកបម្រើការអោយអង្កការនេះ ពី ១៦ ០០០ ទៅដល់ ២០ ០០០នាក់ រួមមានទាំងពលរដ្ឋសញ្ជាតិអាមេរិក និងជនបរទេស ។ CIA ត្រូវបានមតិសាធារណជនស្គាល់ច្បាស់ ដោយឆ្លងតាមរយៈ សកម្មភាព របស់អង្កការនេះ ក្នុងការធ្វើវិទ្ធង្សនាប្រឆាំង និងប្រទេសគុយបា អ៊ឺរ៉ុបខាងកើត ពួកប្រទេសអាមេរិកឡាទីន និងលើពិភពលោកទាំងមូល ។ ភារកិច្ចចម្បងរបស់ CIA គឺការរៀបចំចាត់តាំងសកម្មភាព លើទីតាំងជាក់ស្តែងនីមួយៗដោយធ្វើយ៉ាងណាឲ្យមានហ្វូងមនុស្ស ចូលរួមយ៉ាងតិចបំផុត ប្រមាណ ៥០០០នាក់ ក្នុង actions មួយ ។ គិតរហូតមកដល់ថ្ងៃនេះ CIA មានអាយុកាល ៧០ឆ្នាំ ហើយនាយក CIA តែងតែត្រូវបានចាត់ទុកថា ជាមន្ត្រីដ៏ជំនិត ឬជាជនដៃស្តាំរបស់ ប្រធានាធិបតីអាមេរិក ក្នុងការងារនៃព័ត៌មាន សម្ងាត់ របស់ប្រទេសជាតិ និងពិភពលោកទាំងមូល ! ។
NSA (National Security Agency) ស្ថាប័ននេះចាប់មានកំណើត កកើតនៅឆ្នាំ១៩៥២ ដែលមានបញ្ជាការដ្ឋានប្រចាំនៅ Fort Meade ក្នុងរដ្ឋ Maryland ។ អង្កការនេះមានបុគ្គលិកបំរើការ ច្រើនរហូតទៅដល់ ២១ ០០០នាក់ ហើយដែលមានកញ្ចប់ថវិកា សម្រាប់ចំណាយ ប្រមាណ ៣.៦កោដ៏ដុល្លារអាមេរិក ។ NSA ត្រូវបានប្រសិទ្ធិនាមថាជាត្រចៀករបស់ ពិភពលោក ដែលគ្មានទីណា កន្លែងណា គេហដ្ឋានណានិយាយជជែកគ្នា ហើយដែល NSA ចាប់សំឡេង លួចស្តាប់មិនបាននោះទេ! ។ NSA អាចស្តាប់បាននូវរាល់ការសន្ទនា លើពិភពលោកនេះបាន ដោយ NSA មានស្ថានីយ ស្រូបយក សំឡេង ត្រូវបានដាក់ពង្រាយក្នុងគ្រប់ទ្វីបហើយរាល់ស្ថានីយនេះមានទំនាក់ទំនង ដោយផ្ទាល់ជាមួយនិងប្រព័ន្ធ ផ្កាយរណប ដែលហោះក្នុងលំហរ អវកាស ហើយដែល គ្រប់ដណ្តប់ មកលើពិភពលោកនេះទាំងមូល ដោយរលកធាតុអាកាសនោះ ។ រាល់ការទាក់ទង និយាយគ្នា តាម Fax, Phone, Email, Yahoo Viber Tango Telegram ល.ល គឺ NSA បានថតនិងស្តាប់យកទាំងអស់! ។ នៅឆ្នាំ១៩៩៨ សភាអ៊ឺរ៉ុបបានធ្វើការថ្កោលទោសដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដោយបានប្រើប្រាស់ប្រព័ន្ធរ៉ាដា Echelon ដើម្បីលួចស្តាប់នូវរាល់ការសន្ទនាគ្នា នៅអឺរ៉ុបតាមរយៈ ផ្កាយរណប ! ហើយក៏បានដឹងថា NSA នេះក៏ជាអង្គការមួយយ៉ាង ជំនាញក្នុងការដឹកនាំការងារ មកលើរាល់សកម្មភាព ក្នុងការ Hacking ព័ត៌មានផងដែរ !។
NRO (National Reconnaissance Office) ជាអង្កការសម្ងាត់បំផុត ដែលមានបញ្ជាការដ្ឋាននៅ Chantilly ក្នុងរដ្ឋ Virginia ដោយអង្គការនេះបានកកើតឡើងនៅឆ្នាំ១៩៨០ ក៏ប៉ុន្តែរហូតដល់ឆ្នាំ១៩៩២ ទើបលេចមុខចេញជាផ្លូវការ ។ NRO គឺជាស្ថាប័នស៊ើបយកការណ៍សម្ងាត់ មួយ ដែលត្រូវបានផ្តល់ថវិកា ច្រើនជាងគេបំផុត (លើស CIA ពីរដង) តែមានមន្ត្រីបុគ្គលិកបម្រើអោយស្ថាប័ននេះមានប្រហែលតែ២០០នាក់ ដែលពួកនេះមានភារកិច្ចជំនាញខាងឡើងជាគំរោង ផែនការក្នុងការបាញ់ឬបង្ហោះផ្កាយរណបទៅ ក្នុងលំហរអាវកាស ដែលផ្កាយរណបទាំងនេះមានមុខងារ សម្រាប់តែលួចមើលពីលើអាកាសចុះមកផែនដី (Keyhole, Lacrosse, Rhyolite ) ជ័យជំនៈធំបំផុត នាពេលថ្មីៗនេះ របស់ NRO គឺការបាញ់បង្ហោះចូលទៅលំហរអាកាស នូវប្រព័ន្ធផ្កាយរណបមួយ ដែលអាចផ្តិតយករូបថត នូវវត្ថុមួយដ៏តូចស្មើនឹងផ្លែក្រូច នៅទោះបីកន្លែងណាមួយលើផែនដីនេះ ក៏អាចមើលឃើញយ៉ាងច្បាស់ តាមកញ្ចក់ទូរទស្សន៍ នៅ Washingtonដែរ បាន តាមរយៈការបញ្ជូនរូបភាពមួយនេះ ពីផ្កាយរណបឆ្ងាយរាប់ពាន់គីឡូ ម៉ែត្រ នោះដោយរូបភាព ទាំងនេះ ត្រូវបានថតនិងបញ្ចូនទៅបញ្ជាការដ្ឋាន តាមកាលប្រវត្តិរបស់វាដោយជាក់ស្តែងបំផុត ។
DIA (Defense Intelligence Agency) គឺជាស្ថាប័នស៊ើបយកការណ៍សម្ងាត់ របស់កង ទ័ពអាមេរិក ដែលមានកំណើតនៅឆ្នាំ១៩៦១ ហើយស្ថាប័ននេះ ត្រូវបានដាក់នៅក្នុងមន្ទីរបញ្ចាកោណតែម្តង! ។ មន្ត្រីនិងបុគ្គលិក ដែលបម្រើការនៅក្នុងស្ថាប័ន DIA នេះ មានប្រមាណ ៧០០០នាក់ ត្រូវបានផ្តល់ថវិកាសម្រាប់សកម្មភាពស្មើ ២/៣ របស់ CIA ដែលខ្ទង់ចំណាយនេះមានចំនួនច្រើនលើស៦ដង នៃថវិកាដែលរដ្ឋាភិបាលបារាំង បានចំណាយមកលើសកម្មភាព សម្រាប់ផ្នែកចារកម្មរបស់បារាំងផងនោះ! ។ DIA មានមុខងារ សម្រាប់តែសំរបសំរួល នូវរាល់ព័ត៌មានសម្ងាត់ បានមកពីការស៊ើបយកការណ៍សម្ងាត់ ពីកងទ័ពជើងអាកាស ជើងទឹក និងជើងគោក ដោយ DIA មានតួនាទីក្នុងការយកមក សំយោគវិភាគ និងសំរាំងយកព័ត៌មានសំខាន់ៗ ពាក់ព័ន្ធដល់បណ្តាទីតាំងយោធា និងយុទ្ធសាស្រ្តរបស់គូបក្ខដិបក្ខនិងពួកប្រទេសជា មិត្ត ។ DIA មានបុគ្គលិកបម្រើការប្រមាណ ២០០០នាក់ ដែលអ្នកទាំងអស់នេះ មួយភាគធំ គឺបាននឹងកំពុងប្រត្តិបត្តិការនៅក្រៅ ដែនដីអាមេរិក ក្នុងដែនដីបរទេស។
ក្នុងសង្គ្រាមលោកលើកទី២ មានក្រុមចារកម្មមួយ OSS Office of Strategic Services មានមុខងារស៊ើបយកការណ៍សម្ងាត់ ដែលក្រុមនេះ ត្រូវបានបង្កើតឡើងដោយ William Donovan តែដល់ខែតុលា ១៩៤៥ OSS នេះត្រូវបានរំសាយ ។ ពេលនោះ William Donovan បានលើកសំណើសុំអោយ ប្រធានាធិបតី Franklin D Roosevelt បង្កើតអង្កការ ចារកម្មថ្មីមួយ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ប្រធានាធិបតីដោយផ្ទាល់ ។ ហើយពិតមែនតែសំណូមពរនេះត្រូវមន្ទីរបញ្ចាកោណ ក្រសួងការបរទេស និង FBI ប្រឆាំងជំទាស់ក៏ដោយ ក៏នៅខែមករា ១៩៤៦ ប្រធានាធិបតី Harry S. Truman បានសម្រេចបង្កើតឡើងនូវស្ថាប័ន Central Intelligence Group ។ ពេលនោះ ជាតថភាព ក្នុងសតិអារម្មណ៍ របស់ថ្នាក់ដឹកនាំអាមេរិក មានដិតជាប់នូវស្នាមរបួសផ្លូវចិត្តមួយដ៏ធ្ងន់ ដោយព្រឹត្តិការណ៍ Pearl Harbour បានធ្វើអោយពួកគេមិនអាចបំភ្លេចបានូវស្លាកស្នាម មួយ នេះ គឺថ្ងៃដ៏ឈឺចាប់បំផុត ៧ ខែធ្នូ ឆ្នាំ១៩៤១ ថ្ងៃដែលកងទ័ពហ្វាក់ស៊ីសជប៉ុន បើកការវាយប្រហារ ពីអាកាសមកលើមូលដ្ឋានកងទ័ព ជើងទឹករបស់អាមេរិក Pearl Harbour នៅ Haiwaii ធ្វើឲ្យមានការខូចខាត បាត់បង់យ៉ាងធំធេងហួសពីការស្មាន នាំដល់ផ្នែកចារកម្មរបស់អាមេរិកបាត់ភាពម្ចាស់ការ ក្នុងការវាយតម្លៃ វិភាគសភាព ការណ៍ពេលនោះមិនត្រូវ ។
ឆ្នាំ១៩៤៧ CIA ចាប់កកើតមានជារូបរាងឡើងជាផ្លូវការ ហើយនៅឆ្នាំ១៩៤៩ CIA ត្រូវបានអនុញ្ញាតិ ឲ្យមានសិទ្ធក្នុងការប្រើប្រាស់ថវិកា ដោយសិទ្ធិនេះត្រូវអនុលោមទៅតាម គោលការណ៍សម្ងាត់ តែមិនស្ថិតនៅក្រោមការកំណត់របស់ពន្ធដារ ស្តីពីការងាររដ្ឋបាលក្នុងការចំណាយទាំងអស់ឡើយ !។ ពេលនោះ CIA មានសិទ្ធិពិសេសមួយដោយមិនចាំបាច់ រាយការណ៍ អំពីអង្កការលេខ ការងារចាត់តាំង មុខងារតួរនាទី អោយទៅទោះបីក្រសួងស្ថាប័ន ណាមួយឡើយ ! ដោយ CIA ទទួលខុសត្រូវ តែមួយគត់នៅចំពោះមុខសភា និងការទទួលខុសត្រូវមួយទៀត នៅចំពោះមុខប្រធានាធិបតីតែប៉ុណ្ណោះ !។ នាយក CIA គឺជាសមាជិកអចិន្ត្រៃយ៍ ក្នុងក្រុមសន្តិសុខរបស់ប្រធានាធិបតីដែលក្នុងនោះក៏មាន នាយករបស់ NSA និង DIA ផងដែរ ។ នៅក្នុងបទបញ្ញាតិក្នុងសេចក្តីណែនាំបង្កើត CIA មានប្រការមួយបាន ចែងយ៉ាងច្បាស់ថា ភារកិច្ចរបស់ CIA គឺការប្រមូលព័ត៌មាន សំរាំងព័ត៌មាន វិភាគព័ត៌មាន និងវាយតម្លៃ នូវព័ត៌មានសម្ងាត់ទាំងអស់ ដែលស៊ើបយកការណ៍បាន ! ។ ក្រោយមក CIA ក៏មានភារកិច្ច ធ្វើការជ្រៀតជ្រែត អន្តរាគមន៍ ចូលមកទីកន្លែង ដែលការងារការទូត ពុំអាចដោះស្រាយបញ្ហានេះបាន ហើយដែលសមត្ថកិច្ចរបស់យោធា ពុំអាចអនវត្តន៍ បាននៅទីនោះ !។
ក៏ប៉ុន្តែ CIA ក្រោយមកបានដើរហួសក្របខ័ណ្ឌ នៃដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការពុំបានប្រតិបត្តិនូវបទបញ្ជាអោយបានត្រឹមត្រូវតាមការកំណត់ របស់ប្រធានាធិបតី រហូតដល់មានហេតុការណ៍ខ្លះ CIA បានអត្តនោម័ត ក្នុងការអនុវត្តន៍នូវគោលនយោបាយ ក្រៅប្រទេស ដោយខ្លួនឯង ដូចជាការបង្កើត អោយមានអស្ថេរភាព ចលាចល និងការផ្តូលរំលំរដ្ឋាភិបាលបរទេស ជាច្រើនចាប់តាំងពី Allen Dulles ឡើងកាន់តំណែងធ្វើជានាយក CIA នាឆ្នាំ១៩៥៣ ក្នុងសម័យកាលសង្គ្រាមត្រជាក់កំពុងឡើង កំដៅយ៉ាងខ្ពស់នោះ ។ ពេលនោះ CIA បានបង្កើន សកម្មភាពប្រឆាំងទៅនិង រដ្ឋាភិបាលបរទេសណា ដែលមាននិន្នាការនយោបាយ មិនចុះសំរុង ទៅនឹងសហរដ្ឋអាមេរិក ដោយនយោបាយនេះ ត្រូវបានជំរុញ និងលើកកំពស់ ក្នុងការផ្តួលរំលំរដ្ឋាភិបាលទាំងអស់នេះ ឲ្យចេញពីអំណាចឲ្យបាន ! ។
នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ១៩៩៧ CIA បានប្រារព្ធទិវាខួបអនុស្សាវរីយ៍ ៥០ឆ្នាំ ដែលក្នុងឱកាសនេះ មានមនុស្សជាច្រើនដែលបានលាក់បំបាងមុខជាយូរឆ្នាំមកហើយតែថ្ងៃនេះ បានបង្ហាញមុខ ជាសាធារណៈ ដើម្បីអបអរសាទរ អង្កការ CIA ដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតី Truman ពេលដែលចាប់ផ្តើមមានសង្គ្រាមត្រជាក់មក ។ មនុស្សប្រមាណ ២០០០នាក់ ដែលត្រូវបានចាត់ទុកថា ជាជនឆ្នើម (Elite Men) បានចូលរួមក្នុងទិវានេះ ។ ពេលនោះប្រធានាធិបតី Bill Clinton បានថ្លែងថា “ខ្ញុំជាអតិថិជនដ៏ប្រចាំរបស់អស់លោកអ្នក ដូច្នេះ ក្នុងឋានៈជាអ្នកទិញទំនិញ ខ្ញុំអាចនិយាយបានថា អស់លោក គឺជាប្រភពជីវិត ក្នុងគោលនយោបាយការបរទេស របស់ខ្ញុំ ក្នុងគ្រប់កាលៈទេសៈ” ។
កត្តាសំខាន់ដែលនាំអោយ Bill Clinton និយាយយ៉ាងដូច្នេះ ដោយ George Tenet នាយកដ៏ក្មេងរបស់ CIA បានពន្យល់បកស្រាយជូនសេតវិមាន នាពេលថ្មីៗនោះថា “ការងាររបស់ CIA បច្ចុប្បន្ន កាន់តែមានចរិតវិទ្យាសាស្ត្រ បច្ចេកទេសខ្ពស់ ហើយការងារទាំងអស់ គ្មានអ្វីក្រៅអំពីបំរើអោយការងារចារកម្មស៊ើបយកការណ៍សម្ងាត់ លួចរាល់ព័ត៌មានសម្ងាត់ អុសទាញអោយមនុស្សមកបម្រើការងារសម្ងាត់ អោយកាន់តែច្រើន ស៊ីជំរៅនិងមានប្រសិទ្ធភាព ដែលជាហេតុបញ្ជាក់អោយឃើញថា អាមេរិក មានឧត្តមភាពផុតលេខ លើនរណាៗ ទាំងអស់ !។
ជារួម CIA មានមុខនៅគ្រប់ទិសទី តែក្នុងរូបភាពផ្សេងៗពីគ្នា តាំងពីនៅតាមចញ្ជើមថ្នល់ រហូតចូលមកក្នុងគ្រប់ក្រសួងមន្ទីរ និស្សិត បញ្ញាវន្ត អង្គការឯកជន ក្រុមហ៊ុននិងហ៊ារចូល ទៅក្នុងគ្រប់អង្គការសាសនា វត្តអារាម ព្រះវិហារកាតូលិក ល.ល ។ ជាការពិត ៥០ឆ្នាំកន្លងមក CIA បានក្តាប់បេះដូងរបស់ពិភពលោក ដោយឆ្លងតាមរយៈព្រឹត្តិការណ៍របស់ ប្រទេសនីមួយៗ និងរបស់សកលលោកទាំងមូល ហើយដែលបច្ចុប្បន្ននេះ CIA កាន់តែមានសកម្មភាព ដ៏កំរោលជាងមុន បន្ទាប់ពីការងើបឡើងដ៏មហិមារបស់ចិននិងភាពរឹងរុស មិនរាថយ របស់រុស្ស៊ីមក! ។
CIA ជាភ្នែក ត្រជៀករបស់អាណាចក្រលាក់មុខ មិនបង្ហាញខ្លួនមួយទៀត (Hidden Empire) ដែលមានថវិកាដ៏មហាសាល និងកូនជឹងប្រមាណ ២០០ ០០០នាក់ ដែលកំពុងតែធ្វើការនៅក្នុងទីងងឹត ក្នុងគ្រប់ទិសទីលើផែនដីនេះ ។
ទីណា កន្លែងណា ហេតុការណ៍អ្វី ដែលក្រសួងការបរទេស អាមេរិកយកការណ៍មិនបាន ក្រសួងការពារជាតិអាមេរិក លូកដៃមិនដល់ គឺសេតវិមានតែងតែប្រគល់ភារកិច្ចនេះអោយ CIA ស្វែងយល់ធ្វើបច្ចុប្បន្នភាពជំនួស ដូចករណីមានហេតុការណ៍ នៅ Serbia, Irak Yemen កូរ៉េខាងជើង ចិន រុស្ស៊ី Turkey Sudan Israel ។.ល។ គ្មានទីណាមួយលើពិភពលោកនេះ ដែលពុំមានផលប្រយោជន៍របស់អាមេរិកផ្សារភ្ជាប់នៅទីនោះឡើយ ! ហើយបើមានផលប្រយោជន៍ របស់អាមេរិកនៅទីនោះហើយ គឺច្បាស់ជាមានបាតដៃរបស់ CIA ដូចជា អង្កការសម្ងាត់ របស់អាមេរិក ទាំង១៥មានការពាក់ព័ន្ធ លូកដៃចូលទីនោះជាដាច់ខាត ! ។ ជារួមមហាជនបានត្រឹមតែដឹងនូវអ្វី ដែល CIA បរាជ័យ ឬជោគជ័យ ដែលត្រូវ Mass Media បង្ហើបឲ្យដឹងតាមការទាមទារ របស់អ្នកនេះ អ្នកនោះ ! តែក្រៅពីនេះ CIA មានរឿងអាស្រូវជាច្រើន ដែលកំពុងតែធ្វើហើយសាហាវ ឃោឃៅជាងនេះរាប់រយដង តែគ្មាននរណាបានដឹងឡើយ ! ។
មានការងារជាច្រើន ដែល CIA បានធ្វើហួសពីក្របខ័ណ្ឌក្បាលម៉ាស៊ីន និងក្រមប្រតិបត្តិរបស់អាមេរិក ដូចជាការលួចព័ត៌មានសម្ងាត់របស់ថ្នាក់ដឹកនាំប្រទេស ឃាតកម្ម រដ្ឋប្រហារ ល.ល ដែលការងារទាំងអស់នេះ ពោរពេញទៅដោយហានិភ័យខ្ពស់បំផុត ទាំងក្នុងទំនាក់ទំនងការងារ ទាំងក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ! ករណីដែលជាក់ស្តែងបំផុតនោះ គឺបញ្ហា Irak ! ព្រោះបើធ្វើតាមសហគមន៍អន្តរជាតិ គឺត្រូវប្រើវិធានការការទូត និងសម្ពាធសេដ្ឋកិច្ច មកលើរបប Saddam Hussein តែពេលនោះ សេតវិមានដោយមានការឯកភាពពី ព្រឹទ្ធសភា ក្នុងការបើកភ្លើងខៀវអោយ Bill Clinton នៅក្នុងឆ្នាំ១៩៩៦ បានបញ្ជាអោយ CIA ដឹកនាំជនជាតិ Kurdes ដែលរស់នៅភាគខាងជើងរបស់ Irakអោយងើបឡើងធ្វើការ ប៉ះបោរប្រឆាំងនិង Saddam Hussein ដើម្បីជាលេស នយោបាយមួយក្នុងការធ្វើឲ្យមានការប្រល័យពូជសាសន៍ ដើម្បីអាមេរិកមានទឡ្ហីករណ៍ក្នុងការទម្លាក់ Saddam !។ តែជាអកុសលលើកនេះ ផែនការCIA បានទទួលបរាជ័យ មិនខុសអីនិងការបរាជ័យឆ្នាំ១៩៦២ ពេលដែល Kennedy ចាត់បញ្ជូនពួកគុយបានិរទេសមកវាយរំដោះគុយបានៅ ឈូងសមុទ្រ Pig !។
ក្នុងផែនការប្រើប្រាស់ពួក Kurds អោយទម្លាក់ Saddam មិនបានជោគជ័យមក Bill Clinton បានបង្កើនសកម្មភាពចារកម្មគ្រប់បែបយ៉ាង ដើម្បីប្រឆាំងទៅនឹងរបប Saddam Hussein ដោយបានបញ្ជាអោយ CIA លួចបន្លំខ្លួនចូលទៅក្នុង ក្រុមត្រួតពិនិត្យ សព្វាវុធ UNSCOM ដែលពេលនោះ រាល់បទដ្ឋានអន្តរជាតិ ពុំត្រូវបានអាមេរិកយកចិត្តទុកដាក់ និង គោរពអ្វីទាំងអស់ ក្រៅអំពី សំណូមពរ ស៊ើបយកការសម្ងាត់ ពី Irak អោយបានជាដាច់ខាត់បម្រើឲ្យផលប្រយោជន៍ សម្រាប់ អាណាចក្រប្រេងកាតរបស់អាមេរិកតែមួយគត់ ! ។
តែក៏មានហេតុការណ៍កើតឡើងជាច្រើនផងដែរ ដោយមានសំណូមពរចង់បានព័ត៌មានសម្ងាត់ច្រើនពេក បានធ្វើអោយរដ្ឋការអាមេរិក អនុវត្តន៍ នូវគោលនយោបាយការបរទេស មិនសមស្របស៊ីចង្វាក់គ្នា ! ដូចករណី Kurdistan ជាឧទាហរណ៍ស្រាប់ ដោយដៃម្ខាង CIA បានចំណាយថវិកាយ៉ាងច្រើនដើម្បីចិញ្ចឹមជនជាតិ Kurds ប្រឆាំងទៅនឹងរបប Saddam Hussein ទន្ទឹមនេះ ដៃម្ខាងទៀត អាមេរិកប្រើប្រាស់ប្រព័ន្ធផ្កាយរណបNSAលួចស្តាប់និង តាមដាននូវសកម្មភាព ចលនា និងការចល័តរបស់ Abdullah Ocalanដែលជាមេដឹកនាំ របស់គណបក្សពលករ Kurdistan ដើម្បីជូនព័ត៌មានសម្ងាត់នេះ ដឹងអំពីទីតាំងនិងសកម្មភាពរបស់ Ocalan ទៅឲ្យអ្នកកាន់អំណាចរបស់ Turkey! ។
ដោយទទួលបានព័ត៌មានសម្ងាត់នេះហើយ ទើបអាជ្ញាធរ Ankara អាចចាប់ខ្លួន Ocalan បាន នៅ Kenya! ហើយដើម្បីសំដែងនូវការដឹងគុណចំពោះCIA ក្នុងការប្រាប់ទីតាំងរបស់មេក្លោង Ocalan នេះអាជ្ញាធរ Turkey បានសម្រេចបង្កើនសកម្មភាព និងសហការឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយCIA ក្នុងកិច្ចសហការស៊ើបយកការណ៍សម្ងាត់ និងជួយពួក Uyghur នៅក្នុងតំបន់ Xinjiangរបស់ចិន ! ដោយពុំ មានគោលនយោបាយ យុទ្ធសាស្រ្ត ណាមួយច្បាស់លាស់ ទើបជនជាតិ Kurds ដែលរស់នៅតំបន់ភាគខាងជើង របស់ IraK ដែលពេលខ្លះត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ហើយដែលពេលខ្លះត្រូវបានបោះបង់ចោល ទៅតាមសេចក្តីត្រូវការក្នុង បរិបទយុទ្ធសាស្ត្រនៃដំណាក់កាល នីមួយៗ របស់អ្នកកាន់អំណាចនៃសេតវិមាន ប៉ុណ្ណោះ ។
តែពុំមែនឲ្យតែព័ត៌មានCIAទាំងអស់ សុទ្ធតែសុក្រឹត្យត្រឹមត្រូវទាំងអស់នោះទេ ដូចករណីនៅ Sudan ពួក CIA បានឲ្យព័ត៌មានខុស នាំដល់ការសម្រេចរបស់សេតវិមានក្នុងការចេញ បញ្ជាឲ្យទម្លាក់គ្រាប់ បែក មកលើរោងចក្រផលិតឱសថ ដែលមុននេះ ពួកCIA បានជូនព័ត៌មានខុសថា រោងចក្រ នេះបាននិងកំពុងផលិតនូវអាវុធប្រល័យលោកទៅវិញ ! ហើយហេតុការណ៍ទម្លាក់គ្រាប់បែកលើកនេះ បាននាំដល់ការថ្កោលទោស ពីមជ្ឈដ្ឋានមហាជនពិភពលោក ចំពោះអំពើដ៏អមនុស្សធម៌នេះ ! ។
តាមការបង្ហើបឲ្យដឹងនាពេលថ្មីៗនេះ របស់ទស្សនាវដ្តី Newsweek ថា Bill Clinton បានអនុញ្ញតិ ឲ្យCIA ធ្វើសកម្មភាពបំពានមកលើពួកប្រទេសសម្ព័ន្ធមិត្ត នៅក្នុងប្លុកNaTo ដោយពួក CIA បាន ដំណើការសម្ងាត់ប្រឆាំងទៅនឹង Milosevic ប្រធានាធិបតី Serbia កន្លងមកដែលក្នុងសកម្មភាពទាំងនេះ រូមមានទាំងការវាយប្រហារមកលើប្រព័ន្ធកុំព្យូទ័រ សំដៅលួចមើលនិងថតចំលងនូវ Accounts របស់ក្រុមគ្រួសារ Milosevic ដែលបានលាក់លុយនៅតាមធនាគារនៅក្រៅប្រទេស ។ពួក Hackers មកពី NSAបានលួចចូលទៅ ក្នុងម៉ាស៊ីនរបស់ធនាគារទាំងឡាយ ដែលក្នុង នោះមានប្រទេសជាច្រើនជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលសកម្មភាពទាំងនេះ បានបំពានយ៉ាងកំរោលមកលើដែនអធិបតេយ្យភាព និងបូរណភាព របស់បណ្តាប្រទេសជាមិត្តនៅអឺរ៉ុប ! ។
អំពើអសកម្មរបស់អាមេរិក បានធ្វើឲ្យមានការបាត់បង់នូវជំនឿមកលើសម្ព័ន្ធភាពនៃការរក្សាការ សម្ងាត់របស់ធនាគារទាំងឡាយដែលជាហេតុបច្ច័យនាំឲ្យមាន ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរមក លើប្រព័ន្ធឥណទានរបស់ពិភពលោកទាំងមូល !
ទន្ទឹមនេះ ការសម្រេចវាយប្រហារមកលើ Serbia ក៏ជាសេចក្តីសម្រេចមួយ ដ៏ខុសឆ្គងរបស់អាមេរិកផងដែរ ដោយអ្នកកាន់អំណាចរបស់អាមេរិកបានអនុលោមទៅតាម របាយការណ៍សម្ងាត់ របស់ CIA ដែរ ការវាយតម្លៃខុសនេះហើយ ប៊ិះនាំទៅដល់ការប្រឈមមុខដាក់គ្នាជាសង្រ្គាម រវាងអាមេរិកនិង រុស្ស៊ី អាមេរិក និង ចិន នៅក្នុងតំបន់នេះ Balkan នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៩ នោះ! ៕
