មនុស្សមួយចំនួនតូចតែងចូលចិត្តចែករំលែកព័ត៌មានផ្ទាល់ខ្លួនឲ្យអ្នកដទៃបានដឹងនៅលើបណ្ដាញសង្គម ប៉ុន្តែមិនបានដឹងទេថា វាអាចបង្កជាបញ្ហាបាន។ ជាក់ស្ដែងដូចជាការបង្ហោះ រូបពី Boarding Pass (សំបុត្រសម្រាប់អនុញ្ញាតចូលក្នុងយន្តហោះ) ជាដើម។
វិបសាយសុវត្ថិភាព Krebs on Security បានធ្វើការបង្ហាញយ៉ាងលម្អិតថាតើបារកូដ ដែលមាននៅលើ Boarding Pass មានផ្ទុកនូវព័ត៌មានផ្ទាល់ខ្លួនជាច្រើន ហើយអ្នកណាក៏អាចមើលដឹងដែរពេលបានឃើញបារកូដនេះ។ គេអាចដឹងដោយមិនត្រូវការបច្ចេកទេសអ្វីខ្ពស់ទេ ពោលគឺត្រឹមតែកម្មវិធីដែលមានប្រើដោយឥតគិតថ្លៃមួយក៏អាចមើលដឹងព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សម្នាក់តាមរយៈកូដនេះដែរ។
វិបសាយសុវត្ថិភាពនេះបានឲ្យដឹងដែរថា បារកូដនៅលើ Boarding Pass អាចមានផ្ទុកនូវឈ្មោះអ្នកដំណើរ ទីតាំងដែលយន្តហោះហោះចេញ និងចុះចត ឈ្មោះជើងហោះហើរ រួមទាំងព័ត៌មានដទៃទៀត។ ការដែលអ្នកដទៃអាចមើលដឹងពីព័ត៌មានទាំងអស់នេះនឹងមិនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលគេអាចធ្វើជាមួយនឹងព័ត៌មានទាំងអស់នេះទើបជាបញ្ហា។
Krebs on Security បានបញ្ជាក់លម្អិតថា ជនខូចខិលអាចប្រើប្រាស់រូបភាពនៃ Boarding Pass នេះដើម្បីទទួលបានព័ត៌មានដែលត្រូវការសម្រាប់ចូលទៅក្នុងគណនី អ្នកដំណើររបស់វិបសាយក្រុមហ៊ុនអាកាសចរមួយបាន។ នៅពេលដែលគេអាចចូលទៅក្នុងគណនីបានហើយ គេនឹងអាចធ្វើការលុបចោលជើងហោះហើរ ផ្លាស់ប្ដូរពេលវេលាហោះហើរ ឬផ្លាស់ប្ដូរព័ត៌មានដែលទាក់ទងនឹងគណនីនោះបានដោយម្ចាស់គណនីមិនបានដឹងខ្លួន។
គួររំលឹកដែរថា ការចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនពេកនៅលើបណ្ដាញទំនាក់ទំនងសង្គមឬវិបសាយណាមួយគឺមិនមែនជារឿងល្អឡើយ ព្រោះបញ្ហាអាចនឹងកើតមានឡើងចំពោះអ្នកដោយមិនដឹងខ្លួន៕