អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អះអាងថា ភ្នាក់ងារស៊ើបអង្កេត (FBI) របស់អាមេរិក មានមោទនភាព ដែលមានទំនាក់ទំនងល្អនិងយូរអង្វែង ក្នុងភាពជាដៃគូជាមួយនគរបាលកម្ពុជា។
បើតាមអ្នកនាំពាក្យ អនុស្សារណៈយោគយល់គ្នានេះ ចងក្រងបាននូវកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់របស់កម្ពុជាលើបញ្ហាជាច្រើន ដោយក្នុងនោះ មាន ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ បទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និង ការចាប់ខ្លួនជនរត់គេចពីសំណាញ់ច្បាប់ ជាដើម។ អ្នកនាំពាក្យ សរសេរយ៉ាងដូច្នេះថា «អនុស្សារណៈនេះ ក៏ពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ FBI ក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំពារសិទ្ធិរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ»។
សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយបន្ថែមពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ ដោយសារតែលោក មិនលើកទូរសព្ទ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗថា ការចុះអនុស្សារណៈនេះ គឺសំដៅលើកិច្ចសហការជាមួយគ្នារវាងនគរបាលកម្ពុជា និង FBI។ លោក បញ្ជាក់បែបនេះថា «ខ្លឹមសារនៃអនុស្សារណៈ មានច្រើន ខ្ញុំ មិនអាចនិយាយឲ្យស៊ីជម្រៅ ថាស្អីខ្លះទេ»។
លោក នេត សាវឿន បានដឹកនាំគណៈប្រតិភូទៅអាមេរិក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ដើម្បីពិភាក្សាជាមួយ FIB។ មន្រ្តីកម្ពុជា អះអាងថា នគរបាលកម្ពុជា មានទំនាក់ទំនងជាមួយ FBI យូរហើយ តែវា ជាលើកទីមួយ ដែលស្ថាប័ននគរបាលនៃប្រទេសទាំងពីរ បានចុះអនុស្សារណៈជាមួយគ្នានាពេលនេះ៕
