ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៨ ខែមេសា បានប្រកាសបញ្ចូលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅក្នុងបញ្ជីអង្គភាពភេរវកររបស់ខ្លួន។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលអាមេរិកចាត់ទុកអង្គភាពរដ្ឋនៃប្រទេសមួយជាភេរវករបែបនេះ។ ជាអង្គភាពចំណុះកងទ័ពអ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍នេះ តែងជាមុខសញ្ញានៃពាក្យរិះគន់របស់អាមេរិកចំពោះតួនាទីក្នុងជម្លោះជាច្រើននៅមជ្ឈិមបូព៌ា។ ឆ្លើយតបចំណាត់ការអាមេរិក អ៊ីរ៉ង់ក៏បញ្ចូលទីបញ្ជាការយោធាអាមេរិកនៅមជ្ឈិមបូព៌ាក្នុងបញ្ជីភេរវកររបស់ខ្លួនវិញ។
ជារឿងមិនធ្លាប់មាន អាមេរិកចាត់ទុកស្ថាប័នមួយចំណុះរដ្ឋាភិបាលបរទេសជាអង្គការភេរវករ។ នៅថ្ងៃទី៨ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលជាអង្គភាពពិសេសនៃយោធាអ៊ីរ៉ង់ ជាអង្គការភេរវករ។ កន្លងមក អាមេរិកបានត្រឹមចាត់ទុកក្រុមឧទ្ទាមខ្លះ ឬក្រុមជ្រុលនិយមជាភេរវជនប៉ុណ្ណោះ មិនដល់ថ្នាក់បញ្ចូលអង្គភាពនៃប្រទេសមួយទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនបែបនេះឡើយ។
លោក ត្រាំ អះអាងថា ការសម្រេចចិត្តបែបនេះ ជាការទទួលស្គាល់ការពិតជុំវិញសកម្មភាពរបស់អ៊ីរ៉ង់ដែលមិនត្រឹមជារដ្ឋគាំទ្រភេរវកម្មឡើយ តែកម្លាំងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់ខ្លួនបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ហិរញ្ញវត្ថុ ក៏ដូចជាយកភេរវកម្មធ្វើជាឧបករណ៍បម្រើប្រយោជន៍ខ្លួនផង។ សម្រាប់លោក ត្រាំ អង្គភាពមួយនេះ ជាមធ្យោបាយរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ក្នុងការចាត់ចែង និងអនុវត្តគោលនយោបាយភេរវកម្មរបស់ខ្លួន។
តើកងឆ្មាំបដិវត្តន៍នេះជាអ្វី? ហេតុអ្វីអាមេរិកដាក់គោលដៅចំបែបនេះ?
កងឆ្មាំបដិវត្តន៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ភ្លាមៗក្រោយបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមដែលគាំទ្រដោយអាមេរិក។ គោលដៅដំបូង គឺការការពារបដិវត្តន៍តែម្ដង ព្រោះពេលនោះ មេដឹកនាំបដិវត្តន៍មិនទាន់ជឿជាក់លើកម្លាំងយោធាជាតិឡើយ។ យ៉ាងណាមិញ បេសកកម្មរបស់យោធាវិញ គឺការពារអធិបតេយ្យ និងឯករាជ្យរបស់ប្រទេស។ ដោយមានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមដឹកនាំប្រទេស កងឆ្មាំនេះមានឥទ្ធិពលខ្លាំងក្នុងប្រទេសទាំងនយោបាយ និងសេដ្ឋកិច្ច។
ដូចកងទ័ពជាតិដែរ ឆ្មាំបដិវត្តន៍នេះមានអង្គភាពចំណុះផ្ទាល់ខ្លួនមាន ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Force ។ អង្គភាពយោធាទាំងនេះ តែងធ្វើសមយុទ្ធយោធាពង្រឹងសមត្ថភាពរបស់ខ្លួនដោយឡែកពីកងទ័ពជាតិ ឬពេលខ្លះធ្វើរួមគ្នាតែម្ដង។ អ្វីគួរកត់សម្គាល់នោះ កម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍នេះ ថែមទាំងមានមីស៊ីលបាលីស្ទិកក្នុងឃ្លាំងរបស់ខ្លួនផ្ទាល់ទៀតផង។ ក្នុងឆ្នាំ២០០៩ ឆ្មាំបដិវត្តន៍ថែមទាំងបង្កើតអង្គភាពចារកម្មមួយចំណុះផ្ទាល់ដែលផ្ដោតលើការងារក្នុងស្រុក។
Qud Force ជាកម្លាំងស្នូលនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ដឹកនាំឧត្តមសេនីយ៍ទោ Qassem Suleimani កម្លាំង Qud Force នេះហើយដែលជាដើរតួនាទីសំខាន់ក្នុងការពង្រីកឥទ្ធិពលអ៊ីរ៉ង់ទៅក្នុងជម្លោះមិនចេះចប់នៅមជ្ឈិមបូព៌ា។ អង្គភាពមួយនេះ ត្រូវចាត់ទុកអង្គភាពល្អដាច់គេក្នុងយោធាអ៊ីរ៉ង់ទាំងមូល។ Qud Force បានធ្វើប្រតិបត្តិការនៅប្រទេសជាច្រើនដែលកំពុងមានសង្គ្រាម។ នៅស៊ីរី កម្លាំងពិសេសនេះគាំទ្ររដ្ឋាភិបាលក្រុងដាម៉ាស់ដើម្បីបន្តអំណាច ឯនៅយេម៉ែន ជួយក្រុមឧទ្ទាមហ៊ូធីដែលប្រយុទ្ធជាមួយកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។
ការបញ្ចូលកងឆ្មាំបដិវត្តន៍ទៅក្នុងបញ្ជីអង្គការភេរវករ ប្រៀបដូចជាការចាក់ចំបេះដូងរបស់រចនាសម្ព័ន្ធកាន់អំណាចនៅអ៊ីរ៉ង់ដូច្នោះដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានព្រមានធនាគារ និងក្រុមហ៊ុនទាំងអស់ពីផលវិបាកក្នុងការរកស៊ីជាមួយអង្គភាពនេះទៀតផង។
អ៊ីរ៉ង់ មិននៅស្ងៀមឡើយចំពោះទង្វើអាមេរិក។ ដោយធ្វើតាមអាមេរិក ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានប្រកាសចាត់ទុកអាមេរិកជារដ្ឋគាំទ្រភេរវករ ហើយកម្លាំងយោធាអាមេរិកនៃទីបញ្ជាការតំបន់កណ្ដាលទទួលបន្ទុកមជ្ឈិមបូព៌ា ជាអង្គការភេរវជនដែរ៕
